ជាង២០ឆ្នាំមកនេះ ថ្ងៃណាក៏ដូចជាថ្ងៃណា គ្រួសារមីងង្វៀនធីតិញ តែងតែប្រគេនចង្ហាន់ព្រះសង្ឃនិងឧបត្ថម្ភម្ហូបអាហារជូនប្អូនៗ និស្សិតដែលស្នាក់នៅវត្តពិទូឃោសរង្សី។ ទឹកចិត្តរបស់គ្រួសារមីង បានរួមចំណែកជួយនិស្សិតជាច្រើនជំនាន់ បានសម្រេចនូវការសិក្សារបស់ខ្លួន។
មីងង្វៀនធីតិញនិងកូនស្រីយ័ញធីហ្វិញលេ។
គ្រួសារមីងង្វៀនធីតិញ នៅមណ្ឌល៣ សង្កាត់ប៊ូយហឺវងៀ ខណ្ឌប៊ិញធ្វី គឺជាពុទ្ធបរិស័ទនៃវត្តពិទូឃោសរង្សី២៥ឆ្នាំមកហើយ។ អ្នកមីងឲ្យដឹង៖ "កាលនោះ គ្រួសារខ្ញុំទៅវត្តដើម្បីធ្វើបុណ្យសពឲ្យញាតិ សង្កេតឃើញស្ថានភាពវត្តលំបាកខ្លាំង ទោះបីដូច្នោះក្តីវត្តនៅតែចិញ្ចឹមនិស្សិតរៀនសូត្រ។ ខ្ញុំនិងប្តី (លោកយ័ញហ្វាងមិញ ស្លាប់៥ឆ្នាំហើយ) បានពិភាក្សា គ្នាឧបត្ថម្ភចង្ហាន់សម្រាប់ប្រគេនព្រះសង្ឃ និងម្ហូបអាហារជូនប្អូនៗ និស្សិតដែលស្នាក់នៅវត្តរៀនសូត្រ។ មកទល់ពេលនេះ មាននិស្សិតជាច្រើនជំនាន់បានបញ្ចប់ការសិក្សាខ្ញុំមិនអាចចងចាំអស់ទេ ប៉ុន្តែមានប្អូនៗជាច្រើន តែងមកវត្តផ្តាំផ្ញើសួរសុខទុក្ខនិងផ្ញើអំណោយជូនគ្រួសារខ្ញុំ"។
ជារៀងរាល់ថ្ងៃ ទោះបីភ្ញាក់ឡើងពីម៉ោង២យប់ដើម្បីជួញដូរ ប៉ុន្តែបងស្រីយ័ញធីហ្វិញឡេ កូនស្រីរបស់មីងតិញ តែងមានទម្លាប់បម្រុងចង្ហាន់ ម្ហូបអាហារសម្រាប់ទៅវត្តជាស្រេច។ រាល់ពេលព្រឹកប្អូនៗនិស្សិតចែក វេនគ្នាមកយកចង្ហាន់ ម្ហូបអាហារ ប្អូនគឹមត្រុងអឹង ជានិស្សិតស្នាក់នៅវត្ត ឲ្យដឹង៖ "ពេលពួកប្អូនមកទទួលចង្ហាន់ ម្ហូបអាហារគ្រួសារបងស្រីឡេ វេចខ្ចប់ហ្មត់ចត់ជាស្រេច។ ដល់រដូវប្រឡងម្តងៗបងស្រីឡេ តែងឲ្យម្ហូបអាហារបន្ថែមដើម្បីយើងខ្ញុំមានកម្លាំងរៀនមេរៀន"។ គ្រួសារមីងង្វៀនធីតិញ ជាអាជីវករជួញដូរផលសមុទ្រនៅផ្សារអាងហ្វា ថ្វីត្បិតប្រកប អាជីវកម្មតូចតាចក្តី ប៉ុន្តែគ្រួសារមីងតែងឧបត្ថម្ភចង្ហាន់សម្រាប់ប្រគេនព្រះសង្ឃ និងជូនម្ហូបអាហារដល់ប្អូនៗនិស្សិតជារៀងរាល់ថ្ងៃគិតជាទឹកប្រាក់ប្រមាណពី៣០០-៥០០ពាន់ដុង។ ការឧបត្ថម្ភរបស់គ្រួសារមីងបានជួយផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃ និងម្ហូបអាហារនិស្សិតស្នាក់នៅវត្តហូបចុកបានត្រឹមត្រូវ មានសុខភាពល្អ នឹងនរចិត្តរៀនសូត្រ។ គ្រួសារអ្នកមីងមិនត្រឹមតែឧបត្ថម្ភម្ហូបអាហារ ចង្ហាន់ប៉ុណ្ណោះទេ ថែមទាំងរួមវិភាគទានក្នុងការកសាងសំណង់ផ្សេងៗក្នុងវត្តទៀត មានដូច៖ កុដិ ព្រះពុទ្ធបដិមានិងមណ្ឌលសាលាថ្មីសម្រាប់និស្សិតស្នាក់នៅ។
ទន្ទឹមនឹងការឧបត្ថម្ភប្អូនៗនិស្សិត គ្រួសារមីងង្វៀនធីតិញ ថែមទាំងជាពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លាចំពោះវត្តអារាមនានានៅភូមិភាគដទៃទៀតផង។ គ្រួសារមីងស្ម័គ្រចិត្តរៃអង្គាសទេយ្យវត្ថុ និងគ្រឿងបរិភោគជូនមាមីងក្រីក្រនៅតាមឃុំតំបន់ឆ្ងាយដាច់ស្រយាល ឧបត្ថម្ភកសាងស្ពាន ផ្លូវតាមរយៈវត្តពិទូឃោសរង្សី។ ព្រះតេជព្រះគុណ លីហុងព្រះចៅអធិការវត្តពិទូឃោសរង្សី មានព្រះថេរដីកា៖ "ដោយសារពុទ្ធបរិស័ទមានសទ្ធា ជ្រះថ្លាដូចគ្រួសារមីងង្វៀនធីតិញ និងកូនស្រី ទើបព្រះសង្ឃនិងប្អូនៗ និស្សិតឧបត្ថម្ភគាំពារគ្នា ឆ្លងកាត់បាននូវការលំបាក។ រយៈកាល២៥ឆ្នាំ គឺជាពេលវេលាវែងមាននិស្សិតជាច្រើនជំនាន់បានជោគជ័យ ដោយសារមានម្ហូបអាហាររបស់គ្រួសារមីងតិញឧបត្ថម្ភ។ ទោះបីពូយ័ញហ្វាង មិញបានស្លាប់ទៅ៥ឆ្នាំ ប៉ុន្តែប្អូនៗនិស្សិតកាលពីមុនតែងផ្ញើអំណោយថ្នាំប៉ូវកម្លាំងតាមវត្ត ជូនដល់ប្តីប្រពន្ធពូមីង ប្រការនេះសឲ្យឃើញការដឹងគុណរបស់និស្សិតចំពោះគ្រួសារអ្នកមីង"៕
ថាច់ថាញ់ភូ-វិមាន