កើតនិងធំដឹងក្តីនៅឃុំឌិញហ្វា ខេត្តអាងយ៉ាង បច្ចុប្បន្ន កំពុងបង្កើតអាជីពនៅទីក្រុងកឹងធើ។ ដោយស្មារតីស្វ័យសិក្សានិងព្យាយាមច្បាមអាជីព ប្អូនយ័ញថាញ់ដាក (កើតឆ្នាំ២០០០) បានបញ្ជាក់ពីសមត្ថភាពរបស់ខ្លួនជាបណ្តើរៗ។ មានចំណេះជំនាញរឹងមាំ មួយអន្លើដោយការព្យាយាមលត់ដំ ជួយឱ្យយុវជនវ័យក្មេងមានទំនុកចិត្តបន្តិចម្តងៗតាមរយៈការងារដែលប្អូនដាក់កាយទាំងស្រុង។

ប្អូន យ័ញថាញ់ដាក កំពុងគូរក្បាច់លើទូក-ង។
ថាញ់ដាកមាននិស្ស័យជាមួយរបរបោះទូក-ង ចាប់ផ្តើមនៅឆ្នាំ ២០២៤ ពេលប្អូនចូលរួមបោះទូក-ងនៅវត្តស្រឡូង។ កាលនោះ ការងាររបស់ប្អូនគ្រាន់តែជំនួយការឱ្យមេជាង ប៉ុន្តែដោយសារការតស៊ូរៀនសូត្រសន្សំបទពិសោធន៍ ហើយបានផ្សារភ្ជាប់ជាមួយរបរបោះទូករហូតមកទល់នឹងបច្ចុប្បន្ន។
ប្អូនយ័ញថាញ់ដាក ចែករំលែក៖ “ពីក្មេងខ្ញុំបានឪពុកនាំទៅវត្តមើលជាងបោះទូក ហើយស្រឡាញ់ចូលចិត្តតាំងពីកាលណាមកមិនដឹងផង។ លុះដល់ឆ្នាំ២០២៤ បន្ទាប់ពីព្រះចៅអធិការវត្តស្រឡូង ជួលជាងមកបោះទូក ពេលនោះព្រះអង្គទៅជាវបន្ទះក្តារ រួចពឹងជាងជួយណែនាំយើងខ្ញុំបោះ។ ផ្តើមពីនោះ ខ្ញុំរឹតតែស្រឡាញ់ចូលចិត្តខាងវិស័យបោះទូក។ ដំបូង ដោយសារមិនទាន់មានខ្នាតសុក្រឹត ម៉្លោះហើយ បោះទូកពុំទាន់បានល្អនៅឡើយ ដូច្នេះ ត្រូវតែបោះបណ្តើរ ជួសជុលបណ្តើរ ដើម្បីដកបទពិសោធន៍”។
ឆ្នាំ ២០២៥ ថាញ់ដាក បន្តរៀនសូត្រអំពីបច្ចេកទេសកែតម្រូវទូកពីជាងចំណាន ពេលចូលរួមជួសជុលទូកលុងរបស់វត្តព្រែកអណ្តើក។ អាស្រ័យមេរៀនដ៏មានតម្លៃទាំងនេះ ជួយឱ្យថាញ់ដាកកាន់តែមានចំណេះជំនាញរឹងមាំ។ គិតត្រឹមតែក្នុងឆ្នាំនេះ ថាញ់ដាក បានព្រះចៅអធិការនានាវត្តទំនុកចិត្តអញ្ជើញទៅបោះទូកថ្មី ៣ គ្រឿង និងជួសជុល ៩ គ្រឿង ដើម្បីត្រៀមបានល្អសម្រាប់ចូលរួមអុំក្នុងពិធីបុណ្យប្រណាំងទូក-ង។ ក្រៅពីបោះទូក-ង ថាញ់ដាក ថែមទាំងចេះឆ្លាក់ក្បាច់ គូរគំនូរនិងគូរប្លង់។
ប្អូនថាញ់ដាក ឱ្យដឹង៖ “ខ្ញុំរៀនឆ្លាក់ក្បាច់និងគូរគំនូរតាំងពីឆ្នាំ ២០១៥ លុះដល់ឆ្នាំ ២០២០ ទើបចេញប្រកបរបរ។ ធ្វើបណ្តើ រៀនបណ្តើរ បង្កើនបទពិសោធន៍ដោយខ្លួនឯង។ ឆ្នាំ ២០២៤ ខ្ញុំបានទទួលការងារនៅវត្តសិរីនគរជុំអំពូយារ (ឃុំញ៉ូយ៉ា) សព្វថ្ងៃ ខ្ញុំកំពុងបោះទូកឱ្យវត្តពពុះទឹក វត្តពេជ្រមង្គល និងឆ្លាក់ក្បាច់នៅវត្តព្រែកអណ្តើក”។
មិនតែប៉ុណ្ណោះ ថាញ់ដាក នៅទាំងចូលរួមក្នុងគណៈបង្វឹកក្រុមទូក-ងវត្តព្រែកអណ្តើក។ ក្នុងតួនាទី ជាគ្រូបង្វឹក ថាញ់ដាក រួមជាមួយក្រុមបង្វឹកនិងកីឡាករត្រៀមបានល្អសម្រាប់ការចូលរួមក្នុងពិធីប្រណាំងទូក-ងទីក្រុងកឹងធើ ឆ្នាំ២០២៥។ នេះគឺជាឆ្នាំដំបូងដែលក្រុមទូករបស់វត្តបានវិលមកកាន់ការប្រកួត បន្ទាប់ពីអវត្តមានជាច្រើនទសវត្សរ៍ ហើយទទួលបានជ័យលាភីលេខ២។
ព្រះតេជព្រះគុណ ឡឹមច័ន្ទសំណាង ប្រធានព្រះសង្ឃវត្តព្រែកអណ្តើក ឃុំញ៉ូយ៉ា បញ្ជាក់៖ “ថាញ់ដាក គឺជាអ្នកមានការតស៊ូរៀនសូត្រ។ ពេលបានរៀមច្បង ណែនាំ ប្អូនតែងយកចិត្តទុកដាក់ ហើយយកមកហ្វឹកហាត់បន្ថែមដោយខ្លួនឯង។ ទោះបីវ័យនៅក្មេង ប៉ុន្តែ ដាកអាចទទួលធ្វើការងារជាច្រើន មានដូច៖ ឆ្លាក់ក្បាច់ គូរគំនូរនិងបោះទូក។ ប្រការដែលអាត្មាភាពគាប់ចិត្តបំផុត គឺប្អូនធ្វើការដោយមានការទទួលខុសត្រូវខ្ពស់ បើទទួលការងារអ្វី ខំប្រឹងធ្វើលុះត្រាសម្រេចរួចរាល់ មិនទុកចោលពាក់កណ្តាលការទេ”៕
វឌ្ឍា-មុនី