ជាមួយនឹងស្មារតីឧស្សាហ៍ព្យាយាម ស៊ូទ្រាំលំបាក រវៀសរវៃនិងច្នៃប្រតិដ្ឋក្នុងពលកម្មផលិត អតីតយុទ្ធជន ថាច់កឿង នៅភូមិតាអ៊ុង ឃុំលីវទូ ទីក្រុងកឹងធើ ជាជំហានៗអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ផ្តើមពីភាពលំបាកក្នុងដំណាក់ការផលិត គាត់ក៏បានស្រាវជ្រាវនិងកែច្នៃរាងផាលនង្គ័លលើករងភ្ជាប់នឹងត្រាក់ទ័រដើម្បីធ្វើសេវាកម្ម នាំមកប្រាក់ចំណូលលំនឹង រួមចំណែកបន្ថយកម្លាំងពលកម្មនិងការចំណាយក្នុងការផលិតដល់កសិករ។

លោកថាច់កឿង អតីតយុទ្ធជននៅភូមិតាអ៊ុង ឃុំលីវទូ ទីក្រុងកឹងធើ មានគំនិតច្នៃរាងផាលនង្គ័លលើករងបម្រើការផលិតកសិកម្ម។
ផ្តើមពីភាពជាក់ស្តែងនៃការផលិតកសិកម្មដែលភាគច្រើនផ្អែកលើកម្លាំងពលកម្ម ពិសេសគឺវគ្គលើករងដាំដុះចំណាយពេលនិងកម្លាំងពលកម្មយ៉ាងច្រើន ដូច្នេះ លោកថាច់កឿង តែងខ្វល់ខ្វាយស្វែងរកទិសដៅកែប្រែ។ ដោយគិតថាធ្វើយ៉ាងណាដើម្បីមាមីងកសិករកាត់បន្ថយការនឿយហត់ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពផលិត គាត់ក៏បានប្តេជ្ញាចិត្តស្វែងយល់ រៀនសូត្រនិងចាប់ផ្តើមស្រាវជ្រាវកែច្នៃឧបករណ៍ជំនួយការ។ ឆ្នាំ២០១៩ គាត់ក៏បានសម្រេចចិត្តវិនិយោគទិញម៉ាស៊ីនត្រាក់ទ័រ ទន្ទឹមនឹងនោះ ចាប់ផ្តើមដំណើរការកែច្នៃរាងផាលនង្គ័លលើករងសម្រាប់បម្រើការដាំដុះ។ ប៉ុន្មានថ្ងៃដំបូង ការកែច្នៃជួបការលំបាកច្រើន ដោយសារខ្វះបទពិសោធន៍បច្ចេកទេសនិងលក្ខណៈសាកស្បង។ គាត់រៀនសូត្រសំខាន់តាមរយៈប្រព័ន្ធអ៊ីនធឺណិត គួបផ្សំនឹងបទពិសោធន៍ជាក់ស្តែងរបស់ខ្លួន។ ថ្វីបើដូច្នោះ ពេលអនុវត្តក្នុងការផលិតនៅភូមិភាគ ឧបករណ៍ដំបូងមិនទាន់បានសមស្រប។ គាត់មិនធ្លាក់ទឹកចិត្ត បន្តកែសម្រួល ធ្វើឱ្យប្រសើរឡើងនូវរាល់ខ្លឹមសារលម្អិត ដើម្បីឱ្យសមស្របនឹងលក្ខណៈដីធ្លី ទម្លាប់នៃការផលិតរបស់កសិករនៅភូមិភាគ។ ក្រោយពីសាកល្បងជាច្រើនលើក រាងផាលនង្គ័លលើករងត្រូវបានធ្វើឡើងដោយសុក្រឹត អាចភ្ជាប់នឹងម៉ាស៊ីនត្រាក់ទ័រ ជួយឱ្យការលើករងបានលឿន ស្មើនិងសន្សំសំចៃកម្លាំងពលកម្មយ៉ាងច្រើន។ ប្រការគួរឱ្យកត់សម្គាល់ មិនត្រឹមតែការប្រើប្រាស់ដោយខ្លួនឯងប៉ុណ្ណោះទេ គាត់ថែមទាំងកែច្នៃម៉ាស៊ីនត្រាក់ទ័រ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពដំណើរការនិងជាជំហានៗធ្វើពាណិជ្ជកម្មផលិតផល។ មកដល់នឹងពេលនេះ គាត់បានកែច្នៃរាងផាលនង្គ័លនិងលក់ម៉ាស៊ីនត្រាក់ទ័រឱ្យមាមីងក្នុងនិងក្រៅភូមិភាគបាន៧គ្រឿង រួមចំណែកធ្វើឱ្យសាយភាយទម្រង់យន្តូបនីយកម្មក្នុងការផលិតកសិកម្ម។

សមាគមអតីតយុទ្ធជនឃុំលីវទូ មកទស្សនា ស្វែងយល់ទម្រង់ម៉ាស៊ីនកែច្នៃរបស់លោកថាច់កឿង។
ចែករំលែកពីដំណាក់ការនេះ លោកថាច់កឿង ឱ្យដឹង៖ "សង្កេតឃើញមាមីងលើករងមានការលំបាក ខ្ញុំបាទក៏ធ្លាប់ធ្វើដែរទើបយល់ច្បាស់។ ហេតុនេះ បានជាខ្ញុំគិតដល់ការទិញម៉ាស៊ីនត្រាក់ទ័រមកកែច្នៃឱ្យសមស្រប ជួយមាមីងបន្ថយកម្លាំងពលកម្មនិងការចំណាយ។ ដំបូង ខ្ញុំរៀនសូត្រតាមបណ្តាញអ៊ីធឺណិត ប៉ុន្តែមិនទាន់សមស្របនឹងភាពជាក់ស្តែងនៅភូមិភាគ ដូច្នេះ ខ្ញុំបន្តធ្វើការកែសម្រួលឱ្យប្រសើរឡើងដើម្បីម៉ាស៊ីនដំណើរការមានប្រសិទ្ធភាពជាង។ បច្ចុប្បន្ន គ្រួសារខ្ញុំមានម៉ាស៊ីនត្រាក់ទ័រ៣គ្រឿង ដើម្បីបម្រើការផលិតនិងធ្វើសេវាកម្មឱ្យមាមីង"។ ផ្តើមពីប្រសិទ្ធភាពជាក់ស្តែង ទម្រង់ឆាប់ទទួលបានការយកចិត្តទុកដាក់របស់មាមីងក្នុងភូមិ។ ផ្តើមពីរាងផាលនង្គ័លដំបូង មកទល់នឹងពេលនេះ គ្រួសារគាត់កែច្នៃរាងផាលនង្គ័លបានជាច្រើនគ្រឿង សម្រាប់បម្រើការផលិតនិងផ្គត់ផ្គង់សេវាកម្មដល់ប្រជាជន។ ជារៀងរាល់ថ្ងៃ ម៉ាស៊ីនមួយគ្រឿងអាចនាំមកប្រាក់ចំណូលប្រមាណ១,៥លានដុង ប្រសិនយើងបើកម៉ាស៊ីនដោយខ្លួនឯង។ មិនត្រឹមតែនាំមកប្រភពប្រាក់ចំណូលលំនឹងដល់គ្រួសារប៉ុណ្ណោះទេ ទម្រង់នេះ នៅទាំងបង្កការងារធ្វើជាប្រចាំដល់កម្មករ៣នាក់ រួមចំណែកដោះស្រាយការងារធ្វើជូនប្រជាជននៅជនបទ។ ទន្ទឹមនឹងនោះ ការអនុវត្តយន្តូបនីយកម្មក្នុងការផលិតក៏ជួយមាមីងបន្ថយលើការចំណាយ បង្កើនទិន្នផល ជាជំហានៗផ្លាស់ប្តូរបែបផែនផលិតតាមទិសដៅទំនើប មានប្រសិទ្ធភាពនិងចីរភាព។ លោកឡឹមកឿន ប្រជាជននៅភូមិតាអ៊ុង ចែករំលែក៖ "លោកថាច់កឿងជាអ្នកស៊ូទ្រាំលំបាក ចូលចិត្តស្វែងយល់និងរៀនសូត្រ។ តាំងពីមានរាងផាលនង្គ័លលើករងដោយគាត់កែច្នៃ មាមីងមិនសូវនឿយហត់ក្នុងការលើករង សន្សំសំចៃការចំណាយ។ មិនត្រឹមតែធ្វើសេដ្ឋកិច្ចពូកែ គាត់នៅទាំងជួយណែនាំមាមីងរួមគ្នាអនុវត្តដោយអស់ពីចិត្ត ដូច្នេះ មាមីងអ្នកណាក៏ស្រឡាញ់រាប់អានគាត់ទាំងអស់"។
លោកង្វៀងមិញថែន ប្រធានសមាគមអតីតយុទ្ធជនឃុំលីវទូ បញ្ជាក់៖ "លោកថាច់កឿងជាសមាជិកគំរូ តែងពង្រីកល្អគុណសម្បត្តិកងទ័ពអ៊ំហូក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ ទម្រង់កែច្នៃរាងផាលនង្គ័លលើករងនិងកែច្នៃម៉ាស៊ីនត្រាក់ទ័ររបស់គាត់នាំមកប្រសិទ្ធភាពជាក់ស្តែង សមស្របនឹងលក្ខណៈផលិតនៅភូមិភាគ។ នេះជាទម្រង់ច្នៃប្រតិដ្ឋ គួរលើកសរសើរនិងពង្រីកទូលំទូលាយនាពេលខាងមុខ"។
អាចសង្កេតឃើញថា ផ្តើមពីភាពជាក់ស្តែងក្នុងពលកម្មផលិត លោកថាច់កឿង បានពង្រីកស្មារតីហ៊ានគិត ហ៊ានធ្វើ មិនបង្អង់ក្នុងការស្វែងយល់និងច្នៃប្រតិដ្ឋ ដើម្បីនាំមកតម្លៃជាក់ស្តែង។ ក្នុងបរិការណ៍ផ្នែកកសិកម្មកំពុងមានការវិវឌ្ឍន៍តាមទិសដៅទំនើបជាបណ្តើៗ ប៉ុន្តែការច្នៃប្រតិដ្ឋផ្តើមពីភាពជាក់ស្តែង តួយ៉ាងដូចជាលោកថាច់កឿង គឺគួរឱ្យគោរពនិងស្ងើចសរសើរ។ នេះជាភស្តុតាងច្បាស់លាស់សម្រាប់តួនាទីរួមចំណែករបស់កងកម្លាំងអតីតយុទ្ធជនក្នុងកិច្ចការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ៕
ហុងទើ-មុនី