រយៈពេលកន្លង ភូមិភាគនានានៅតំបន់វាលរាបទន្លេគឺវឡុង បានផ្តុំកម្លាំងអភិវឌ្ឍន៍តំបន់មានជនរួមជាតិភាគតិចរស់នៅកុះករ។ ក្នុងនោះ ក៏បានពន្លឿនការអនុវត្តបទបញ្ជាលេខ១៩-CT/TW ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ របស់គណៈលេខា ស្តីពីបង្កើនការងារនៅតំបន់ជនរួមជាតិខ្មែរក្នុងស្ថានភាពថ្មី។ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរឆ្នាំ២០១៩ លោកស្រី ហ្វិញធីសុមាលី នាយិកានៃនាយកដ្ឋានភូមិភាគIII គណៈកម្មាធិការជនជាតិ បានឆ្លើយបទសម្ភាសន៍ជាមួយអ្នក យកព័ត៌មានកាសែតកឹងធើភាសាខ្មែរ ស្តីពីការវិវឌ្ឍន៍គួរជាទីមោទនៈក្នុងតំបន់មានជនរួមជាតិភាគតិចរស់នៅកុះករនៅវាលរាបទន្លេគឺវឡុង។
* ជម្រាបលោកស្រី ! សូមលោកស្រីឲ្យដឹងអំពីគោលនយោបាយអនុគ្រោះដោយឡែករបស់រដ្ឋសម្រាប់ជនរួមជាតិភាគតិចនៅវាលរាបទន្លេគឺវឡុង បានពង្រីកនូវប្រសិទ្ធភាពយ៉ាង ណាខ្លះបាទ?
- តាមការសង្កេត ទន្ទឹមនឹងគោលនយោបាយរួម ឃើញថាការផ្សព្វផ្សាយអនុវត្តគោលការណ៍របស់បក្សនិងរដ្ឋ ស្តីពីការងារជនជាតិ គោលនយោបាយជនជាតិ គោលនយោបាយដោយឡែកសម្រាប់ជនជាតិខ្មែរ ចិន ចាម រយៈពេលកន្លង សម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។ ក្នុងនោះ អនុវត្តបទបញ្ជាលេខ១៩-CT/TW ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨របស់គណៈលេខា ស្តីពីបង្កើនការងារនៅតំបន់ជនរួមជាតិខ្មែរក្នុងស្ថានភាពថ្មី គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ក្នុងតំបន់ បានកសាងផែនការកម្មវិធី ធ្វើឲ្យជាក់ស្តែងតាមទិសដៅដាក់បញ្ចូលក្នុងសេចក្តីសម្រេចចិត្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច ធានាការពារប្រទេស-សន្តិសុខក្នុងតំបន់ ដោយមានការចូលរួមយ៉ាងសកម្ម របស់អង្គការនយោបាយ អង្គការនយោបាយ-សង្គម មួយអន្លើដោយមហាជននិងប្រជាជនច្រើនកុះករ។ ផ្តើមពីនោះ ឃើញថាជីវភាពរបស់ប្រជាជនក្នុងតំបន់មានការកែលម្អយ៉ាងច្បាស់។ ពិសេសគឺហេដ្ឋារចនាសម្ព័ន្ធតំបន់ជនជាតិ មានការអភិវឌ្ឍឆាប់រហ័ស រចនាសម្ព័ន្ធសេដ្ឋកិច្ចបានបង្វែរចំទិសផងដែរ។ ពិសេសមានកន្លែងជាច្រើន បង្កើតបានទម្រង់រកស៊ីសមូហភាព មានគ្រួសារជនជាតិភាគតិចធ្វើសេដ្ឋកិច្ចពូកែ បង្កបង្កើនផលប្រកបដោយប្រសិទ្ធភាព។ មានជនរួមជាតិមួយចំនួនប្រកបរបរកសិកម្មនៅភូមិភាគ ឯពលករជនជាតិភាគតិចមួយចំនួនទៀតបានរស់នៅនិងធ្វើការនៅតាមមណ្ឌលក្រុង មណ្ឌលឧស្សាហកម្ម ឬទៅពលកម្មនៅប្រទេសក្រៅ ក៏បានរួមចំណែកបង្កើនប្រាក់ចំណូលដល់គ្រួសារផងដែរ។ អត្រាគ្រួសារក្រីក្រតំបន់ជនជាតិ នៅតាមខេត្ត ក្រុងកាត់បន្ថយពី៣-៥%/ឆ្នាំ ក្នុងនោះ តំបន់ជនជាតិខ្មែរកាត់បន្ថយជាង៣០%នៅឆ្នាំ២០១០ ថយចុះនៅ ១៦,៥%នៅឆ្នាំ២០១៨ អត្រាគ្រួសារមានមធ្យោបាយសោតទស្សន៍សម្រេចពី៩៨-១០០% អត្រាគ្រួសារមានអគ្គិសនីប្រើ ប្រាស់សម្រេចពី៩៧%ឡើងទៅ និងអត្រាគ្រួសារមានទឹកស្អាតប្រើប្រាស់សម្រេចជាង៨០% (មានកន្លែងខ្លះជាង៩០%)។
* តើលោកស្រីវាយតម្លៃយ៉ាងណាខ្លះ ចំពោះការងារអប់រំនិងគុណភាពប្រភពធនធានមនុស្សតំបន់ជនរួមជាតិភាគតិចនាពេលបច្ចុប្បន្ននេះ បាទ?
- ការងារអប់រំនិងបណ្តុះបណ្តាល បង្រៀនវិជ្ជាជីវៈតំបន់ជនជាតិ ត្រូវបានគណៈកម្មាធិការបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផ្តោតការយកចិត្តទុកដាក់អនុវត្ត រីឯប្រព័ន្ធអប់រំ ក៏បានអភិវឌ្ឍចុះដល់ឃុំ ភូមិដើម្បីឆ្លើយតបនឹងតម្រូវការរៀនសូត្ររបស់កូនចៅជនរួមជាតិ។ ទន្ទឹមនឹងនោះ មានដំណោះស្រាយជាច្រើនដើម្បីលើកកម្ពស់គុណភាពអប់រំ ក៏ត្រូវបានផ្សព្វផ្សាយជាហូរហែ។ ពិសេសគឺអត្រាកៀរគរសិស្សគម្រប់អាយុចូលរៀននៅគ្រប់កម្រិតក៏កើនឡើងបន្តិចម្តងៗ បច្ចុប្បន្ន មានសិស្សជនជាតិភាគតិច រៀននៅគ្រប់កម្រិតសិក្សាជាង២៤២.០០០នាក់។ មានសាលាចំណេះទូទៅជនជាតិអន្តេវាសិកប្រមាណ៣៤សាលា មានសិស្សចំនួន៩.៦៣៤នាក់ ស្រូបអត្រា១០,៦៥% បើប្រៀបធៀបនឹងចំនួនសិស្សជនជាតិភាគតិចទាំងអស់កម្រិតមធ្យមសិក្សា។ រៀងរាល់ឆ្នាំ ទូទាំងតំបន់មានសិស្សចូលរៀនប្រមាណ៥.០០០នាក់។ គុណភាពរៀនសូត្ររបស់សិស្សជនជាតិភាគតិចបានល្អបង្គួរនិងមានភាពលំនឹង អត្រាសិស្សរៀនបញ្ចប់កម្មសិក្សាមធ្យមសិក្សាចំណេះទូទៅច្រើនឆ្នាំ កន្លងសម្រេចលទ្ធផលខ្ពស់។ បច្ចុប្បន្ន មានសិស្ស និស្សិតជាង៤.០០០នាក់រៀននៅមហាវិទ្យាល័យ អនុមហាវិទ្យាល័យ និងនៅតាមកម្រិតមធ្យមសិក្សាវិជ្ជាជីវៈ ហើយអត្រានេះកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ពិសេសគឺរបបជម្រើសតាំងសិស្ស ក៏ត្រូវបានរដ្ឋអំណាចភូមិភាគអនុវត្តមកទល់ពេលនេះ មានសិស្សដែលបានជម្រើសតាំងជាង១.០០៤នាក់។
ការបង្រៀននិងរៀនភាសាជនជាតិ ពិនិត្យរួមត្រូវបានអនុវត្តល្អ គុណភាពបង្រៀននិងរៀនជាសន្សឹមៗត្រូវបានកើនឡើងជាលំដាប់។ លើភូមិសាស្រ្តមានខេត្ត ក្រុង៩/៩ បានរៀបចំបង្រៀនភាសាជនជាតិជាង៣៥៨សាលា ដោយមាន២.៩៦៣បន្ទប់ មានសិស្សប្រមាណ៦៩.៦៩៥នាក់។ ម្យ៉ាងទៀត ខេត្ត ក្រុងស្ទើរតែទាំងអស់ដែលមានជនរួមជាតិខ្មែររស់នៅកុះករ តែងរៀបចំបង្រៀនបំពេញវប្បធម៌ ឧភយភាសា បង្រៀនអក្សរខ្មែរ បាលីជូនកូនចៅនិងព្រះសង្ឃខ្មែរជារៀងរហូត។ ការចលនាបើកថ្នាក់បង្រៀននិងរៀន អក្សរខ្មែរនៅតាមវត្តអារាម ក្នុងឱកាសវិស្សមកាលត្រូវបានរក្សាខ្ជាប់ មានសិស្សចំនួន៨០.០០០នាក់ ហើយមានព្រះសង្ឃ និងឧទ្ទេសាចារ្យបង្ហាត់បង្រៀនជាង៣.២០០អង្គនិងរូប។
ប្រព័ន្ធសាលាអនុមហាវិទ្យាល័យ មធ្យមសិក្សាវិជ្ជាជីវៈ មជ្ឈមណ្ឌលបង្រៀនវិជ្ជាជីវៈ ត្រូវបានយកចិត្តទុកដាក់ វិនិយោគស្ទើរគ្រប់ខេត្ត ស្រុក។ល។ គោលនយោបាយ ឧបត្ថម្ភរៀនវិជ្ជាជីវៈ និងដោះស្រាយការងារធ្វើជូនពលករជាជនជាតិភាគតិច ក៏បានបង្កលក្ខណសម្បត្តិផងដែរ។ ទន្ទឹមនឹងគោលនយោបាយរួមរបស់មជ្ឈិម ខេត្តក្រុងមួយចំនួនបានផ្តោតការយកចិត្តទុកដាក់ ក៏បានចេញនូវគោលនយោបាយដោយឡែកសម្រាប់បណ្តុះបណ្តាល ផ្តល់ពិគ្រោះ ឧទ្ទេសនាមការងារធ្វើនៅក្នុង និងក្រៅប្រទេសជូនពលករជនជាតិភាគតិច។ល។
យោងតាមសេចក្តីសម្រេចចិត្តលេខ៥២/NQ-CP ចុះថ្ងៃ ១៥ ខែកញ្ញា ឆ្នាំ២០១៦របស់រដ្ឋាភិបាល ស្តីពីការជំរុញការអភិវឌ្ឍប្រភពធនធានមនុស្សបណ្តាជនជាតិភាគតិច ដំណាក់កាល២០១៦-២០២០ និងកំណត់ទិសដល់ឆ្នាំ២០៣០ ដូច្នេះ គណៈកម្មាធិការប្រជាជនខេត្ត ក្រុងលើភូមិសាស្រ្ត បានផ្សព្វផ្សាយកសាងកម្មវិធី ផែនការរយៈពេលយូរនិងរៀងរាល់ឆ្នាំដើម្បីអភិវឌ្ឍប្រភពធនធានមនុស្សបណ្តាជនជាតិភាគតិច លើកកម្ពស់ប្រជាបញ្ញា រួមចំណែកកាត់បន្ថយក្រីក្រប្រកបដោយចីរភាព អភិវឌ្ឍលើគ្រប់វិស័យខាងសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច។ អាចនិយាយបានថា ជាមួយដំណោះស្រាយព្រមៗគ្នារបស់ភូមិភាគនីមួយៗ នៅពេលអនុវត្តគោលនយោបាយរបស់បក្ស រដ្ឋ កម្មវិធី និង គម្រោងផ្សេងៗប្រកបដោយលក្ខណៈពិសេសដោយឡែក ឃើញថាកម្រិតប្រជាបញ្ញាតំបន់មានជនជាតិភាគតិចរស់នៅកុះករ ពិតជាមានការវិវឌ្ឍន៍យ៉ាងសកម្ម។ ផ្តើមពីនោះ គុណភាពប្រភពធនធានមនុស្សជនជាតិភាគតិច ត្រូវបានកើនឡើងជាជំហានៗឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍរបស់ភូមិភាគនិយាយដោយឡែក និងទូទាំងតំបន់និយាយរួម។
* តើការអភិរក្សនិងពង្រីកនូវតម្លៃវប្បធម៌របស់ជនរួមជាតិភាគតិច ត្រូវបានភូមិភាគនីមួយៗអនុវត្តយ៉ាងណាខ្លះ ជម្រាបប្រសាសន៍លោកស្រី បាទ?
-ការងារអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ ត្រូវបានគ្រប់ថ្នាក់ គ្រប់ផ្នែកបន្តការយកចិត្តទុកដាក់អនុវត្តយ៉ាងល្អប្រសើរ។ ក្នុងនោះ មានខេត្តខ្លះក៏បានកសាងសារមន្ទីរជនជាតិខ្មែរ និងរៀបចំធ្វើការសិក្សាស្រាវជ្រាវ ដាក់បង្ហាញវត្ថុតាងវប្បធម៌រូបីនិងអរូបីជាដើម។ បច្ចុប្បន្ន នៅតំបន់ជនរួមជាតិខ្មែរមានកេរដំណែលវប្បធម៌ថ្នាក់ជាតិ១៤កន្លែង កេរដំណែលថ្នាក់ខេត្ត៣៧កន្លែង។ ជនជាតិចិន មានកេរដំណែលថ្នាក់ជាតិ៥កន្លែង ថ្នាក់ខេត្ត៨កន្លែង។ រីឯជនជាតិ ចាម មានព្រះវិហារសាសនាឥស្លាមមួយខ្នងបានទទួលស្គាល់ជាកេរដំណែលថ្នាក់ខេត្តផងដែរ។
តម្លៃវប្បធម៌ប្រវេណីត្រូវបានអភិរក្សនិងពង្រីក ក្នុងនោះ សំខាន់គឺសិល្បៈប្រជាប្រិយនិងសិល្បៈប្រពៃណី អាស្រ័យការយកចិត្តទុកដាក់ឧបត្ថម្ភរបស់ភូមិភាគ ចលនាវប្បធម៌ សិល្បៈ កីឡាជាលក្ខណៈប្រពៃណីមហាជន អភិវឌ្ឍយ៉ាងខ្លាំងក្លាក្នុងតំបន់ជនរួមជាតិ។ បច្ចុប្បន្ន មានក្រុមសិល្បៈខ្មែរជំនាញចំនួន៥ និងមានក្រុមសិល្បៈ ក្រុមចល័តមិន ជំនាញរបស់ខេត្តខ្លះ ក៏បានរៀបចំកម្មវិធីសម្តែងសិល្បៈ ប្រកបដោយលក្ខណៈពិសេសជារឿយៗ សម្រាប់បម្រើជូនមាមីងនៅតំបន់ឆ្ងាយដាច់ស្រយាលទស្សនាកម្សាន្ត។ មានទម្រង់សិល្បៈ៣បែប និងពិធីបុណ្យពិសេស៣យ៉ាងរបស់ជនរួមជាតិខ្មែរ ត្រូវបានទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌ អរូបីថ្នាក់ជាតិ។ បច្ចុប្បន្ន ទូទាំងតំបន់មានសិល្បករ-ការិនីនិងសិប្បករឆ្នើមខាងវប្បធម៌សិល្បៈចំនួន៣១រូប បានផ្តល់កិត្តិនាមជាសិល្បករឆ្នើម សិប្បករឆ្នើម។ល។ នេះជាកម្លាំងស្នូលគំរូដែលកំពុងរួមជាមួយភូមិភាគ កសាងគម្រោងជាច្រើន ដើម្បីអភិរក្សនិងពង្រីកនូវតម្លៃវប្បធម៌របស់ជនរួមជាតិភាគតិចនៅវាលរាបទន្លេគឺវឡុង៕
សូមអរគុណលោកស្រី !
ហាថាញ់-លីសៀ
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។