នៅគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន និងគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ទើបរៀបចំជូនរង្វាន់ដល់កងកម្លាំងគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ និងកងទ័ពការពារព្រំដែនខេត្តវិញឡុង ដែលមានស្នាដៃឆ្នើមក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មប្រព្រឹត្តល្មើស។

ឧត្តមសេនីយ៍ត្រី ត្រឹងង៉ុកហឺវ មេបញ្ជាការរងនៃកងទ័ពការពារព្រំដែនជូនរង្វាន់ដល់កងទ័ពការពារព្រំដែនទីក្រុងកឹងធើ និងកងទ័ពការពារព្រំដែនខេត្តវិញឡុង។
តាមរបាយការណ៍ក្នុងឱកាសជូនរង្វាន់ កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៥ ក្រុមដើរល្បាតនៃកងទ័ពការពារព្រំដែនខេត្តសុកត្រាំង (បច្ចុប្បន្ន ជាគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ) បានអនុវត្តភារកិច្ចដើរល្បាតនៅលើដែនសមុទ្រ បានប្រទះឃើញកប៉ាល់ពាក់ស្លាក VL-១៥៩៥៦ កំពុងបើកបរមានអាការៈសង្ស័យថាល្មើសច្បាប់ ម្ល៉ោះហើយបានបញ្ចេញសញ្ញាឱ្យមធ្យោបាយឈប់មកដើម្បីត្រួតពិនិត្យ។ ពេលត្រួតពិនិត្យ អង្គភាពបានប្រទះឃើញកប៉ាល់ VL- ១៥៩៥៦ មាននាវិក៨នាក់ កំពុងដឹកជញ្ជូនប្រេងម៉ាស៊ូតចំនួន ៨២២.៣៦៧ លីត្រ។ ដោយប្រធានក្រុមនាវិក មិនអាចបង្ហាញឯកសារបញ្ជាក់ពីប្រភពប្រេងម៉ាស៊ូតគ្រប់គ្រាន់ និងភាពស្របច្បាប់របស់ទំនិញនៅលើកប៉ាល់ ក្រុមដើរល្បាតបានបញ្ជូនមធ្យោបាយមកកាន់ដំណាក់ត្រួតពិនិត្យព្រំដែនត្រឹងដេ ដើម្បីធ្វើការសើុបអង្កេតឱ្យច្បាស់លាស់។ ឆ្លងតាមរយៈការសើុបអង្កេត បានកំណត់តម្លៃទ្រព្យសម្បត្តិ (ប្រេងម៉ាស៊ូតសរុប ៨២២.៣៦៧ លីត្រ គិតជាទឹកប្រាក់ ៨.៨២៦.៤៦៥.០១១ដុង) មានភស្តុតាងល្មើសច្បាប់គ្រប់គ្រាន់ ហេតុនោះគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានកសាងសំណុំបែបបទបញ្ជូនមកស្ថាប័នប៉ូលិសសើុបអង្កេតនៃនគរបាលក្រុងកឹងធើ ដើម្បីបន្តចុះបញ្ជីសើុបអង្កេតតាមសេចក្តីកំណត់របស់ច្បាប់។
កាលពីថ្ងៃទី ៣ ខែតុលា ក្នុងដំណើរការដើរល្បាតនិងត្រួតពិនិត្យក្រុមដើរល្បាតនៃប៉ុស្តិ៍ការពារព្រំដែនកោជៀង គណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្តវិញឡុង បានប្រទះឃើញមធ្យោបាយ ២ គ្រឿង កំពុងបើកបរពីសមុទ្រចូលពាមទន្លេអែវឡយ ចំណុះតំបន់ព្រំដែនសមុទ្រឃុំថាញ់ផុង ខេត្តវិញឡុង ឆ្លងតាមរយៈការត្រួតពិនិត្យមធ្យោបាយទាំង ២ គ្រឿងនេះ មានមុខសញ្ញា បើកបរ២នាក់គឺ៖ ផាមវុាំងហ្វាង (ស្នាក់នៅឃុំ ចឹកប៊ិញ ខេត្តនិញប៊ិញ) និងមុខសញ្ញា Syamsadi (កើតឆ្នាំ ១៩៧៣ លិខិតឆ្លងដែនលេខ E៣៣៣៦៥២០ សញ្ជាតិឥណ្ឌូនេស៊ី)។ ឆ្លងតាមរយៈនោះ បានប្រទះឃើញស្រកាសត្វជាង៤,២ តោន ស្បែកពស់ថ្លាន់១៥០ក្បាល ទឹកប្រមាត់សត្វ ៤០គីឡូក្រាម សាច់ខ្យងស្ងួតជាង១តោន ស្បែកត្រីជិត១,៦តោន ឆ្អឹងសត្វ៣៦គីឡូក្រាមស្បែក សត្វ១០០គីឡូក្រាម ស្រកីត្រី២,៣គីឡូក្រាម ចំពុះបក្សី៣៩គីឡូក្រាម ធ្មេញសត្វ២១០គីឡូក្រាម និងដបមានស្លាកសញ្ញាទឹកឃ្មុំចំនួន៣០ដប មុខសញ្ញាទាំង២នាក់ មិនបង្ហាញច្បាស់ពីលិខិតស្នាម ជាប់ពាក់ព័ន្ធដល់មធ្យោបាយនិងវិក័យបត្រទាក់ទងដល់ទំនិញទាំងនេះ។ មុខសញ្ញាទាំង២នាក់ បានសារភាពចំនួនទំនិញទាំងនេះបានទិញពីប្រទេសឥណ្ឌូណេស៊ី ហើយដឹកជញ្ជូនចូលប្រទេសវៀតណាមដើម្បីលក់យកចំណេញ។
ដើម្បីស្ងើចសរសើរ និងកត់សម្គាល់បានទាន់ពេលនូវស្នាដៃឆ្នើមរបស់កងកម្លាំងតស៊ូសម្រេចជោគជ័យលើករណីទាំង២ខាងលើ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន បានសម្រេចចិត្តស្ងើចសរសើរ និងជូនរង្វាន់បន្ទាន់ដល់គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ និងកងទ័ពការពារព្រំដែនខេត្តវិញឡុង អង្គភាពនីមួយៗទទួលបានប្រាក់រង្វាន់ ៥០ លានដុង។ ទន្ទឹមនឹងនោះ គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានស្ងើចសរសើរនិងជូនរង្វាន់ជាទឹកប្រាក់ចំនួន ៥០ លានដុង ដល់កងកម្លាំងគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ និងជូនប័ណ្ណសរសើរដល់សមូហភាពចំនួន៥ បុគ្គល១០នាក់ ដែលបានចូលរួមប្រយុទ្ធប្រឆាំងសម្រេចជោគជ័យលើ ករណីដឹកជញ្ជូនប្រេងម៉ាស៊ូត ៨២២.៣៦៧ លីត្រ ខុសច្បាប់៕
យ្វីអាញ-វិមាន