អាណត្តិកាល២០១៩-២០២២ បងស៊ើងធីថាញ់ហឿង អនុប្រធានគណៈកម្មការប្រជាជនភូមិង្វៀកឡាងA (ភូមិកន្លែងសេះ) ឃុំប៊ិញភូ ស្រុកកាងឡុង ខេត្តត្រាវិញ បានប្រជាជនទំនុកចិត្ត បោះឆ្នោតកាន់ដំណែងជាប្រធានភូមិ។
បងស្រីស៊ើងធីថាញ់ហឿង កំពុងពិភាក្សាយោបល់ជាមួយនឹងកម្មាភិបាលឃុំ។
បងហឿង ជានារីជនជាតិខ្មែរ កើតនិងធំដឹងក្ដីនៅភូមិង្វៀកឡាងA ដែលជាភូមិមួយនៅលំបាកច្រើន។ ឆ្នាំ២០១៧ បងហឿងបានរៀបការហើយទៅរស់នៅខាងប្ដី។ ថ្វីបើជីវភាពរកស៊ីនៅមានការលំបាក មួយថ្ងៃៗរវល់តែការងារស្រែចំការក៏ពិតមែន ប៉ុន្តែប្ដីប្រពន្ធបងហឿងនៅតែមិនរួញរា ទ្រាំការលំបាកថែរក្សាផ្ទៃដីផលិតស្រូវ១ហិកតារបស់គ្រួសារ ម្ល៉ោះហើយរកបានប្រាក់ចំណូលលំនឹងជីវភាព។ ក្រៅពីនោះ ប្ដីបងហឿងថែមទាំងឆ្លៀតធ្វើកម្មករសំណង់ ក្នុងមួយថ្ងៃរកបានប្រាក់ណូលពី១៥០.០០០ដល់២០០.០០០ដុងទៀតផង។ ដោយសារគ្រួសារមានប្រភពចំណូលលំនឹង ម្ល៉ោះហើយបងហឿងក៏លំនឹងចិត្តចូលរួមអនុវត្តល្អរាល់ការងារក្នុងភូមិ។
បងស៊ើងធីថាញ់ហឿង ឱ្យដឹង៖ "ចាប់តាំងពីឆ្នាំ២០១០ ដល់២០១៧ កាលនៅជាប្រធានសាខាសមាគមនារីភូមិ ខ្ញុំបង្កើតបានទម្រង់ជាច្រើនជួយដល់បងប្អូននារីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ មានដូច៖ ប្រិតសំចៃឥណទាន រួមទុនបង្វិលជុំ ឧបត្ថម្ភថ្លៃឈ្នួលពលកម្ម។ល។" អាណត្តិកាល២០១៧-២០១៩ បងស្រីបានប្តូរមកធ្វើជាអនុប្រធានគណៈកម្មការភូមិង្វៀកឡាងA។ ជានារីជនជាតិខ្មែរខ្នះខ្នែងជិតដិត របៀបរស់នៅសាមញ្ញ ស្រុះស្រួលជាមួយអ្នករាល់គ្នា ម្ល៉ោះហើយបងស្រីទទួលបានការរាប់អានពីសំណាក់ប្រជាជនក្នុងភូមិ។ ដោយសារភូមិង្វៀកឡាងA ជាភូមិក្រីក្រមួយក្នុងចំណោមភូមិក្រីក្រទាំងឡាយ ម្ល៉ោះហើយអាណត្តិកាល២០១៧-២០១៩ បងស្រីហឿង បានចលនាសប្បុរសជនជូនអំណោយ៨៥៧ចំណែក សរុបតម្លៃទឹកប្រាក់១០៥លានដុង ឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ ចលនាកសាងផ្ទះមេត្តាធម៌ ផ្ទះមហាសាមគ្គី១២ខ្នង សរុបតម្លៃទឹកប្រាក់៣០០លានដុង។ ក្នុងឆ្នាំ២០១៩ ជាមួយតួនាទីជាអនុប្រធានគណៈកម្មការប្រជាជនភូមិ បងស្រីរួមជាមួយនឹងសាខាបក្សចលនាកសាងស្ពានជនបទ១ខ្សែ តម្លៃ១៥០លានដុង។
លោកង្វៀនថាញ់ភឿង ប្រធានគណៈកម្មាធិការប្រជាជនឃុំប៊ិញភូ វាយតម្លៃ៖ "បងស៊ើងធីថាញ់ហឿង ជានារីឃ្មាតខ្មី ខ្នះខ្នែង តែងខិតខំប្រឹងប្រែងអនុវត្តសម្រេចការងារបានប្រគល់ជូន។ បងស្រីបានរួមចំណែកធ្វើឱ្យផ្លាស់ប្ដូរមុខមាត់ជនបទរបស់ភូមិ សេដ្ឋកិច្ចប្រជាជនរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ជីវភាពសម្ភារៈ ស្មារតីរបស់ប្រជាជនបានលើកកម្ពស់"៕
ស៊ើងម៉ាល័យ - ថាច់ធី