ទាញយកប្រយោជន៍ពីដីទំនេរនៅក្រោមម្លប់ចម្ការដូង គ្រួសារមាមីងខ្មែរជាច្រើននៅភូមិព្រែកទុង ឃុំហ៊ុងហ្វា ខេត្តវិញឡុង បានអនុវត្តជោគជ័យទម្រង់ដាំជីរបន្លា។ នេះជាទម្រង់ផលិតឆ្លាតវៃ នាំមកប្រភពចំណូលទៀងទាត់រាល់ថ្ងៃ និងពង្រឹងសេដ្ឋកិច្ចគ្រួសារយ៉ាងរឹងមាំ ទោះបីជាតម្លៃដូងទុំលើទីផ្សារធ្លាក់ចុះក៏ដោយ។
យកខ្លីចិញ្ចឹមវែង ក្នុងប៉ុន្មានឆ្នាំដំបូងដាំដូង
ជាធម្មតា ក្នុងរង្វង់ពី ៣ ដល់ ៥ ឆ្នាំដំបូងនៃការដាំដូង ចម្ការមិនទាន់ឱ្យផលផ្លែ ធ្វើឱ្យសេដ្ឋកិច្ចរបស់គ្រួសារជាច្រើនជួបការលំបាក។ ដើម្បីដោះស្រាយបញ្ហា "យកខ្លីចិញ្ចឹមវែង" មាមីងខ្មែរនៅភូមិព្រែកទុង ឃុំហ៊ុងហ្វា បានរកឃើញដំណោះស្រាយមានប្រសិទ្ធភាពដោយការឆ្លៀតប្រើប្រាស់ផ្ទៃដីជុំវិញដើមដូង ដើម្បីដាំឆ្លាស់ជីរបន្លា។
ជីរបន្លាជាប្រភេទបន្លែគ្រឿងផ្សំចូលចិត្តសំណើម ម្លប់ល្មម សមស្របដាំក្រោមម្លប់ដូង។ ដំណាំនេះចំណាយដើមទុនទាប តិចមានជំងឺសត្វល្អិតបំផ្លាញ និងមិនចំណាយកម្លាំងថែទាំច្រើន ព្រមទាំងមានប្រភពទឹកស្រោចស្រពស្រាប់និងដីមានជីជាតិក្នុងចម្ការដូង។
ជាអ្នកដាំជីរបន្លាទ្រង់ទ្រាយធំជាងគេនៅភូមិព្រែកទុង គឺបងស្រី ថាច់ធីសុភី បានចែករំលែក៖ “ខ្ញុំដាំជីរបន្លាឆ្លាស់ក្នុងចម្ការដូងលើផ្ទៃដី ២០ កុង បានជាង ២ ឆ្នាំមកហើយ។ កាលពីដំបូងខ្ញុំដាំចេក ប៉ុន្តែចេកលូតលាស់លឿន បែកកូនច្រើន និងដណ្តើមជីជាតិ ធ្វើឱ្យដើមដូងលូតលាស់យឺត។ ខ្ញុំក៏ប្តូរមកដាំជីរបន្លាវិញ ឃើញថាសមស្របតែម្តង។ ដាំក្រោមម្លប់ដូងមិនបាច់ជ្រួយដី ឬលើករងស្មុគស្មាញទេ គ្រាន់តែស្ដារភក់កាយឱ្យស្មើលើចម្ការដូង ទុកប្រមាណមួយសប្តាហ៍ឱ្យស្ងួតមុខដី រួចព្រោះគ្រាប់ពូជប៉ុណ្ណោះ”។

ទម្រង់ដាំជីរបន្លាឆ្លាស់ក្នុងចម្ការដូងរបស់គ្រួសារបងស្រី ថាច់ធីសុភី នៅភូមិព្រែកទុង រកបានប្រាក់ចំណូលរៀងរាល់ថ្ងៃ។
តាមសម្តីបងស្រីសុភី ចាប់តាំងពីព្រោះគ្រាប់រហូតដល់ប្រមូលផល ប្រើពេលប្រមាណ ៦ ខែ។ ដើម្បីមានប្រភពចំណូលជាប់ជានិច្ច បងស្រីអនុវត្តវិធី "កាត់រំលស់" កាត់តែដើមធំៗ និងរក្សាដើមតូចៗ ទុកប្រមាណ ១០ ថ្ងៃក្រោយទើបវិលមកកាត់សារជាថ្មី។ តាមវិធីធ្វើវិលជុំឆ្លាតវៃនេះ ជាមធ្យមរាល់ថ្ងៃគ្រួសារបងស្រីកាត់លក់បានពី ៣០ – ៤០ គីឡូក្រាមជីរបន្លា រកចំណូលបានជាង ៥០០.០០០ ដុងក្នុងមួយថ្ងៃ។
បង្កើនការចងសម្ព័ន្ធប្រើប្រាស់ ដោះស្រាយបញ្ហា "បានផលធ្លាក់ថ្លៃ"
ដើម្បីជៀសវាងស្ថានភាព "បានផលធ្លាក់ថ្លៃ" និងធានាច្រកចេញចីរភាព ការរៀបចំផលិត ព្រមទាំងចងសម្ព័ន្ធជាមួយអាជីវកម្មប្រមូលទិញ បានក្លាយជាកត្តាស្នូលនៅភូមិព្រែកទុង។ ការបង្កើតក្រុមសហការដាំជីរបន្លា បានជួយមាមីងកសិករបង្កបង្កើនផលត្រូវតាមបទដ្ឋាន លើកកម្ពស់គុណភាព និងងាយស្រួលចុះកិច្ចសន្យាធានាម៉ៅទិញផលិតផល។

លោកថាច់ជោតិ ប្រធានក្រុមសហការដាំបន្លែជីរបន្លានៅភូមិព្រែកទុង កំពុងត្រៀមបម្រុងជីរបន្លាដើម្បីប្រគល់ឱ្យម៉ូយ។
បង្កើតឡើងតាំងពីឆ្នាំ ២០២៥ ដោយមានសមាជិកដំបូងត្រឹមតែ ៥ នាក់ មកទល់ពេលនេះ ក្រុមសហការទាក់ទាញសមាជិកចូលរួមបានជាង ១៥ នាក់។ លោកថាច់ជោតិ ប្រធានក្រុមសហការប្រមូលទិញជីរបន្លា បានសម្តែងក្តីរីករាយ៖ “រាល់ថ្ងៃ ខ្ញុំប្រមូលទិញជីរបន្លារបស់បងប្អូនបានប្រមាណពី ៧០០ – ៨០០ គីឡូក្រាម។ ក្នុងនោះ បោះម៉ូយឱ្យអាជីវករលក់តាមផ្សារពី ១០០ – ២០០ គីឡូក្រាម និងផ្គត់ផ្គង់ឱ្យក្រុមហ៊ុនមកយកដល់កន្លែងពី ៣០០ – ៧០០ គីឡូក្រាម។ ទោះបីមានការលំបាកដឹកជញ្ជូនបន្លែពីចម្ការនៅឆ្ងាយៗក្ដី ប៉ុន្តែប្រភពចំណូលជាមធ្យមចំណេញជាង ១.០០០.០០០ ដុងក្នុងមួយថ្ងៃ ផ្តល់កម្លាំងចិត្តយ៉ាងធំធេងសម្រាប់រូបខ្ញុំ ក៏ដូចជាបងប្អូនក្នុងភូមិផងដែរ”។
បង្កការងារធ្វើ លើកកម្ពស់គុណភាពជីវភាពនៅជនបទ
មិនត្រឹមតែជួយម្ចាស់ចម្ការលើកកម្ពស់ចំណូល ទម្រង់ដាំជីរបន្លាក្រោមម្លប់ដូង នៅទាំងដោះស្រាយការងារធ្វើសម្រាប់ពលករទំនេរនៅភូមិភាគ ពិសេសគឺស្ត្រីនិងអ្នកវ័យចាស់ ដែលស៊ីឈ្នួលកាត់ បេះស្លឹកចាស់និងចងបន្លែ។
បងស្រី ថាច់ធីបុប្ផា នៅភូមិព្រែកទុង បានឱ្យដឹងដោយក្តីរីករាយ៖ “អាស្រ័យស៊ីឈ្នួលកាត់បន្លែជីរបន្លានៅក្នុងភូមិ ទើបខ្ញុំរកបានចំណូលទៀងទាត់ ហើយថែមឆ្លៀតធ្វើការផ្ទះ និងជូនកូនទៅរៀនទៀតផង។ រៀងរាល់ថ្ងៃ ខ្ញុំកាត់ បេះស្លឹកនិងចងជីរបន្លាបានប្រមាណ ៣០ គីឡូក្រាម រកបានចំណូលជិត ២០០.០០០ ដុងក្នុងមួយថ្ងៃ។ ប្រភពចំណូលនេះគ្រាន់ជួយដោះស្រាយជីវភាពគ្រួសារដែរ”។
ប្រសិទ្ធភាពនៃទម្រង់ដាំជីរបន្លាក្រោមម្លប់ដូងនៅភូមិព្រែកទុង ឃុំហ៊ុងហ្វា បានបញ្ជាក់ឱ្យឃើញនូវគំនិតបត់បែនក្នុងការផលិត ចេះផ្លាស់ប្តូរមុខដំណាំ និងការឆ្លៀតប្រើប្រាស់ផលប្រយោជន៍អតិបរមានៃធនធានដីធ្លីរបស់កសិករ។ តាមរយៈនោះ នេះមិនត្រឹមតែជា "កូនសោ" ជួយបណ្តាគ្រួសារឈានឡើងចាកផុតពីភាពក្រីក្រ និងកែលម្អគុណភាពជីវភាពរស់នៅប៉ុណ្ណោះទេ ថែមទាំងរួមចំណែកសកម្មទៅក្នុងទិសដៅកសាងជនបទថ្មីអភិវឌ្ឍប្រកបដោយចីរភាពទៀតផង៕
ថាច់ធី