ចាប់ពីផ្លូវបេតុងតភ្ជាប់ភូមិស្រុកនីមួយៗ រហូតដល់ស្ពានបេតុងរឹងមាំ ធ្វើឱ្យទិដ្ឋ ភាពនៅតំបន់ជនជាតិភាគតិចខេត្តកាម៉ាវ មានការផ្លាស់ថ្មីរៀងរាល់ថ្ងៃ។ ហេដ្ឋារចនាសម្ព័ន្ធបានវិនិយោគ ប្រជាជនស្រុះស្រួលរួមកម្លាំងគ្នា បានបង្កកម្លាំងជំរុញបន្ថែមដើម្បីអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់ជីវភាពនិងកសាងភូមិស្រុកកាន់តែរីកចម្រើនជាងទៀត។
.jpg)
ហេដ្ឋារចនាសម្ព័ន្ធជនបទនៅតំបន់ជនរួមជាតិខ្មែរខេត្តកាម៉ាវ
បានវិនិយោគកសាងយ៉ាងសមរម្យ។
ជាច្រើនឆ្នាំកន្លង ខេត្តកាម៉ាវបានផ្តុំកម្លាំងផ្គួបបញ្ចូលនូវប្រភពធនធានពីកម្មវិធីទិសដៅជាតិ និងគម្រោងវិនិយោគនានា អាទិភាពធ្វើឱ្យសុក្រឹតផ្លូវជនបទនៅតំបន់ជនជាតិភាគតិច។ ដងផ្លូវថ្មីមិនត្រឹមតែជួយឱ្យការធ្វើដំណើរទៅមកមានភាពងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបើកឱកាសជួញដូរទំនិញ ដឹកជញ្ជូនកសិផលទៅទីផ្សារ និងបង្កលក្ខណៈដើម្បីប្រជាជនអភិវឌ្ឍការផលិតទៀតផង។ លោក យ័ញម៉ាញ នៅភូមិនិញភឿក ឃុំហុងយឹង ឱ្យដឹង៖ ជាង១៥ឆ្នាំមុន ការធ្វើដំណើរទៅមករបស់ប្រជាជនជួបការលំបាកច្រើន អាស្រ័យគ្មានផ្លូវរថយន្ត។ ពេលភូមិភាគអនុវត្តកម្មវិធីកសាងជនបទថ្មី ប្រជាជនស្រុះស្រួលបរិច្ចាគដី និងចូលរួមកម្លាំងពលកម្មធ្វើផ្លូវនិងស្ពាន ដើម្បីសំណង់ឆាប់បានសម្រេចរួចរាល់បម្រើជីវភាពប្រជាជន។ មកទល់ពេលនេះ ផ្លូវបេតុងបានតភ្ជាប់ពីភូមិរហូតដល់ឃុំ ការធ្វើដំណើរទៅមក និងដឹកជញ្ជូនទំនិញមានភាពងាយស្រួល។ មាមីងអ្នកណាក៏ត្រេកអរ និងផ្តុំកម្លាំងផលិតជួញដូរ ម្ល៉ោះហើយជីវភាពបានធូរធារ ហើយភូមិស្រុកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូរសប្បាយនិងស្រស់ស្អាត។
មិនត្រឹមតែបានទទួលសមិទ្ធផលនោះទេ មាមីងខ្មែរជាច្រើននៅទាំងសកម្មចូលរួមកម្លាំងកសាងហេដ្ឋារចនាសម្ព័ន្ធនៅស្រុកកំណើតទៀតផង។ លោកយ័ញ វុាំងថ្វយ នៅភូមិឡុងឌឹក ឃុំភឿកឡុង បានស្ម័គ្រចិត្តដកប្រាក់សោធនពិការរបស់ខ្លួន ដើម្បីទិញសម្ភារៈជួសជុលផ្លូវដែលបែកបាក់ ដាំផ្កា ដាំដើមឈើលម្អ និងកៀរគរប្រជាជនបរិច្ចាគដីពង្រីកផ្លូវ។ អាស្រ័យការស្រុះស្រួលគ្នានឹងគោលការណ៍កសាងហេដ្ឋារចនាសម្ព័ន្ធ មកទល់ពេលនេះភូមិទាំងអស់សុទ្ធតែមានផ្លូវបេតុងតភ្ជាប់នឹងផ្លូវធំទៅកាន់មជ្ឈមណ្ឌលឃុំ ឆ្លើយតបនឹងតម្រូវការធ្វើដំណើរទៅមក និងជួញដូរទំនិញរបស់ប្រជាជនបានល្អប្រសើរជាងទៀត។
យោងតាមគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ ដំណាក់កាល ២០១០-២០២៥ ខេត្តកៀរគរថវិកាបានជាង ៣.២០០ ពាន់លានដុង ដើម្បីវិនិយោគនៅតំបន់ជនជាតិភាគតិច រួមចំណែកធ្វើឱ្យសុក្រឹតនូវប្រព័ន្ធផ្លូវគមនាគមន៍ សាលារៀន ដំណាក់សុខាភិបាល ។ល។ ដោយឡែកឆ្នាំ ២០២៦ ចំនួនថវិការដ្ឋអនុវត្តកម្មវិធីទិសដៅជាតិនៅលើភូមិឋានខេត្តសរុបជាង ៤៧,៣ ពាន់លានដុង; ទន្ទឹមនឹងនោះ អនុវត្តទម្រង់រកស៊ីចិញ្ចឹមជីវិតគំរូចំនួន៥ ដល់គ្រួសារជនជាតិភាគតិច ៥០ គ្រួសារ នៅតាមឃុំតំបន់ទី៣ គិតជាទឹកប្រាក់ជាង ១,២ ពាន់លានដុង។ លោក ង៉ោវ៉ូវថាំង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ ឱ្យដឹង៖ ពេលខាងមុខ ខេត្តនឹងបន្តអនុវត្តគោលនយោបាយឧបត្ថម្ភការរកស៊ីចិញ្ចឹមជីវិត បន្ថយភាពក្រីក្រ បណ្តុះបណ្តាលរបរ អភិវឌ្ឍផលិតប្រកបដោយប្រសិទ្ធភាព ទន្ទឹមនឹងនោះ ពង្រីកតួនាទីរបស់ប្រជាជនក្នុងការកសាងជនបទថ្មី។
ដងផ្លូវថ្មីធំទូលាយ ជ្រះស្អាត ហើយតភ្ជាប់ជាមួយនឹងភូមិស្រុកនានា; ស្ពានបេតុងរឹងមាំជំនួសឱ្យដងផ្លូវដែលភក់ជ្រាំកាលពីមុន កំពុងរួមចំណែកផ្លាស់ថ្មីទិដ្ឋភាពតំបន់ជនបទជនរួមជាតិខ្មែរនៅកាម៉ាវ។ ផ្តើមពីការយកចិត្តទុកដាក់របស់រដ្ឋ និងការព្រួតដៃរបស់ប្រជាជន ជនបទតំបន់ជនរួមជាតិខ្មែរកាន់តែមានភាពរីកចម្រើន បង្កមូលដ្ឋានគ្រឹះដើម្បីមាមីងអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់ជីវភាព៕
យ្វីអាញ - វិមាន