ប៉ុន្មានឆ្នាំកន្លង អាស្រ័យដំណាំប្លុងអង្ករ ធ្វើឲ្យប្រជាជននៅភូមិបឹងកំពត ឃុំតាយវុាំង ស្រុកត្រឹងដេ (ខេត្តសុកត្រាំង) ចាកផុតពីភាពក្រីក្រ ឈានឡើងធូរធារ។
មាមីងនៅភូមិបឹងកំពត កំពុងប្រមូលផលប្លុងអង្ករ។
លោកដាំងវុាំងសាវ លេខាសាខា បក្សភូមិបឹងកំពត ឲ្យដឹង ៖ " បច្ចុប្បន្ន ទូទាំងភូមិមានផ្ទៃដីដាំប្លុងអង្ករចំនួន៣០ហិកតា នៅតំបន់ដែលដីល្បាប់ធ្វើស្រែមិនសូវបានផល។ ផ្តើមពីដំណាំប្លុងអង្ករ ម៉្លោះហើយប្រជាជនមានប្រាក់ចំណូលលំនឹង ដូច្នេះជីវភាពរបស់មាមីងក៏កាន់តែធូរធារឡើង"។ តាមការប៉ាន់ស្មានរបស់មាមីង ដែលដាំប្លុងអង្ករមធ្យមភាគ ទិន្នផលសម្រេចពី១៥០-២៥០គីឡូក្រាម។ បងឡេវុាំងផុង នៅភូមិបឹងកំពតធ្លាប់ដាំប្លុងអង្ករប្រមាណ១៥ឆ្នាំមកនេះ សព្វថ្ងៃជីវភាពគ្រួសាររបស់គាត់បានធូរធារ ក៏អាស្រ័យដំណាំប្លុងអង្ករនេះដែរ។
បងឡេវុាំងផុង ឲ្យដឹង៖"កាលពីមុនគ្រួសារខ្ញុំមានដីស្រែ២០កុងជាដីជម្រៅ ធ្វើស្រែសម្រេចទិន្នផលប្រមាណពី៣-៥ការុង/កុងប៉ុណ្ណោះ។ ពេលមើលទូរទស្សន៍ ឃើញទម្រង់រូបភាពដាំប្លុងអង្ករសមស្រប ជាមួយនឹងតំបន់ដីជម្រៅ ម៉្លោះហើយទើបខ្ញុំបង្វែរផ្ទៃដី១០កុងដាំតែម្តង។ ដំបូងដាំប្លុងអង្ករមួយកុងវិនិយោគប្រមាណ៨០០.០០០ដុង រយៈពេល៣ខែក្រោយមក អាចនឹងប្រមូលផល។ បច្ចុប្បន្ន ខ្ញុំដាំប្លុងអង្ករបានជាង២០កុង ប្រមូល ផលរាល់ថ្ងៃបានជាង២៥០គីឡូក្រាម លក់ដោយតម្លៃ៩.០០០ដុង/គីឡូ ក្រាម។ អាស្រ័យដាំប្លុងអង្ករទើបខ្ញុំទិញបានដីបន្ថែមជាង៣០កុង"។ តាមបងផុង ដំណាំប្លុងអង្ករជាដំណាំសមស្របជាមួយនឹងតំបន់ដី ជម្រៅ ដាំតែម្តងអាចប្រមូលផលជាប់រហូតចំណាយដើមទុនតិច ប្រើ ប្រាស់ជីថ្នាំការពាររុក្ខជាតិក៏តិចរវាងមួយខែអាចប្រមូលផលម្តង។ ប្លុងអង្ករ មួយកុងមាមីងកសិករគ្រាន់តែបាចជីប្រមាណ១០គីឡូក្រាម (UREនិងDAP) ដង្កូវបំផ្លាញភាគច្រើន គឺដង្កូវចោះដើម ម៉្លោះហើយងាយស្រួលក្នុងការថែទាំនិងកម្ចាត់ដង្កូវក្រា។ បងស្រីថាច់ធីសឿន ជាគ្រួសារក្រីក្រ ក្រោយពីបានដាំប្លុងអង្ករជាច្រើនឆ្នាំមក សព្វថ្ងៃជីវភាពគ្រួសារបងស្រីបានលំនឹង។ បងស្រីសឿន ឲ្យដឹង៖ "គ្រួសារនាងខ្ញុំជួលដីបាន៣កុងសម្រាប់ដាំប្លុងអង្ករ ម៉្លោះហើយទើបជីវភាពគ្រួសារបានលំនឹង។ ដំណាំប្លុងអង្កររកបានប្រាក់ចំណូលរៀងរាល់ខែ ឈ្មួញចុះមកទិញដល់ផ្ទះ។ ក្រៅពីនោះ នាងខ្ញុំនៅទាំងឆ្លៀតយកផ្ទៃព្រែកមុខផ្ទះដើម្បីដាំប្លុងអង្ករ ឃើញថាដើមលូតលាស់ល្អ គល់ធំ ឈ្មួញមកទិញដោយតម្លៃខ្ពស់ជាងប្លុងអង្ករដែលដាំនៅវាលស្រែ។ ថ្មីៗនេះនាងខ្ញុំទើបតែប្រមូលផល រួចស្រេចមធ្យមភាគក្នុងមួយកុងបានប្រមាណ២០០គីឡូក្រាម"។
តាមប្រសាសន៍លោកថាច់ក្វឹកថាយ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតាយវុាំង ឲ្យដឹងៈ សព្វថ្ងៃប្លុងអង្ករជាដំណាំផ្តល់ប្រាក់ចំណូលខ្ពស់ តម្លៃលំនឹងងាយដាំ ចំណាយដើមទុនតិច ដូច្នេះត្រូវបានមាមីងនិយមដាំ។ ឃុំនឹងចលនាប្រជាជនបង្វែរមកដាំប្លុងអង្ករ ឬដាំឈូកយកមើមចំពោះតំបន់ដីជម្រៅ ដីធ្វើស្រែមិនសូវបានផល។ ទន្ទឹមនឹងនោះ តែងគិតគូរឲ្យមាមីងបុលទុនអាទិភាព និងស្វែងរកទីផ្សារប្រើប្រាស់ ដើម្បីមាមីងនឹងនរចិត្តក្នុងការផលិត៕
យ្វីអាញ់-សុផល