វិញឡុងជាខេត្តមួយក្នុងចំណោមខេត្តទាំងឡាយនៅវាលរាបទន្លេគឺវឡុង បានអនុវត្តប្រកបដោយប្រសិទ្ធភាពសេចក្ដីសម្រេចចិត្តលេខ៣៣/២០១៥/QĐ-TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ស្ដីពីគោលនយោបាយឧបត្ថម្ភលំនៅឋានជូនគ្រួសារក្រីក្រតាមបទដ្ឋានក្រ ដំណាក់កាល២០១១-២០១៥។
ក្មួយហ្វៀង ជួយម្ដាយជូតសម្អាតផ្ទះដែលទើបសង់ថ្មី។
តាមប្រសាសន៍លោកថាច់យឿង ប្រធានគណៈជនជាតិខេត្តវិញឡុង៖ ចាប់តាំងពីឆ្នាំ២០១៦-២០១៨ ខេត្តបានឧបត្ថម្ភលំនៅឋានជូនប្រជាជន១.៥៣៣គ្រួសារ។ តាមផែនការ ដំណាក់កាល២០១៩-២០២០ ខេត្តបន្តការឧបត្ថម្ភលំនៅឋានជូនប្រជាជន១.១០៦គ្រួសារទៀត។ ចំពោះជនរួមជាតិខ្មែរលើភូមិសាស្រ្ត ក្រៅពីគោលនយោបាយអាទិភាពដោយឡែកស្ដីពីឧបត្ថម្ភលំនៅឋាន ខេត្តនៅទាំងចលនាស្ថានីយទូរទស្សន៍វិញឡុង ធ្វើហិរញ្ញប្បទានថវិកាទាំង១០០%សម្រាប់សាងសង់ផ្ទះចំនួន១.៥៨៧ខ្នង និងធនាគារViettinBank បានសាងសង់ផ្ទះចំនួន២០ខ្នងជូនដល់គ្រួសារជនរួមជាតិភាគតិចដែលជួបលំបាកខាងលំនៅឋាន។ អាស្រ័យហេតុនោះ ជនរួមជាតិភាគតិចមានផ្ទះសម្បែងសមរម្យ និងប្រឹងប្រែងធ្វើការរកស៊ី ឈានឡើងចាកផុតភាពក្រីក្រ។
បងស្រីថាច់ធីច័ន្ទ នៅឃុំឡងមី ស្រុកតាមប៊ិញ មានក្តីរីករាយ ដ្បិតអី បានរដ្ឋឧបត្ថម្ភសង់ផ្ទះថ្មី។ បងស្រីឱ្យដឹង៖ "ផ្ដើមពីចំនួនទឹកប្រាក់ដែលស្ថានីយទូរទស្សន៍ខេត្តវិញឡុងឧបត្ថម្ភ ប្ដីប្រពន្ធខ្ញុំបានសន្សំសំចៃ រួមផ្សំនឹងសាច់ញាតិជួយបន្ថែម ទើបខ្ញុំសង់បានផ្ទះសមរម្យដូច្នោះ។ និយាយតាមពិត ប្រសិនបើគ្មានចំនួនទឹកប្រាក់ឧបត្ថម្ភនោះទេ ប្រហែលជាយើងខ្ញុំមិនទាន់ហ៊ានសង់ផ្ទះឡើយ"។ មានផ្ទះសម្បែងសមរម្យ ម្ល៉ោះហើយប្ដីប្រពន្ធបងច័ន្ទកាន់តែមានភាពជឿជាក់ ប្រឹងប្រែងឈានឡើងដើម្បីចាកផុតពីភាពក្រីក្រ។
ចំពោះគ្រួសារលោកវ៉វ៉ាន់ដើយ នៅឃុំតឹងមី ស្រុកត្រាអូង មានភាពរីករាយមិនខុសអំពីគ្រួសារបងថាច់ធីច័ន្ទនោះដែរ ខណៈពេលផ្ទះថ្មីបានសង់សម្រេច។ លោកវ៉វ៉ានដើយ ឱ្យដឹង៖ "ខ្ញុំធ្វើជាងសង់ផ្ទះរាប់សិបឆ្នាំកន្លង ប៉ងនឹងសង់ផ្ទះរបស់ខ្លួនឪ្យសមរម្យសម្រាប់រស់នៅដែរ ប៉ុន្តែមិនទាន់គ្រប់ប្រាក់សាងសង់។ ពេលរដ្ឋឧបត្ថម្ភទឹកប្រាក់ ប្ដីប្រពន្ធខ្ញុំព្រមទាំងកូនៗស្រុះស្រួលគ្នាសន្សំសំចៃ រួមជាមួយនឹងកម្លាំងពលកម្មរបស់គ្រួសារទាំងមូល ទើបអាចសង់សម្រេចផ្ទះនេះ។ នេះជាមូលដ្ឋានគ្រឹះសម្រាប់គ្រួសារខ្ញុំឈានឡើង។ លោកង៉ោវិញត្វឹង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងមី ឱ្យដឹង៖ ផ្ដើមពីប្រភពទុននានា រយៈពេលកន្លង ឃុំបានសាងសង់ផ្ទះជិត៥០០ខ្នងជូនជនរួមជាតិខ្មែរលើភូមិសាស្រ្ត។ អាស្រ័យហេតុនោះ មាមីងមានជីវភាពលំនឹង ប្រឹងប្រែងធ្វើការរកស៊ី។
លោកថាច់យឿង ចែករំលែកបន្ថែម៖ រយៈពេលកន្លង ខេត្តវិញឡុង មិនគ្រាន់តែផ្ដុំកម្លាំងគិតគូរដល់ជីវភាពជនរួមជាតិភាគតិចប៉ុណ្ណោះទេ នៅទាំងអនុវត្តប្រកបដោយប្រសិទ្ធភាពគោលនយោបាយឧបត្ថម្ភពិសេសដោយឡែករបស់រដ្ឋសម្រាប់ជនរួមជាតិភាគតិច និងការគួបផ្សំកម្មវិធី គម្រោងរួមរបស់ខេត្តទៀតផង ម្ល៉ោះហើយអត្រាគ្រួសារជនរួមជាតិភាគតិចក្រីក្រ ថយចុះជាមធ្យមភាគរៀងរាល់ឆ្នាំជាង៣%៕
ហាថាញ - ថាច់ធី