(អ.ឡ) - ក្រោយពេលរៀបចំឡើងវិញ ទីក្រុងកឹងធើ មានចាងហ្វាង ៧២១ រូប និងចាងហ្វាងរង ៣២៥ រូប នឹងបានរៀបចំចាត់ចែងឱ្យបំពេញភារកិច្ចផ្សេង។ បណ្តាសាលារៀនក្រោយពីរៀបចំ នឹងចាប់ផ្តើមដំណើរការជាផ្លូវការចាប់ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៦។
ប្រចាំការគណៈកម្មាធិការបក្សទីក្រុង បានចាត់តាំងសន្និបាតគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ដើម្បីពិនិត្យ និងសម្រេចលើគ្រោងការរៀបចំគ្រឹះស្ថានអប់រំមត្តេយ្យសិក្សា ចំណេះទូទៅ អប់រំវិជ្ជាជីវៈ - អប់រំជាប្រចាំសាលារដ្ឋនៅលើភូមិឋានទីក្រុងកឹងធើ។
អញ្ជើញជាអធិបតីក្នុងសន្និបាត មានលោក ឌោថាញប៊ិញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈប្រតិភូតំណាងរដ្ឋសភាទីក្រុងកឹងធើ លោកដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង; លោកត្រឿងកាញត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង លេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង។ អញ្ជើញចូលរួមសន្និបាត ក៏មានលោកស្រី ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង; លោកត្រឹងវ៉ាំងហ្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង; បណ្តាសមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការបក្សទីក្រុង; គណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនទីក្រុង និងថ្នាក់ដឹកនាំមន្ទីរអប់រំនិងបណ្តុះបណ្តាល។

លោកដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង ថ្លែងការណ៍ក្នុងអង្គសន្និបាត។
រូបថត៖ អាញយ៉ុង
នៅក្នុងសន្និបាត តំណាងគណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនទីក្រុង បានអានរបាយការណ៍លេខ ៦៧៣-TTr/ĐU ចុះថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៦ របស់គណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនទីក្រុង ស្តីពីការសុំមតិយោបល់លើគ្រោងការរៀបចំគ្រឹះស្ថានអប់រំមត្តេយ្យសិក្សា ចំណេះទូទៅ អប់រំវិជ្ជាជីវៈ - អប់រំជាប្រចាំនៃសាលារដ្ឋលើភូមិឋានទីក្រុងកឹងធើ។

លោកត្រឿងកាញត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង លេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ថ្លែងការណ៍ក្នុងអង្គសន្និបាត។ រូបថត៖ អាញយ៉ុង
យោងតាមនោះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង បានឯកភាពអនុវត្តការរៀបចំឱ្យឃុំ សង្កាត់នីមួយៗ មានសាលារៀន ១ ក្នុងមួយកម្រិតសិក្សា។ រៀបចំគ្រឹះស្ថានអប់រំចំនួន ១០៨ ចំណុះមន្ទីរអប់រំនិងបណ្តុះបណ្តាល រួមមាន៖ សាលាវិទ្យាល័យ អនុវិទ្យាល័យ និងវិទ្យាល័យ អប់រំវិជ្ជាជីវៈ - អប់រំជាប្រចាំ មជ្ឈមណ្ឌលជំនួយការអភិវឌ្ឍអប់រំបរិយាបន្ន និងសាលាពិសេសឱ្យនៅសល់ ៩៩ គ្រឹះស្ថាន។ រៀបចំគ្រឹះស្ថានអប់រំចំនួន ១.០៤៨ ចំណុះគណៈកម្មាធិការប្រជាជនឃុំ សង្កាត់ រួមមាន៖ សាលាមត្តេយ្យ សាលាបឋមសិក្សា សាលាអនុវិទ្យាល័យ សាលាបឋមសិក្សានិងសាលាអនុវិទ្យាល័យ ឱ្យនៅសល់ ៣០៦ គ្រឹះស្ថាន។ ដូច្នេះ មុនពេលរៀបចំ ទីក្រុងមានគ្រឹះស្ថានអប់រំសរុប ១.១៥៦ ហើយក្រោយការរៀបចំ នឹងនៅសល់ ៤០៥ គ្រឹះស្ថាន (ថយចុះ ៦៤,៩៧%)។ ក្រោយពេលរៀបចំឡើងវិញ ទីក្រុងមានចាងហ្វាង ៧២១ រូប និងចាងហ្វាងរង ៣២៥ រូប នឹងបានរៀបចំចាត់ចែងឱ្យបំពេញភារកិច្ចផ្សេង។ បណ្តាសាលារៀនក្រោយពេលរៀបចំឡើងវិញ នឹងចាប់ផ្តើមដំណើរការជាផ្លូវការចាប់ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៦។

លោក ឌោថាញប៊ិញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈប្រតិភូតំណាងរដ្ឋសភាទីក្រុងកឹងធើ ថ្លែងការណ៍បិទអង្គសន្និបាត។
រូបថត៖ អាញ់យ៉ុង
ថ្លែងការបិទនិងចង្អុលការក្នុងអង្គសន្និបាត លោកឌោថាញប៊ិញ បានសំណូមពរឱ្យគណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនទីក្រុង ប្រញាប់កសាង និងកែសម្រួលខ្លឹមសារសេចក្ដីរាយការណ៍ ដើម្បីប្រកាសដាក់ចេញ និងអនុវត្តឱ្យបានឆាប់។ គណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនទីក្រុង ចង្អុលការគណៈកម្មាធិការប្រជាជនទីក្រុង ព្រមទាំងបណ្តាមន្ទីរ គណៈ ផ្នែក ភូមិភាគឱ្យប្រញាប់ប្រញាល់ចេញសេចក្តីសម្រេចបង្កើតសាលារៀនថ្មី; ចាត់តាំង និងរៀបចំការងារកម្មាភិបាលដឹកនាំ គ្រប់គ្រងសាលារៀនឱ្យត្រឹមត្រូវតាមសេចក្ដីកំណត់ និងសមត្ថកិច្ច; ចាត់តាំង និងរៀបចំការងារកម្មាភិបាលដឹកនាំ គ្រប់គ្រង ឱ្យសមស្របនឹងជំនាញ ក្រោយពេលរៀបចំឡើងវិញ ជាពិសេសគឺការបន្ថែមកងជួរគ្រូបង្រៀនដែលនៅខ្វះ។ គណៈចាត់តាំងនៃគណៈកម្មាធិការបក្សទីក្រុង ត្រូវណែនាំឱ្យបានឆាប់រហ័សនូវការរៀបចំអង្គការចាត់តាំងបក្ស នៅពេលរៀបចំសាលារៀនឡើងវិញ។ រាល់ការងារទាំងអស់ ត្រូវតែរួចរាល់មុនថ្ងៃទី ២០ ខែសីហា ដើម្បីប្រកាសសេចក្តីសម្រេចបង្កើតសាលារៀន និងអង្គការចាត់តាំងបក្សនៅបណ្តាសាលារៀន៕
អាញយ៉ុង - ថាច់ធី