លោកគ្រូលីហ្វាងថុង នាយកសាលាមធ្យមសិក្សាមូលដ្ឋានជនជាតិអន្តេវាសិកមីស្វៀង ខេត្តសុកត្រាំង តែងប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីកសាងផ្ទៃក្នុងសាមគ្គី រឹងមាំ និងគុណភាពរៀនសូត្រសម្រេចលទ្ធផលល្អ។ អាស្រ័យហេតុនោះ សាលាមធ្យមសិក្សាមូលដ្ឋានជនជាតិអន្តេវាសិកមីស្វៀង បានទទួលស្គាល់សម្រេចបទដ្ឋានជាតិ។
អ្នកគ្រូឡឹមថាញ់វី គ្រូបង្រៀនសាលាមធ្យមសិក្សាមូលដ្ឋានជនជាតិអន្តេវាសិកមីស្វៀង ឱ្យដឹង៖ លោកគ្រូថុង មានបទពិសោធន៍ក្នុងការងារគ្រប់គ្រង បង្កើតបរិស្ថានធ្វើការជិតស្និទ្ធ គិតគូរពីប្រយោជន៍រួម គុណភាពបណ្តុះបណ្តាលជាធំ ម្ល៉ោះហើយទាំងគ្រូបង្រៀននិងសិស្សានុសិស្សមានការគោរពស្រឡាញ់។ លោកគ្រូមានការយកចិត្តទុកដាក់និងបង្កលក្ខណៈជូនគ្រូបង្រៀនរៀនសូត្របង្កើនកម្រិតវិជ្ជាជីវៈ។ អាស្រ័យហេតុនោះ បានជាសព្វថ្ងៃ កម្រិតវិជ្ជាគ្រូបង្រៀនរបស់សាលាសម្រេចតាមបទដ្ឋាននិងលើសបទដ្ឋាន។ ជាពិសេស លោកគ្រូតែងយកចិត្តទុកដាក់ស្ដាប់យោបល់រួមចំណែករបស់មិត្តរួមអាជីព ដើម្បីរួមគ្នាអនុវត្តល្អភារកិច្ច។ ច្រើនឆ្នាំមកនេះ គុណភាពអប់រំរបស់សាលាតែងសម្រេចខ្ពស់និងចំនួនសិស្សសម្រេចកិត្តិនាមសិស្សរៀនពូកែថ្នាក់ស្រុក ថ្នាក់ខេត្តកើនឡើងជាលំដាប់រៀងរាល់ឆ្នាំ"។
ឆ្នាំ២០០១ លោកគ្រូថុង បានបញ្ចប់បរិញ្ញាបត្រគរុកោសល្យ រួចបានចាត់មកបង្រៀននៅសាលាមធ្យមសិក្សាមូលដ្ឋានជនជាតិអន្តេវាសិកមីស្វៀង ទទួលបន្ទុកវិញ្ញាសាជីវវិទ្យា។ លោកគ្រូជាគ្រូបង្រៀនខ្មែរវ័យក្មេង មានភាពស្វាហាប់និងខ្នះខ្នែងចូលរួមរាល់សកម្មភាពរបស់សាលា ម្ល៉ោះហើយត្រូវបានប្រគល់ភារកិច្ចជាលេខាសម្ព័ន្ធយុវជនរបស់សាលា។ លោកគ្រូ តែងបង្កើតចលនាសិល្បៈ កីឡាដើម្បីទាក់ទាញសិស្សចូលរួម។ ព្រមជាមួយនោះ ជួយណែនាំបង្រៀនបន្ថែមដល់សិស្សានុសិស្សដែលរៀនខ្សោយ។ លោកគ្រូថុង ឱ្យដឹង៖ "សិស្សានុសិស្សភាគច្រើនគឺជនជាតិខ្មែរនៅតំបន់ឆ្ងាយដាច់ស្រយាល និងជាលើកដំបូងមករៀនរស់នៅឆ្ងាយពីផ្ទះ ម្ល៉ោះហើយខ្ញុំត្រូវមានការយកចិត្តទុកដាក់ណែនាំប្អូនៗ។ ព្រោះហេតុដូច្នោះ ពេលចូលបង្ហាត់បង្រៀន ខ្ញុំតែងរកវិធានការបង្ហាត់បង្រៀនសមស្រប ជួនកាលនិយាយពន្យល់ទាំងភាសាវៀត ភាសាខ្មែរ ដើម្បីប្អូនៗងាយយល់និងក្ដាប់ខ្លឹមសារមេរៀនបានល្អ។ ចំណែកម៉ោងចេញរៀននៅពេលរសៀល ខ្ញុំតែងចាត់ឱ្យប្អូនៗលេងកីឡាកម្សាន្ត បង្ហាត់ឱ្យប្អូនៗសន្ទនាភាសាវៀត និងលើកទឹកចិត្តប្អូនៗហ៊ានបញ្ចេញយោបល់ក្នុងថ្នាក់រៀន"។
ឆ្នាំ២០០៨ លោកគ្រូថុង បានតែងតាំងជានាយករង និងឆ្នាំ២០១០ បានរ៉ាប់រងជានាយកសាលារហូតមកទល់សព្វថ្ងៃ។ លោកគ្រូថុង បានចែករំលែក៖ “ក្នុងកិច្ចប្រជុំប្រឹក្សាជំនាញវិជ្ជាជីវៈ ខ្ញុំតែងស្ដាប់យោបល់រួមចំណែករបស់គ្រូបង្រៀនក្នុងសាលា និងលើកកម្ពស់វិធានការបង្ហាត់បង្រៀនប្រកបដោយគុណភាព និងសមស្របជាមួយកម្រិតវិជ្ជាសិស្សដែលគ្រូបង្រៀនដាក់ចេញ។ ទន្ទឹមនឹងនោះ ចលនាគ្រូបង្រៀនចូលរួមប្រឡងប្រណាំងគ្រូបង្រៀនពូកែថ្នាក់សាលា ថ្នាក់ស្រុកនិងខេត្ត។ ចាត់តាំងជ្រើសរើសសិស្សរៀនពូកែដើម្បីបំពាក់បំប៉នទៅប្រឡងសិស្សរៀនពូកែ ម្ល៉ោះហើយគុណភាពរៀនសូត្រកាន់តែបានលើកកម្ពស់។ ច្រើនឆ្នាំមកនេះ អត្រាសិស្សប្រឡងឡើងថ្នាក់និងបញ្ចប់កម្រិតសិក្សាថ្នាក់ទី៩សម្រេច១០០%។ អាស្រ័យហេតុនោះ ក្រោយរយៈពេលជាង២០ឆ្នាំខិតខំ សាលាទើបបានទទួលស្គាល់ជាសាលាសម្រេចបទដ្ឋានជាតិ"៕
យ្វីអាញ់ - ថាច់ធី