07/05/2019 - 09:26

ព្រួតដៃរក្សាវប្បធម៌របស់ជនជាតិ

ជាច្រើនឆ្នាំមកនេះ ឆ្លងតាមរយៈការសម្ដែងសិល្បៈ ឃើញថាក្លឹបសិល្បៈរបស់ វត្តព្រះបួនព្រះភ័ក្ត្រ ឃុំភូតឹង ស្រុកចូវថាញ់ ខេត្តសុកត្រាំង បានឆ្លើយតបនឹងតម្រូវការទទួលផលវប្បធម៌សិល្បៈរបស់ប្រជាជននៅភូមិភាគ។

ក្រុមភ្លេងពិណពាទ្យរបស់ក្លឹបសិល្បៈវត្តព្រះបួនព្រះភ័ក្រ្តប្រគំក្នុងឱកាសថ្ងៃបុណ្យ។

ក្លឹបសិល្បៈរបស់វត្តព្រះបួនព្រះភ័ក្ត្រ បានបង្កើតនៅឆ្នាំ ២០១៧ ដោយសមាជិកជាក្រុមភ្លេងពិណពាទ្យនិងក្រុមរបាំទាំងអស់២៩នាក់។ បងស្រីសើុងធីយ៉េវ អនុប្រធានក្លឹប ឲ្យដឹង៖ “មុននេះ១០ឆ្នាំ ក៏មានក្លឹបសិល្បៈនៅវត្តព្រះបួនព្រះភ័ក្ត្រដែរ ប៉ុន្តែអាស្រ័យមូលហេតុផ្សេងៗ ក្លឹបក៏ត្រូវរំសាយវិញ ហើយបងប្អូនក្នុងក្លឹបទៅធ្វើការរកស៊ីនៅស្រុកឆ្ងាយ ដើម្បីគិតគូរជីវភាពគ្រួសារ។ នាងខ្ញុំស្រឡាញ់ចូលចិត្តវប្បធម៌តាំងពីតូច ហើយមិនចង់ឲ្យបាត់បង់តម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិ ទើបនាងខ្ញុំចលនាបងប្អូនចូលរួមក្នុងក្លឹបសិល្បៈនេះ។ សព្វថ្ងៃ ក្លឹបដំណើរការយ៉ាងរលូន និងបានចូលរួមប្រឡងទទួលបានរង្វាន់ខ្ពស់ៗជាច្រើនក្នុងពិធីប្រឡង សមោសរសិល្បៈនៅតាមស្រុក ខេត្ត និងក្នុងតំបន់”។

 អាស្រ័យការស្រឡាញចូលចិត្តសិល្បៈ និងបាន”បណ្ដុះបណ្ដាល”តាំងពីតូច បច្ចុប្បន្ន សើុងធីយ៉េវ ស្ទាត់ជំនាញក្នុងការច្រៀងរាំ មិនខុសពីអ្នកសិល្បៈជំនាញមួយរូបទេ។ ហេតុនេះនៅពេលក្លឹបបានដំណើរការឡើងវិញ បងស្រីយ៉េវ ជាអ្នកជំហរ បង្ហាត់បង្ហាញសមាជិកក្នុងក្លឹប។ សព្វថ្ងៃ ក្នុងពិធីប្រឡង សមោសរសិល្បៈម្ដងៗ ក្លឹបសិល្បៈវត្តព្រះបួនព្រះភ័ក្ត្រ បានស្រុកចូវ ថាញ់ជម្រើសតំណាងឲ្យស្រុកទៅចូលរួមសម្ដែងនៅថ្នាក់ខេត្ត។ ជាក់ស្ដែងឆ្នាំ២០១៨ ក្លឹបសិល្បៈវត្តព្រះបួនព្រះភ័ក្រ្តជាប់លេខ៣នាឱកាសចូលរួមសម្ដែងក្នុងសមោសរសិល្បៈចម្រៀងប្រជាប្រិយខ្មែរតំបន់វាលរាបទន្លេគឺវឡុង លើកទី១នៅខេត្តសុកត្រាំង។ បងឡាហ្វាងវិញ សមាជិកក្លឹប ឲ្យដឹង៖ “ភាគច្រើនសមាជិកក្នុងក្លឹប គឺជាកម្មករ ម្ល៉ោះហើយនៅពេលមានឱកាសចូលរួមសម្ដែង បម្រើក្នុងថ្ងៃបុណ្យទាន ឬចូលរួមពិធីប្រឡង ទើបក្លឹបកោះហៅ សមាជិក​​​​​ មកហាត់សមនៅពេលយប់។ ចំពោះបទចម្រៀង របាំ និងចង្វាក់រាំជាដើម គឺបងស្រីយ៉េវ ជាអ្នកបង្ហាត់។ ក្លឹបសម្ដែង ក្នុងវត្ត និងនៅតាមភូមិស្រុក សំខាន់គឺដើម្បីកំដរកម្សាន្តសប្បាយ ប៉ុន្តែពួកប្អូនចូលចិត្តនិងមានមោទនភាពណាស់ ពីព្រោះយល់ថាបានរួមចំណែកក្នុងការរក្សាតម្លៃវប្បធម៌ប្រពៃណីដ៏ផូរផង់ របស់ជនជាតិ”។ បងគឹមទុំ  ប្រធានក្រុមភ្លេងពិណពាទ្យរបស់ក្លឹប ឲ្យដឹង៖ “ខ្ញុំចេះលេងភ្លេងពិណពាទ្យ ក៏ដោយសារបានចូល រួមក្នុងក្លឹបសិល្បៈវត្តព្រះបួនព្រះភ័ក្រ្ត។ ឥឡូវនេះ ខ្ញុំស្ម័គ្រចិត្ត ជួយបង្ហាត់ដល់ប្អូនៗក្នុងក្រុមភ្លេង ដើម្បីរួមគ្នាបម្រើជូនមាមីងជនរួមជាតិខ្មែរពេលមានតម្រូវការម្ដងៗ។ ភាគច្រើនប្អូនៗក្នុង ក្រុមភ្លេង គ្មានការងារធ្វើ គ្រួសារក្រីក្រ និងអាយុនៅក្មេង។ ជាច្រើនឆ្នាំមកនេះ ក្រុមភ្លេងពិណពាទ្យតែងទៅសម្ដែងបម្រើជូនមាមីងខ្មែរនៅគ្រប់ទិសទីក្នុងខេត្ត ដូចជា បុណ្យពុទ្ធាភិសេក បុណ្យសព បុណ្យកឋិនទានជាដើម  ម្ល៉ោះហើយក៏ជួយដល់ ប្អូនៗរកបានប្រាក់ចំណូល”។

 បងស្រីសុើងធីយ៉េវ ឲ្យដឹងបន្ថែមៈ “វង់ភ្លេងពិណពាទ្យ សម្លៀកបំពាក់ និងគ្រឿងអលង្ការសម្រាប់បម្រើក្លឹបសិល្បៈវត្តព្រះបួនព្រះភ័ក្រ្ត គឺព្រះចៅអធិការវត្ត ថាច់បន ព្រះអង្គគិតគូរឲ្យ ទាំងអស់ ម្ល៉ោះហើយទើបក្លឹបមានឱកាសដំណើរការទៅរួច។ អាស្រ័យហេតុនេះ ក្លឹបនឹងនាំយកបទភ្លេងទំនុកច្រៀង ចង្វាក់រាំដើម្បីបម្រើជូនតម្រូវការវប្បធម៌សិល្បៈរបស់មាមីងខ្មែរ។ ចាប់ ពីពេលមានការសម្ដែងសិល្បៈរបស់ក្លឹបសិល្បៈវត្តព្រះបួនព្រះភ័ក្រ្ត ឃើញថាបរិយាកាសនៃថ្ងៃបុណ្យសែនដូនតា បុណ្យចូលឆ្នាំថ្មី បុណ្យកឋិនទាន។ល។ នៅវត្តព្រះបួនព្រះភ័ក្រ្តមានភាពគគ្រឹកគគ្រេងនិងកាន់តែសប្បាយរីករាយ។ មិនតែប៉ុណ្ណោះ តាមរយៈទំនុកច្រៀង ចង្វាក់រាំ និងសូរស័ព្ទតន្រ្តីរងំរណ្ដំនេះ ក្លឹបសិល្បៈវត្តព្រះបួនព្រះភ័ក្រ្ត បានព្រួតដៃគ្នាក្នុងការរក្សានិងពង្រីក អត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរណាមបូផងដែរ៕

លីធាន -ពេជ្រសឿន

ចែករំលែកអត្ថបទ