បងស្រីលីធីអ៊ុក នៅភូមិមណ្ឌល២ ឃុំថាញ់ភូ ស្រុកម៉ីស្វៀង ខេត្តសុកត្រាំង ខិតខំឧស្សាហ៍ព្យាយាម ពលកម្មផលិតនិងប្រឹតសំចៃ ដើម្បីគ្រួសារឈានឡើងចាកផុតពីភាពក្រីក្រ។ បច្ចុប្បន្ន ដោយភាពប៉ិនប្រសប់ក្នុងការគិតគូររកទទួលទាន ម្ល៉ោះហើយជីវភាពគ្រួសារបងកាន់តែមានភាពធូរធារឡើង។
ស្នាមញញឹមរបស់បងស្រីលីធីអ៊ុក (ខាងស្ដាំដៃ) រីករាយក្រោមដំបូលផ្ទះ ថ្មីដែលប្ដីប្រពន្ធបងសាងឡើង។
សម្លឹងឃើញផ្ទះឥដ្ឋរបស់បងស្រីលីធីអ៊ុក សាងសង់បានសមរម្យដូចនេះ គ្មានអ្នកណានឹកស្មានបានថាកាលពីមុន ប្ដីប្រពន្ធបងជាអ្នកដើរស៊ី ឈ្នួលជួលព័ទ្ធនោះទេ។ តាមប្រសាសន៍បងស្រីអ៊ុក ប្ដីប្រពន្ធបងតាំងពី រៀបការមកដឹងតែពីដើរធ្វើការឈ្នួល ដូចជា ឆ្លូកស្ទូង ដកស្មៅ ច្រូកកាត់ ជាដើមអស់ការងារនៅភូមិស្រុក ក៏បណ្ដើរគ្នាទៅរកការងារធ្វើនៅក្រៅខេត្ត។ ខណៈពេលរដ្ឋជំនួយផ្ទះតាមសេចក្ដីសម្រេច១៦៧ និងឧបត្ថម្ភ បុលទុនអាទិភាព បងស្រីលោះបានដីស្រែ១កុងដែលឪពុកម្ដាយចែកឲ្យហើយក៏ប្ដេជ្ញាចាកផុតពីភាពក្រីក្រ។ បងអ៊ុករៀបរាប់ "ឆ្នាំ២០១២ នៅ ពេលរដ្ឋជំនួយឲ្យបុលមានដើមទុន ខ្ញុំចាប់ផ្ដើមដាំដំណាំ ដូចជា ម្រះ ត្រសក់ ស្ពៃជាដើម ដើម្បីឆាប់បានប្រមូលផល។ ប្ដីប្រពន្ធខ្ញុំរួចពីកិច្ចការងារផ្ទះក៏ទៅធ្វើការឈ្នួល ដើម្បីរកប្រាក់ចំណូលលំនឹងជីវភាព"។ ធ្វើរកបណ្ដើរប្រឹតសំចៃបណ្ដើរ បងសន្សំទិញបានជ្រូកមកចិញ្ចឹម។ បងស្រីអ៊ុក ឲ្យដឹងបន្ថែម៖ "ក្នុងការដាំដំណាំ ខ្ញុំលៃលកពេលវេលាដាំឲ្យខុសរដូវកាល ទើបលក់បានថ្លៃគិតជាមធ្យមក្នុងមួយរដូវ ខ្ញុំអាចរកបានប្រាក់ចំ ណូលពី១៥ ដល់២០លានដុង(មួយឆ្នាំដាំ៣រដូវ) ។ មានដើមទុន ខ្ញុំវិនិយោគចិញ្ចឹមជ្រូកមេសម្រាប់លក់កូន ជាធម្មតាមេជ្រូកកើតកូនពី ១០ ដល់១២ក្បាល ខ្ញុំលក់៦ក្បាល (តម្លៃ១,៣លានដុង/ក្បាល) ទុកចិញ្ចឹម ៦ ក្បាល។ សន្សែសន្សំទិញមាសទុកសម្រាប់ជួលស្រែធ្វើ"។ ក្រោយរយៈពេល៤ឆ្នាំ ដាំដំណាំធ្វើស្រែ និងចិញ្ចឹមសត្វគ្រួសារបងអ៊ុកជួលបានដី ស្រែ១៣កុងសម្រាប់ធ្វើស្រូវ។ ផ្ដើមពីនោះ ជីវភាពគ្រួសារ បងស្រីកាន់តែធូរធារឡើង។
បងស្រីលីធីធ្វី ប្រធានភូមិមណ្ឌល២ ឲ្យដឹង ៖ "មុននេះគ្រួសារបងអ៊ុក គឺ ជាគ្រួសារក្រីក្រ ប៉ុន្តែគាត់ប្រឹងប្រែងធ្វើការរកទទួលទានខ្លាំងណាស់។ តាំងពីមានដើមទុន ជំនួយរបស់រដ្ឋ ប្ដីប្រពន្ធបងគិតគូរពង្រីកសេដ្ឋកិច្ច រហូតឈានឡើងចាកផុតភាពក្រីក្រ។ សង្កេតឃើញប្ដីប្រពន្ធគាត់ឧស្សាហ៍ព្យាយាមរកទទួលទាន ក្រៅពីធ្វើស្រែ ដាំដំណាំ ចិញ្ចឹមជ្រូក បងអ៊ុក នៅចិញ្ចឹមគោបង្កាត់ស៊ីន ហើយនៅពេលទំនេរទៅធ្វើការឈ្នួលដើម្បីរកប្រាក់ចំណូលបន្ថែម អាស្រ័យហេតុនេះ ទើបមាមីងនៅទីនេះអ្នកណាក៏ស្ងើចសរសើរនិងស្រឡាញ់រាប់អាន។ បងស្រីអ៊ុក ជាស្រ្ដីគំរូមួយរូបក្នុង ការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ដើម្បីបងប្អូននារីក្នុងភូមិរៀនសូត្រយក តម្រាប់តាម "៕
លីធាន-ពេជ្រសឿន