(អ.ឡ) - ដើម្បីដោះស្រាយដាច់ស្រឡះចំណុចរាំងស្ទះផ្នែកយន្តការ ថ្នាក់ដឹកនាំទីក្រុងកឹងធើ បានឯកភាពបង្កើតគណៈចង្អុលការថ្នាក់ទីក្រុង អាស្រ័យលោកស្រីង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ធ្វើជាប្រធាន និងប្រញាប់ចាត់តាំងធ្វើឱ្យសុក្រឹតគម្រោងស្តីពីការទទួលនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធ។
ព្រឹកថ្ងៃទី២១ ខែសីហា លោកទ្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង និងជាប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានដឹកនាំកិច្ចជំនួបធ្វើការជាមួយមហាវិទ្យាល័យឱសថសាស្ត្រកឹងធើ ដើម្បីដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងយន្តការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវហេដ្ឋារចនាសម្ព័ន្ធដែលនៅសេសសល់ ដើម្បីឆ្លើយតបតម្រូវការ កម្មសិក្សា ភាពព្យាបាលនិងការស្នាក់នៅរបស់សិក្ខាកាម។ ចូលរួមក្នុងកិច្ចជំនួបធ្វើការ មានលោកស្រីង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ព្រមទាំងតំណាងថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែកពាក់ព័ន្ធនានា។
,
ទិដ្ឋភាពទូទៅនៃកិច្ចជំនួបធ្វើការ។ រូបថត៖ ថាញស្វឹង
នៅក្នុងកិច្ចជំនួបធ្វើការ មហាវិទ្យាល័យឱសថសាស្ត្រកឹងធើ បានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងទំហំនៃការបណ្តុះបណ្តាលប្រមាណ ៥.០០០ និស្សិត សិក្ខាកាមដែលកម្មសិក្សា ភាពព្យាបាល ព្រមទាំងលើកកម្ពស់សមត្ថភាពប្រព័ន្ធសុខាភិបាលមូលដ្ឋាន សម្រាប់តំបន់វាលរាបទន្លេគឺវឡុងទាំងមូល មហាវិទ្យាល័យឱសថសាស្ត្រកឹងធើ បានស្នើសុំទទួលនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធរដ្ឋមួយចំនួននៅលើភូមិឋាន ដែលមិនទាន់បានប្រើប្រាស់អស់ពលានុភាព។ សំខាន់គឺទីធ្លាមន្ទីរពេទ្យពហុព្យាបាលហូវយ៉ាងចាស់ រួមទាំងអគារស្នាក់នៅរបស់និស្សិត និងអគារការិយាល័យដែលស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុង។ ទោះជាយ៉ាងណា ដំណើរការអនុវត្តបច្ចុប្បន្នកំពុងជួបបញ្ហារាំងស្ទះពាក់ព័ន្ធនឹងបទប្បញ្ញត្តិ បែបបទនៃការប្រគល់និងការបែងចែកសិទ្ធិគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។
ថ្លែងចង្អុលការក្នុងកិច្ចជំនួបធ្វើការ លោកទ្រឿងកាញ់ត្វៀង សង្កត់ធ្ងន់ ត្រូវយកប្រសិទ្ធភាពនៃការបម្រើប្រជាជន ធ្វើជាការវាស់ស្ទង់ខ្ពស់បំផុតសម្រាប់ការគ្រប់គ្រងនិងប្រើប្រាស់ប្រភពធនធានរដ្ឋ។ ទីក្រុងបានឯកភាពលើទិសដៅចាត់ទុកវិស័យសុខាភិបាល អប់រំនិងវប្បធម៌ គឺជាសសរស្តម្ភស្នូល; ព្រមទាំងកំណត់ ការផ្លាស់ថ្មីច្នៃប្រតិដ្ឋរបស់ទីក្រុងកឹងធើ គឺជាប្រព័ន្ធអេកូឡូស៊ីបើកចំហ មានមជ្ឈមណ្ឌលសម្បូរបែប និងតភ្ជាប់យ៉ាងជិតស្និទ្ធរវាងរដ្ឋអំណាច វិទ្យាស្ថាន សាលារៀននិងសហគមន៍អាជីវកម្ម ដើម្បីបង្កកម្លាំងជំរុញឱ្យសាយភាយទូទាំងតំបន់។
ដើម្បីដោះស្រាយឱ្យបានទាំងស្រុងនូវចំណុចរាំងស្ទះផ្នែកយន្តការ ថ្នាក់ដឹកនាំទីក្រុងកឹងធើបានឯកភាពបង្កើតគណៈចង្អុលការថ្នាក់ទីក្រុង អាស្រ័យលោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ធ្វើជាប្រធាន និងប្រញាប់ធ្វើឱ្យសុក្រឹតគម្រោងស្តីពីការទទួលនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធ។ ជំហានដំបូង ទីក្រុងនឹងអនុវត្តយន្តការ "ប្រគល់ជាបណ្តោះអាសន្ន ដើម្បីប្រើប្រាស់ភ្លាមៗ" ចំពោះមូលដ្ឋានដែលមានលក្ខណៈគ្រប់គ្រាន់ ដើម្បីឆ្លើយតបទាន់ពេលចំពោះតម្រូវការបន្ទាន់សម្រាប់ឆ្នាំសិក្សាថ្មីចាប់ពីខែកញ្ញា; ទន្ទឹមនឹងនោះ នឹងគ្រោងបន្ថែមបញ្ជីឈ្មោះត្រៀមវិនិយោគ និងធ្វើឱ្យសុក្រឹតសំណុំបែបបទដាក់ជូនថ្នាក់មានសមត្ថកិច្ច ដើម្បីផ្តល់សច្ចានុម័តប្រគល់ទ្រព្យសម្បត្តិជាផ្លូវការ ស្របតាមបទប្បញ្ញត្តិច្បាប់៕
អាយណឿង - ពេជ្រសឿន