ពេលរំលឹកដល់អ្នកមីងធីបឹង និងពូក្វិចមិត្ត មាមីងខ្មែរនៅភូមិ៥ ឃុំសាភៀង ស្រុកឡុងមី ខេត្តហូវយ៉ាង អ្នកណាក៏ស្គាល់ហើយស្ងើចសរសើរពួកគាត់ទាំងអស់។ ព្រោះអីទោះបីជីវភាពគ្រួសារជួបការលំបាកក៏ដោយ ប៉ុន្តែប្តីប្រពន្ធគាត់មិនក្រែងរអែង យកដីស្រែដីចម្ការរបស់គ្រួសារទៅបញ្ចាំ ដើម្បីចិញ្ចឹមកូនរៀនសូត្រ។
ប្តីប្រពន្ធអ្នកមីងធីបឹង កំពុងមើលប័ណ្ណសរសើររបស់កូនៗ។
អ្នកមីងធីបឹង ចែករំលែក៖ “ ត្រកូលខ្ញុំប៉ុន្មានជំនាន់មកហើយ ធ្វើស្រែចម្ការ គឺគ្រប់តែចិញ្ចឹមជីវិតប្រចាំថ្ងៃប៉ុណ្ណោះ! ហេតុដូច្នេះ ប្តីប្រពន្ធខ្ញុំប្តេជ្ញាចិត្តគិតគូរឲ្យកូនរៀនដើម្បីផ្លាស់ប្តូរជីវភាព”។ អាស្រ័យការប្តេជ្ញានេះ ពេលដែលកូនទាំង៥នាក់ធំឡើង អ្នកមីងតែងបង្កលក្ខណៈល្អបំផុតដើម្បីការរៀនសូត្ររបស់កូន ចំណែកប្តីប្រពន្ធគាត់ជុំឆ្នាំធ្វើស្រែក៏គ្រាន់តែគ្រប់គិតគូរជីវភាពប្រចាំថ្ងៃ។ ពេលដែលកូនៗរៀនថ្នាក់ខ្ពស់ឡើងៗ គ្រួសារចាប់ផ្តើមធ្លាក់ក្នុងភាពទីទាល់។ ទោះជាយ៉ាងនេះក្តី ប្តីប្រពន្ធអ្នកមីងក៏នៅតែបង្កលក្ខណៈល្អបំផុតឲ្យកូនទៅសាលាដែរ រួចលើកយករឿងពីកម្មាភិបាលមកនិយាយវិភាគ និងប្រៀបធៀបឲ្យកូនៗឃើញពីជីវភាពកសិករនិងអ្នកមានចំណេះវិជ្ជា។ ដោយសារតែការខំប្រឹងប្រែងរបស់ឪពុកម្តាយ និងការភ្ញាក់រលឹករបស់ខ្លួនឯង ទើបកូនៗរបស់អ្នកមីង អ្នកណាក៏រៀនពូកែទាំងអស់។ ឃើញកូនៗស្លូតបូត ស្តាប់បង្គាប់ រៀនពូកែ ប្តីប្រពន្ធអ្នកមីងហាក់ដូចជាមានកម្លាំងបន្ថែម ដើម្បីជម្នះនូវការលំបាក។ អ្នកមីងចែករំលែក៖ “ ជីវិតឪពុកម្តាយធ្វើស្រែលំបាកលំបិន ប៉ុន្តែគ្មានសល់ផលអ្វីទេ ដូច្នេះកូនៗចូរស្ងប់ចិត្តរៀនសូត្រឲ្យល្អ។ ហេតុនោះ ទោះជាលំបាកយ៉ាងណាក៏ដោយ ឪពុកម្តាយក៏ស៊ូទ្រាំពុះពារដែរ”។ ចាប់តាំងពីពេលនោះមក គឺចន្លោះគ្នាពី២ដល់៣ឆ្នាំ កូនៗរបស់អ្នកមីង បន្តគ្នាប្រឡងជាប់ មហាវិទ្យាល័យ ជីវភាពគ្រួសារកាន់តែលំបាកថែមទៀត។ ដើម្បីមានប្រាក់ឲ្យកូនរៀន ក្រៅពីធ្វើស្រែ អ្នកមីងនៅទាំងចិញ្ចឹមជ្រូក មាន់ ទា និងដាំបន្លែបង្ការ។ ចំណែកពូក្វិចមិត្ត ទៅធ្វើការឈ្នូល។ ប៉ុន្តែ នៅពេលអស់លទ្ធភាពបង់ថ្លៃសាលាឲ្យកូនៗ អ្នកមីងទៅបុលខ្ចីខាងក្រៅដើម្បីផ្ញើរឲ្យកូនៗស្ងប់ចិត្តរៀនសូត្រ។ បំណុលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើងៗ គ្មានលទ្ធភាពសង បានជាអ្នកមីងយកដីទៅបញ្ចាំ ។ល។
ឃើញឪពុកម្តាយលំបាកលំបិន យកដីស្រែទៅបញ្ចាំ ប៉ុន្តែនៅតែមិនត្អូញត្អែរ ផ្ទុយមកវិញ គាត់តែងតែដាស់តឿនកូនៗ ផ្តោតអារម្មណ៍រៀនសូត្រ ហេតុនោះកូនៗរបស់គាត់មួយណាក៏ចាយវាយចេះប្រិតប្រៀន ហើយព្យាយាមរៀនសូត្រ។ បច្ចុប្បន្ន កូនទាំង៥នាក់របស់គាត់ សុទ្ធតែរៀនចប់មហាវិទ្យាល័យទាំងអស់ មានការងារធ្វើលំនឹង។ កូនប្រុសទីបួន ឈ្មោះក្វិចហ្វាងមិញ រៀនចប់មហាវិទ្យាល័យវារីវប្បកម្ម កំពុងធ្វើការនៅឃុំហ្វាទៀន ឲ្យដឹង៖ “ព្រោះតែចង់ឲ្យបងប្អូនពួកខ្ញុំ “ផ្លាស់ប្តូរជីវភាព” ដោយចំណេះវិជ្ជា ម្ល៉ោះហើយឪពុកម្តាយបានស៊ូទ្រាំទុក្ខលំបាកយ៉ាងច្រើន។ បងប្អូនពួកខ្ញុំនរណាក៏ខិតខំរៀនសូត្រ ចាយវាយប្រិតសំចៃ ដើម្បីប្រឡងជាប់មហាវិទ្យាល័យ។ ឪពុកម្តាយតែងតែជាគំរូរបស់ពួកខ្ញុំជានិច្ច “ ។
ពេលដែលកូនៗចេញសាលា អ្នកមីងនៅសល់តែដីចម្ការ២កុងទុកគ្រាន់ដាំឈើហូបផ្លែ និងចិញ្ចឹមជ្រូក ត្រីសាច់ ដើម្បីគិតគូរជីវភាព។ ទោះជាទ្រព្យសម្បត្តិរបស់គ្រួសារមិនមានច្រើនក្តី ប៉ុន្តែប្តូរមកវិញកូនៗរបស់អ្នកមីងមានការងារធ្វើ មានចំណូលលំនឹង ហើយពួកគេក៏បានសង់ផ្ទះឥដ្ឋយ៉ាងសមរម្យ ដើម្បីប្តីប្រពន្ធអ្នកមីងរស់នៅ។ អ្នកមីងចែករំលែក៖ “ ឃើញកូនៗមានការងារធ្វើ មានប្រាក់ខែ ប្តីប្រពន្ធខ្ញុំសប្បាយចិត្តនិងមានសុភមង្គលណាស់! ក្តីសប្បាយកើនទ្វេដង ពេលដែលកូនៗមានគ្រួសាររៀងៗខ្លួន និងសុទ្ធតែជាកម្មាភិបាលរដ្ឋ។ កាន់តែមានកិត្តិយសថែមទៀត គឺពេលដែលកូនៗបានសម្រេចជោគជ័យ ទៅដល់ណាបានមាមីងគោរពស្រឡាញ់ “ ៕
យ្វីអាញ់-លេងមី