វេជ្ជបណ្ឌិតគៀងធីបែធី នៅដំណាក់សុខាភិបាលសង្កាត់ហ្វាធ្វឹង ខេត្តវិញឡុង មិនត្រឹមតែសម្រេចភារកិច្ចឯកទេសបានល្អប្រសើរប៉ុណ្ណោះទេ ថែមទាំងបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅក្នុងចិត្តអ្នកជំងឺ ដោយសារអស់ពីចិត្តពីថ្លើមដើម្បីអ្នកជំងឺ។

វេជ្ជបណ្ឌិត គៀងធីបែធី ពិនិត្យជំងឺជូនប្រជាជននៅដំណាក់សុខាភិបាលសង្កាត់ហ្វាធ្វឹង។
បែធីកើតនិងធំដឹងក្តីនៅភូមិកោះស្វាយ ឃុំញីទ្រឿង ខេត្តវិញឡុង ហើយបានបង្ហាញពីភាពឆ្លាតវៃ និងសង្វាតរៀនសូត្រតាំងពីតូច។ ក្តីប្រាថ្នាចង់កា្លយជាវេជ្ជបណ្ឌិតដើម្បីព្យាបាលជំងឺជូនមាមីងក្រីក្រ បានជំរុញទឹកចិត្តឱ្យបែធីបន្តអាជីពផ្នែកវេជ្ជសាស្ត្រ។ បន្ទាប់ពីបញ្ចប់បរិញ្ញាបត្រនៅឆ្នាំ ២០២២ បែធីចាប់ផ្តើមបំពេញការងារនៅមជ្ឈមណ្ឌលសុខាភិបាលក្រុងត្រាវិញ (ចាស់) លុះដល់ឆ្នាំ ២០២៤ ត្រូវបានចាត់មកបំពេញការងារនៅដំណាក់សុខាភិបាលសង្កាត់ហ្វាធ្វឹងរហូតដល់សព្វថ្ងៃ។
វេជ្ជបណ្ឌិត គៀងធីបែធី ឱ្យដឹង៖ "តួនាទីរបស់កម្មាភិបាលពេទ្យតែងអនុវត្តស្មារតី "ធ្វើដើម្បីប្រជាជនស្រឡាញ់ ប្រជាជនជឿទុកចិត្ត" ជារង្វាស់ប្រសិទ្ធភាពរបស់យើងក្នុងការថែទាំសុខភាពជូនប្រជាជន"។ ទោះបីដំណាក់សុខាភិបាលសង្កាត់ហ្វាធ្វឹង ស្ថិតនៅចម្ងាយពីមន្ទីរពេទ្យពហុព្យាបាលខេត្តត្រាវិញប្រមាណ ៣,២ គីឡូម៉ែត្រក៏ដោយ ប៉ុន្តែចំនួនអ្នកជំងឺមកពិនិត្យ និងព្យាបាលនៅដំណាក់សុខាភិបាលច្រើនណាស់ដែរ មធ្យមភាគមានអ្នកជំងឺមកពិនិត្យនិងព្យាបាលពី ២០ - ៣០ នាក់ក្នុងមួយថ្ងៃ។ ទន្ទឹមនឹងនោះ កម្មាភិបាលដំណាក់សុខាភិបាលម្នាក់ៗទទួលបន្ទុកកម្មវិធីសុខាភិបាលជាតិពី ៤ - ៥ កម្មវិធី បំពេញការងារគ្រប់គ្រងផង និងពិនិត្យជំងឺដល់អ្នកជំងឺដោយផ្ទាល់ជារៀងរាល់ថ្ងៃផង។
នៅសង្កាត់ហ្វាធ្វឹង មានជនរួមជាតិខ្មែររស់នៅជាង ១៧,៣៧%។ ក្នុងការងារថែទាំសុខភាព វេជ្ជបណ្ឌិត គៀងធីបែធី តែងមានភាពបត់បែនក្នុងការប្រើប្រាស់ពីរភាសាវៀត - ខ្មែរ ដើម្បីណែនាំប្រជាជនកៀកជិតព័ត៌មានអំពីកំណត់ត្រាវេជ្ជសាស្ត្រ ផែនការព្យាបាល និងរបៀបប្រើប្រាស់ថ្នាំ។ ជាមួយនឹងតួនាទីជាគ្រូពេទ្យ បែធីបានរួមចំណែកជាវិជ្ជមានដល់ការថែទាំសុខភាពជូនប្រជាជន រួមជាមួយនឹងកងជួរកម្មាភិបាលរបស់ដំណាក់តែងយកចិត្តទុកដាក់ពិនិត្យជំងឺជូនអ្នកជំងឺម្នាក់ៗយ៉ាងហ្មត់ចត់ ដើម្បីដាក់ចេញនូវវិធានការព្យាបាលសមស្របបំផុត។

វេជ្ជបណ្ឌិត គៀងធីបែធី ពិនិត្យកំណត់ត្រាអ្នកជំងឺ។
អ្នកមីង គៀងធីយ៉ាន ជាអ្នកជំងឺម្នាក់នៅអនុសង្កាត់ដាកឹង សង្កាត់ហ្វាធ្វឹង ឱ្យដឹង៖ “ច្រើនឆ្នាំកន្លង ដំណាក់សុខាភិបាលសង្កាត់បម្រើការពិនិត្យ ព្យាបាលជូនប្រជាជនដោយអស់ពីចិត្ត ពិសេសគឺវេជ្ជបណ្ឌិត គៀងធីបែធី តែងអស់ពីចិត្តចំពោះអ្នកជំងឺ ស្វែងយល់ពីជំងឺយ៉ាងហ្មត់ចត់ និងណែនាំពីរបៀបថែទាំសុខភាព។ វេជ្ជបណ្ឌិត គៀងធីបែធី បានណែនាំខ្ញុំដោយភាសាខ្មែរអំពីរបៀបបង្ការជំងឺ និងរបៀបថែទាំសុខភាពនៅផ្ទះ…”។
វេជ្ជបណ្ឌិត ត្រឹងង៉ុកទូ ប្រធានដំណាក់សុខាភិបាលសង្កាត់ហ្វាធ្វឹង បញ្ជាក់៖ “វេជ្ជបណ្ឌិត គៀងធីបែធី តែងខិតខំជម្នះការលំបាកដើម្បីរៀនសូត្រ និងប្រមូលបទពិសោធន៍។ មានអ្នកជំងឺជនជាតិខ្មែរជាច្រើនមកពិនិត្យនិងព្យាបាលជំងឺ ប៉ុន្តែយល់ភាសាវៀតមិនជ្រៅជ្រះ ធ្វើឱ្យមានការលំបាកដល់គ្រូពេទ្យ វេជ្ជបណ្ឌិតក្នុងការពិនិត្យ និងព្យាបាលជំងឺ។ ក្នុងករណីបែបនេះ វេជ្ជបណ្ឌិត គៀងធីបែធី តែងត្រៀមធ្វើជាអ្នកបកប្រែដើម្បីជួយដល់មិត្តរួមអាជីពផង និងជួយការពិនិត្យ និងព្យាបាលជំងឺបានល្អប្រសើរជាងទៀតផង"។ លោកបញ្ជាក់បន្ថែម បែធីគឺជាគ្រូពេទ្យម្នាក់ដែលមិនខ្លាចការលំបាក តែងចុះទៅតំបន់ដាច់ស្រយាលដើម្បីព្យាបាលជូនអ្នកជំងឺក្រីក្រ។ វេជ្ជបណ្ឌិត គៀងធីបែធី បានមិត្តរួមអាជីព និងមាមីងខ្មែរស្រឡាញ់រាប់អាន។
ការអស់ពីចិត្ត ជំនាញ និងមានស្មារតី "អស់ពីចិត្តដើម្បីអ្នកជំងឺ" របស់វេជ្ជបណ្ឌិត គៀងធីបែធី គឺភស្តុតាងល្អអំពីក្រមសីលធម៌គ្រូពេទ្យ រួមចំណែកពង្រឹងទំនុកចិត្តរបស់ប្រជាជនលើវិស័យសុខាភិបាល៕
ស៊ើងម៉ាល័យ - វិមាន