ជាច្រើនឆ្នាំកន្លង ពេលដំណាំអំពៅមិនអំណោយផលទៀត កសិករនៅកោះគូឡាវយុង ខេត្តសុកត្រាំង បានបង្វែរមកដាំដំណាំឈើហូបផ្លែវិញ ផ្ដល់ប្រសិទ្ធភាពខ្ពស់ រួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ពិសេសកសិករម្ចាស់ការស្តុកទឹកសាប អនុវត្តប្រព័ន្ធស្រោចស្រពប្រិតសំចៃទឹក ម្ល៉ោះហើយធានាបានប្រភពទឹកសាបស្រោចស្រពដល់ដំណាំឈើហូបផ្លែក្នុងរដូវរាំងស្ងួត និងជ្រាបទឹកប្រៃ។
អាស្រ័យវិនិយោគកម្រាលកៅស៊ូស្តុកទឹកនិងដំឡើងបំពង់ទុយោស្រោចស្រពប្រឹតសំចៃ ម្ល៉ោះហើយចម្ការមៀនត្រឹងវ៉ាន់ខាញ់ នៅកោះគូឡាវយុងនៅតែមានផ្លែកោងមែកក្នុងរដូវប្រាំងរាំងស្ងួត និងជ្រាបទឹកប្រៃ។
រដូវកាលដាំដុះឆ្នាំ២០១៩-២០២០ បងត្រឹងវ៉ាន់ខាញ់ នៅភូមិអាងឡាក ឃុំអាងថាញ់តី មានក្តីរីករាយយ៉ាងខ្លាំង ខណៈពេលដំណាំមៀន Edaw ជាង២ហិកតា បានដាំតាមបែបពង្រាយ រដូវផ្តល់ផលរាល់ថ្ងៃ។ បងខាញ់ ឱ្យដឹង៖ “អាស្រ័យអនុវត្តប្រព័ន្ធស្រោចស្រពប្រិតសំចៃទឹក ម្ល៉ោះហើយចម្ការឈើហូបផ្លែធានាមានទឹកគ្រប់គ្រាន់។ បច្ចុប្បន្ន មធ្យមភាគក្នុងមួយថ្ងៃប្រមូលផលមៀន Edaw បានពី៧០-១០០គីឡូក្រាម លក់តម្លៃពី១៨.០០០-២០.០០០ដុង/គីឡូក្រាម។ ជាមួយនឹងកម្រិតប្រាក់ចំណូលនេះ សឱ្យឃើញថា ខ្ញុំបង្វែរផ្ទៃដីដាំអំពៅមកដាំឈើហូបផ្លែមានប្រសិទ្ធភាព”។ តាមប្រសាសន៍បងខាញ់ ពីមុនគ្រួសារដាំអំពៅ។ លុះដល់ពេលប្រមូលផលម្តងៗ គឺតម្លៃអំពៅចុះថោក ពិបាករកកម្មករកាប់អំពៅមិនចំណេញ គ្រួសារប្រឈមនឹងការលំបាក។ ចាប់ពីបង្វែរមកដាំមៀន ដំបូងមានការលំបាកក្នុងការប្រមូលផលដែរ ប៉ុន្តែឥឡូវឈ្មួញចុះមកទិញដល់ចម្ការ។ ពិសេស អាស្រ័យម្ចាស់ការអនុវត្តបច្ចេកវិទ្យាស្រោចស្រពប្រិតសំចៃទឹកពីប្រព័ន្ធទឹកក្រោមដី និងស្តុកទឹកសាបក្នុងស្រះ ម្ល៉ោះហើយ ផ្ទៃដីដាំមៀនមិនរងផលប៉ះពាល់ដោយសារភាពរាំងស្ងួតនិងជ្រាបទឹកប្រៃ។
លោកត្រឹងវ៉ាន់ភុក នៅឃុំដាយអឹង១ ក៏បានបង្វែរពីផ្ទៃដីដាំអំពៅ១ហិកតា មកដាំមៀន និងជីកស្រះ១.០០០ម២ ដើម្បីស្តុកទឹកសាប គួបផ្សំនឹងការដំឡើងប្រព័ន្ធស្រោចស្រពប្រិតសំចៃទឹកដល់ដំណាំមៀន។ មកទល់ពេលនេះ ប្រព័ន្ធស្តុកទឹកសាប ស្រោចស្រពប្រិតសំចៃទឹកនេះកំពុងពង្រីកប្រសិទ្ធភាព មៀនកំពុងចេញផ្លែ។ លោកភុក ឱ្យដឹង៖ “ក្នុងស្ថានភាពរាំងស្ងួតនិងជ្រាបទឹកប្រៃ អនុវត្តបច្ចេកវិទ្យាស្រោចស្រពប្រិតសំចៃទឹក ដើម្បីប្រិតសំចៃទឹកជាអតិបរមាក្នុងផលិតកម្ម។ ទម្រង់ស្រះស្តុកទឹកក្នុងចម្ការឈើហូបផ្លែ និងប្រព័ន្ធស្រោចស្រពប្រិតសំចៃទឹកពិតជាមានប្រសិទ្ធភាពណាស់ ពេលរដូវភ្លៀងមានប្រភពទឹកសាបបរិបូណ៌ គឺបង្ហូតទឹកសាបស្តុកទុកដល់រដូវប្រាំង និងទឹកប្រៃជ្រាបចូល គឺបិទមក ស្តុកទឹកសាប ធានាដល់ការស្រោចស្រពចម្ការឈើហូបផ្លែ។ អាស្រ័យហេតុនោះ ដើមមៀនរបស់គ្រួសារខ្ញុំលូតលាស់ល្អ”។
បច្ចុប្បន្ន ខេត្តសុកត្រាំងមានចម្ការឈើហូបផ្លែជាង៣១.០០០ហិកតា ដោយដាំប្រភេទពូជសំខាន់ៗ ដូចជា មៀន ក្រូចថ្លុង ផ្លែទឹកដោះ។ល។ ប្រមូលផ្តុំនៅស្រុកកេសាច់ កោះគូឡាវយុង ឡុងភូ។ល។ ក្នុងនោះ ពូជមៀន Edaw បានអ្នកចម្ការនៅស្រុកត្រាំង ហៅឈ្មោះថា៖ មៀន Ido, Edor ឬមៀនថៃ។ល។ តាមប្រសាសន៍អ្នកចម្ការមៀន Edaw ផ្តល់ផ្លែធំ សាច់ក្រាស់គ្រាប់តូច រសជាតិផ្អែមឆ្ងាញ់ ដឹកជញ្ជូនឆ្ងាយមិនសូវខូចខាត។ មៀន Edaw ផ្តល់ទិន្នផលពី១៧ដល់១៨តោន/ហិកតា ចំពោះដើមមានអាយុកាលពី៧ឆ្នាំឡើងទៅ ផ្តល់ទិន្នផលជាង២៥តោន/ហិកតា។ តាមប្រសាសន៍ លោកង្វៀនវ៉ានឌឹក អនុប្រធានការិយាល័យ កសិកម្មស្រុកកោះគូឡាវយុង បើប្រៀបនឹងរដូវរាំងស្ងួត និងជ្រាបទឹកប្រៃ កាលពីឆ្នាំ២០១៦ ឃើញថាឆ្នាំនេះកម្រិតប្រៃនៅភូមិភាគខ្ពស់ជាងច្រើន ការប្រែប្រួលកាន់តែធ្ងន់ធ្ងរ។ បច្ចុប្បន្ន ការទាញយកផលប្រភពទឹកក្រោមដី និងអនុវត្តបច្ចេកវិទ្យាស្រោចស្រពប្រិតសំចៃទឹកបានល្អ ដើម្បីសង្គ្រោះដំណាំក្នុងរដូវប្រាំងរាំងស្ងួតនិងជ្រាបទឹកប្រៃ គឺជាការចាំបាច់និងមានប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ ស្រុកកំពុងធ្វើឱ្យសុក្រឹតប្រព័ន្ធធារាសាស្រ្តរាយរង ដើម្បីធានាប្រភពទឹកសាបបម្រើផលិតកម្មជូនកសិករ៕
យ្វីអាញ់-វិមាន