ក្រុមការងារឃុំភូមី ខេត្តកាម៉ាវ ដឹកនាំដោយលោក ឡេវ៉ាំងដែង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ទើបអញ្ជើញមកទស្សនកិច្ចនិងសិក្សារៀនសូត្របទពិសោធន៍អំពីទម្រង់ប្រើប្រាស់ជំនួយការបញ្ញាសិប្បនិមិត្ត (AI) និង Zalo Official Account (Zalo OA) នៅមជ្ឈមណ្ឌលបម្រើរដ្ឋបាលរដ្ឋឃុំឡុងភូ ទីក្រុងកឹងធើ។ ទទួលជួប និងធ្វើការជាមួយក្រុមការងារ រួមមានលោក ហូក្វឹកហ៊ុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ លោកង្វៀងវ៉ាំងក្វាង នាយករងទទួលបន្ទុកមជ្ឈមណ្ឌលបម្រើរដ្ឋបាលរដ្ឋឃុំ ព្រមទាំងតំណាងការិយាល័យ ផ្នែក ពាក់ព័ន្ធនានា។

ក្រុមការងារឃុំភូមី មកស្វែងយល់ជាក់ស្ដែងនៅមជ្ឈមណ្ឌលបម្រើរដ្ឋបាលរដ្ឋឃុំឡុងភូ។
ក្រុមការងារឃុំភូមី បានមកទស្សនកិច្ចជាក់ស្តែងនៅមជ្ឈមណ្ឌលបម្រើរដ្ឋបាលរដ្ឋ ដើម្បីស្វែងយល់ពីដំណើរការនៃការទទួល និងដោះស្រាយបែបបទរដ្ឋបាល ព្រមទាំងសាកល្បងប្រើប្រាស់មុខងារកម្មវិធីបច្ចេកវិទ្យាឌីជីថលមួយចំនួន។ ទន្ទឹមនឹងនោះ ក្រុមការងារក៏មានបំណងដោះដូរ ចែករំលែក និងសិក្សាបទពិសោធន៍ក្នុងការអនុវត្តជំនួយការ AI នៅមជ្ឈមណ្ឌលបម្រើរដ្ឋបាលរដ្ឋឃុំឡុងភូផងដែរ។ លោកង្វៀងវ៉ាំងក្វាង នាយករងទទួលបន្ទុកមជ្ឈមណ្ឌល បានចែករំលែកឱ្យដឹងថា ផ្តើមចេញពីតម្រូវការជាក់ស្តែងក្នុងការណែនាំ និងជំនួយប្រជាជនអនុវត្តបែបបទរដ្ឋបាល មជ្ឈមណ្ឌលបានម្ចាស់ការស្រាវជ្រាវ រចនា កសាង និងដាក់ឱ្យដំណើរការកម្មវិធីជំនួយការ AI សំដៅផ្លាស់ថ្មីវិធីសាស្ត្រផ្តល់ព័ត៌មាន ក៏ដូចជាជួយឱ្យប្រជាជនកៀកជិត និងអនុវត្តបែបបទរដ្ឋបាលបានឆាប់រហ័សនៅងាយស្រួលលើបរិស្ថានឌីជីថល។ ជំនួយការ AI នេះបានរួមបញ្ចូលទៅក្នុង Zalo Official Account (OA) របស់មជ្ឈមណ្ឌល អនុញ្ញាតឱ្យប្រជាជនអាចធ្វើអន្តរកម្ម ដាក់សំណួរ និងស្វែងរកព័ត៌មានដោយការជ្រើសរើសភាសាសមញ។ ប្រព័ន្ធនេះជំនួយដល់ការស្វែងរកបែបបទរដ្ឋបាលតាមវិស័យនីមួយៗ ផ្តល់ព័ត៌មានអំពីសមាសភាពសំណុំឯកសារ លំដាប់លំដោយនៃការអនុវត្ត ពេលវេលាដោះស្រាយ កម្រៃ ថ្លៃសេវា និងស្ថាប័នអនុវត្ត ព្រមទាំងជួយស្វែងរកស្ថានភាពសំណុំឯកសារ ណែនាំពីរបៀបដាក់សំណុំឯកសារ ទូទាត់ប្រាក់តាមប្រព័ន្ធអនឡាញ និងបកស្រាយបំភ្លឺនូវខ្លឹមសារដែលតែងជួបប្រទះក្នុងដំណើរការអនុវត្តបែបបទរដ្ឋបាល។ កម្មវិធីនេះប្រើប្រាស់ទម្រង់បញ្ញាសិប្បនិមិត្តលេខកូដប្រភពបើកចំហ ដែលបានដំឡើង និងដំណើរការតាមផ្នែកនៅលើម៉ាស៊ីនមេ។ ទម្រង់ Vistral-7B និង Chat GGUF Q4 0 បានប្រើប្រាស់ដើម្បីបង្កើតចម្លើយដោយផ្អែកលើព័ត៌មានច្បាប់ដែលបានទាញយក។ ចំណែក Vietnamese Document Embedding បម្រើដល់ការស្វែងរកអត្ថន័យ រីឯ BGE Reranker V2 M3 ជួយវាយតម្លៃ និងចាត់ចំណាត់ថ្នាក់ឯកសារតាមកម្រិតពាក់ព័ន្ធ។ សមាសភាពទាំងអស់បានរួមបញ្ចូលទៅជាប្រព័ន្ធឯកភាពមួយ ដើម្បីបម្រើដល់តម្រូវការស្វែងរក និងសួរ-ឆ្លើយអំពីបែបបទរដ្ឋបាល។

ទិដ្ឋភាពនៃជំនួបដោះដូរ និងសិក្សាបទពិសោធន៍របស់អង្គភាពទាំង២។
តាមរយៈកម្មវិធីជំនួបនេះ អង្គភាពទាំងពីរបានដោះដូរយោបល់អំពីរបៀបអនុវត្ត ដំណើរការ ទាញយកទិន្នន័យ ព្រមទាំងលើកឡើងពីភាពងាយស្រួល ការលំបាក និងបទពិសោធន៍ជាក់ស្តែង។ តាមរយៈកិច្ចជំនួបនេះ ជួយឱ្យអង្គភាពទាំងពីរមានឱកាសដោះដូរយោបល់ដោយផ្ទាល់អំពីវិធីសាស្រ្តអនុវត្ត បទពិសោធន៍ជាក់ស្តែង ក៏ដូចជាបញ្ហាដែលត្រូវបន្តស្រាវជ្រាវក្នុងដំណើរការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិមិត្ត និងថ្នាលឌីជីថល បម្រើដល់ការងារកំណែទម្រង់រដ្ឋបាល ជាពិសេសគឺស្វែងរកដំណោះស្រាយដែលសមស្របទៅនឹងលក្ខខណ្ឌជាក់ស្តែងនៃភូមិភាគនីមួយៗ ដោយទិសដៅឆ្ពោះទៅរកការបម្រើប្រជាជន និងអាជីវកម្មឱ្យកាន់តែល្អប្រសើរឡើង៕
សុកកា - ថាច់ធី