ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

01/07/2026 - 22:41

បូក​សរុប​បណ្ដោះ​អា​សន្ន​រយៈ​ពេល ១ ឆ្នាំ ដំ​ណើរ​ការ​ទម្រង់​អង្គ​ការ​រួម​នៃ​ប្រ​ព័ន្ធ​នយោ​បាយ និង​ទម្រង់​រដ្ឋ​អំ​ណាច ៣ ថ្នាក់​ 

(អ.ឡ​) - នា​ថ្ងៃ​ទី ១ ខែក​ក្កដា កា​រិយា​ល័យ​នយោ​បាយ បាន​ចាត់​តាំង​សន្និ​សីទ​ទូ​ទាំង​ប្រ​ទេស​បូក​សរុប​បណ្ដោះ​អា​សន្ន រយៈ​ពេល ១ ឆ្នាំ ដំ​ណើរ​ការ​ទម្រង់​អង្គ​ការ​រួម​នៃ​ប្រ​ព័ន្ធ​នយោ​បាយ​និង​ទម្រង់​រដ្ឋ​អំ​ណាច ៣ ថ្នាក់។

អគ្គ​លេខា​បក្ស ប្រ​ធាន​រដ្ឋ លោក​តូ​ឡឹម​; នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល លោក​ឡេ​មិញ​ហឹង; ប្រ​ធាន​រដ្ឋ​សភា លោក​ត្រឹង​ថាញ​មឹង; ប្រ​ចាំ​ការ​គណៈ​លេខា​បក្ស លោក​ត្រឹង​កឹម​ទូ; លេខា​មជ្ឈិម​បក្ស​និង​ជា​ប្រ​ធាន​គណៈ​ចាត់​តាំង​មជ្ឈិម លោក ង្វៀង​យ៉ីង៉ុក បាន​អញ្ជើញ​ចូល​រួម​ជា​អធិប​តី​ក្នុង​សន្និ​សីទ។

សន្និ​សីទ​នេះ​បាន​ចាត់​តាំង​ឡើង​ផ្ទាល់​នៅ​សាល​ប្រ​ជុំ​យ្វៀង​ហុង អគារ​រដ្ឋ​សភា និង​តភ្ជាប់​បណ្ដាញ​ទៅ​កាន់​ចំ​ណុច​ទី​តាំង​ចំ​នួន ៣.៦៥១ កន្លែង នៅ​តាម​បណ្តា​ក្រ​សួង គណៈ ផ្នែក អង្គ​ការ​មហា​ជន​ថ្នាក់​មជ្ឈិម ទី​ស្នាក់​ការប​ណ្តា​ខេត្ត ទី​ក្រុង ទី​ស្នាក់​ការ​ឃុំ សង្កាត់ និង​តំ​បន់​សេដ្ឋ​កិច្ច​ពិ​សេស​ទូ​ទាំង​ប្រ​ទេស ដោយ​មាន​តំ​ណាង​ចូល​រួម​សរុប​ចំ​នួន ៥៥៧​.០៩៩ រូប។

នៅ​ចំ​ណុច​ទី​តាំង​តភ្ជាប់​បណ្ដាញ​ទី​ក្រុង​កឹង​ធើ មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​ឧត្តម​សេនីយ៍​ត្រី ជីម​ថុង​ញឹក សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អគ្គ​មេ​បញ្ជា​ការ​រង និង​ជា​សេ​នា​ធិ​ការ​យោធ​ភូមិ​ភាគ ៩; លោក​ដុង​វ៉ាំង​ថាញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ; លោក​ទ្រឿង​កាញ់​ត្វៀង អនុ​លេខា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ; លោក​ស្រី​ ហូធី​កឹមដាវ​ អនុ​លេខា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ និង​បណ្តា​អនុ​លេខា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​រួម​មាន​៖ លោក​ង្វៀង​ត្វឹង​អាញ​, លោក​ត្រឹង​វ៉ាំង​ហ្វៀង ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម បណ្តា​មន្ទីរ គណៈ ផ្នែក ឃុំ សង្កាត់ ចូល​រួម​សន្និ​សីទ។

សន្និ​សីទ​ទូ​ទាំង​ប្រ​ទេស​បូក​សរុប​រយៈ​ពេល ១ ឆ្នាំ ដំ​ណើរ​ការ​ទម្រង់​អង្គ​ការ​រួម​នៃ​ប្រ​ព័ន្ធ​នយោ​បាយ និង​ទម្រង់​រដ្ឋ​អំ​ណាច ៣ ថ្នាក់។ រូប​ថត​៖ ភឿង​ហ្វា។

កន្លង​រយៈ​ពេល​១ឆ្នាំ​ដំ​ណើរ​ការ ទម្រង់​រដ្ឋ​អំ​ណាច ៣ ថ្នាក់ ជា​មូល​ដ្ឋាន​សម្រេច​បាន​នូវ​ទិស​ដៅ​នា​នា​ដែល​បាន​ដាក់​ចេញ​ក្នុង​ដំ​ណាក់​កាល​ដំ​បូង​; ប្រ​ព័ន្ធ​គ្រប់​គ្រង​រដ្ឋ​បាល​រដ្ឋ​ដំ​ណើរ​ការ​ប្រ​កប​ដោយ​ស្ថិរ​ភាព និង​រលូន; សុពល​ភាព និង​ប្រ​សិទ្ធ​ភាព​នៃ​ការ​គ្រប់​គ្រង​រដ្ឋ​ត្រូវ​បាន​លើក​កម្ពស់​ជា​ជំ​ហានៗ; គុណ​ភាព​នៃ​ការ​បម្រើ​ប្រ​ជា​ជន​និង​អា​ជីវ​កម្ម​បន្ត​បាន​កែ​លម្អ។

លទ្ធ​ផល​ជំ​ហាន​ដំ​បូង​បាន​បញ្ជាក់​ពី​ភាព​ត្រឹម​ត្រូវ និង​ចក្ខុ​វិស័យ​យុទ្ធ​សាស្ត្រ​នៃ​គោល​ការណ៍​ផ្លាស់​ថ្មី​អង្គ​ការ​ប្រ​ព័ន្ធ​គ្រប់​គ្រង​រដ្ឋ បង្កើត​ជា​មូល​ដ្ឋាន​គ្រឹះ​ដើម្បី​ធ្វើ​ឱ្យ​សុក្រឹត​ទម្រង់​រដ្ឋ​អំ​ណាច ៣ ថ្នាក់ លើក​កម្ពស់​គុណ​ភាព​អភិ​បាល​កិច្ច​ជាតិ និង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​អភិ​វឌ្ឍន៍​ប្រ​ទេស​ជាតិ​ក្នុង​ដំ​ណាក់​កាល​ថ្មី។

ថ្នាក់​ដឹក​នាំ​យោធ​ភូមិ​ភាគ ៩ គណៈ​កម្មា​ធិ​ការ​បក្ស ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង និង​បណ្តា​មន្ទីរ គណៈ ផ្នែក​នា​នា អញ្ជើញ​ចូល​រួម​សន្និ​សីទ​នៅ​ចំ​ណុច​ត​ភ្ជាប់​បណ្តាញ​ទី​ក្រុង​កឹង​ធើ។

រដ្ឋា​ភិបាល​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ធ្វើ​ឱ្យ​សុក្រឹត​ស្ថា​ប័ន ធ្វើ​ឱ្យ​ជាក់​ច្បាស់​រាល់​គោល​ការណ៍​របស់​បក្ស​ស្តី​ពី​ការ​រៀប​ចំ​ប្រ​ព័ន្ធ​គ្រប់​គ្រង​រដ្ឋ ផ្លាស់​ថ្មី​ទម្រង់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ និង​ជំ​រុញ​ខ្លាំង​ការ​ធ្វើ​វិមជ្ឈ​ការ និង​វិសហ​មជ្ឈ​ការ។

ផ្អែក​លើ​មូល​ដ្ឋាន​នៃ​ការ​ត្រួត​ពិ​និត្យ​ឡើង​វិញ​នូវ​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ចំ​នួន ៥.០៧៦ ច្បាប់ រដ្ឋា​ភិបាល​បាន​ដាក់​ជូន​រដ្ឋ​សភា​ដើម្បី​ប្រ​កាស​ឱ្យ​ប្រើ​ច្បាប់ និង​សេច​ក្តី​សម្រេច​ចិត្ត​ចំ​នួន ១១៦ ច្បាប់ និង​បាន​ប្រ​កាស​ឱ្យ​ប្រើ​តាម​សមត្ថ​កិច្ច​នូវ​អនុ​ក្រឹត្យ​ចំ​នួន ៤៦៧ ច្បាប់ បង្កើត​ជា​របៀង​គតិ​យុទ្ធ​ព្រមៗ​គ្នា​សម្រាប់​ទម្រង់​អង្គ​ការ​ថ្មី​។

អា​ស្រ័យ​ហេ​តុ​នោះ ប្រ​ព័ន្ធ​គ្រប់​គ្រង​រដ្ឋ​បាល​រដ្ឋ​ចាប់​ពី​ថ្នាក់​មជ្ឈិម​រហូត​ដល់​មូល​ដ្ឋាន បាន​រក្សា​ដំ​ណើរ​ការ​ប្រ​កប​ដោយ​ស្ថិរ​ភាព និង​រលូន មិន​ទុក​ឱ្យ​មាន​ចន្លោះ​ប្រ​ហោង​គតិ​យុត្ត ចន្លោះ​ប្រ​ហោង​នៃ​ការ​គ្រប់​គ្រង ឬ​ការ​រអាក់​រអួល​ក្នុង​ការ​ដោះ​ស្រាយ​ការ​ងារ​ជូន​ប្រ​ជា​ជន និង​អា​ជីវ​កម្ម តាម​រយៈ​នោះ​បាន​បញ្ជាក់​ពី​សមត្ថ​ភាព​ចង្អុល​ការ ដឹក​នាំ​របស់​រដ្ឋា​ភិបាល ព្រម​ទាំង​សមត្ថ​ភាព​បន្ស៊ាំ​ខ្លួន​នៃ​ប្រ​ព័ន្ធ​រដ្ឋ​បាល​រដ្ឋ​ចំ​ពោះ​មុខ​តម្រូវ​ការ​កែ​ទម្រង់​យ៉ាង​ស៊ី​ជម្រៅ។

តាម​រយៈ​ការ​ធ្វើ​ឱ្យ​សុក្រឹត​អង្គ​ការ និង​ការ​ប្រ​កាស​ឱ្យ​ប្រើប​ណ្តា​អនុ​ក្រឹត្យ​កំ​ណត់​ពី​តួ​នា​ទី ភារ​កិច្ច សិទ្ធិ​អំ​ណាច និង​រចនា​សម្ព័ន្ធ​អង្គ​ការ ទម្រង់​ក្រ​សួង​គ្រប់​គ្រង​ពហុផ្នែក និង​ពហុ​វិស័យ បន្ត​បាន​ធ្វើ​ឱ្យ​សុក្រឹត; ការ​ទទួល​ខុស​ត្រូវ​រវាង​បណ្តា​ស្ថា​ប័ន​ត្រូវ​បាន​បែង​ចែក​យ៉ាង​ច្បាស់​លាស់​ជាង លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​កិច្ច​សហ​ការ​អន្តរ​ផ្នែក និង​ជំ​នះស្ថាន​ភាព​រុញ​ច្រាន ឬ​ត្រួត​គ្នា​ក្នុង​ការ​អនុ​វត្ត​ភារ​កិច្ច។

ឧត្តម​សេនីយ៍​ត្រី ជីម​ថុង​ញឹក សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អគ្គ​មេ​បញ្ជា​ការ​រង និង​ជា​សេ​នា​ធិ​ការ​យោធ​ភូមិ​ភាគ ៩; លោក​ដុង​វ៉ាំង​ថាញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេខា​ប្រ​ចាំ​ការ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ អញ្ជើញ​ចូល​រួម​សន្និ​សីទ​នៅ​ចំ​ណុចត​ភ្ជាប់​បណ្ដាញ​ទី​ក្រុង​កឹង​ធើ។

រដ្ឋា​ភិបាល​ផ្តោត​លើ​ការ​ធ្វើ​ឱ្យ​សុក្រឹត​ស្ថា​ប័ន ជំ​រុញ​ខ្លាំង​ការ​ធ្វើ​វិមជ្ឈ​ការ វិស​ហ​មជ្ឈ​ការ និង​ការ​បែង​ចែក​សមត្ថ​កិច្ច​ផ្សារ​ភ្ជាប់​នឹង​ទម្រង់​រដ្ឋ​អំ​ណាច ៣ ថ្នាក់។ មក​ទល់​ពេល​នេះ រដ្ឋា​ភិ​បាល បណ្តា​ក្រ​សួង និង​ស្ថា​ប័ន​ស្មើ​ក្រ​សួង បាន​ប្រ​កាស​ឱ្យ​ប្រើ​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​មួយ​ចំ​នួន​ធំ; បាន​ធ្វើ​វិមជ្ឈ​ការ​ដល់​ភូមិ​ភាគ​នូវ​ភារ​កិច្ច​ចំ​នួន ១.៤៦១ (រួម​មាន​ភារ​កិច្ច​ថ្នាក់​ខេត្ត​ចំ​នួន ១.៣៨២ និង​ភារ​កិច្ច​ថ្នាក់​ឃុំ​ចំ​នួន ៧៩)។

តាម​រយៈ​ការ​ត្រួត​ពិ​និត្យ និង​វាយ​តម្លៃ​ចំ​នួន ២ លើក បណ្តា​ភារ​កិច្ច​ដែល​បាន​ធ្វើ​វិមជ្ឈ​ការ ជា​មូល​ដ្ឋាន​ធា​នា​បាន​នូវ​លទ្ធ​ភាព​អនុ​វត្ត និង​សម​ស្រប​ទៅ​នឹង​សមត្ថ​ភាព​អនុ​វត្ត​របស់​ភូមិ​ភាគ។ ការ​បញ្ឈប់​សកម្ម​ភាព​របស់​ថ្នាក់​ស្រុក បាន​អនុ​វត្ត​ព្រម​ៗគ្នា​ និង​មិន​ទុក​ឱ្យ​មាន​ចន្លោះ​ប្រ​ហោង​ក្នុង​ការ​គ្រប់​គ្រង​រដ្ឋ។

ក្នុង​ចំ​ណោម​ភារ​កិច្ច​សរុប​ចំ​នួន ១.១៦៤ របស់​ថ្នាក់​ស្រុក​នា​ពេល​មុន មាន​ភារ​កិច្ច​ចំ​នួន ៨៥៩ (ស្មើ​នឹង ៧៣,៨%) ត្រូវ​បាន​ផ្ទេរ​ជូន​ថ្នាក់​ឃុំ, ភារ​កិច្ច​ចំ​នួន ១៨៨ (ស្មើ​នឹង​ ១៦,២%) ផ្ទេរ​ជូន​ថ្នាក់​ខេត្ត និង​ភារ​កិច្ច​ចំ​នួន ១១៧ (ស្មើ​នឹង ១០%) ត្រូវ​បាន​កែ​សម្រួល ឬ​លុប​ចោល។ តាម​រយៈ​នោះ ថ្នាក់​ឃុំ​ពិត​ជា​បាន​ក្លាយ​ជា​មជ្ឈ​មណ្ឌល​ដំ​ណើរ​ការ​នៅ​មូល​ដ្ឋាន នៅ​ពេល​ទទួល​រ៉ាប់​រង​ផ្ទាល់​នូវ​ភារ​កិច្ច​យ៉ាង​តិច​ចំ​នួន ៩៣៨។

ទន្ទឹម​នឹង​ការ​ផ្ទេរ​ប្រ​គល់​សមត្ថ​កិច្ច រដ្ឋា​ភិបាល និង​បណ្តា​ក្រ​សួង ផ្នែក បាន​ផ្តោត​លើ​ការ​ណែ​នាំ បណ្តុះ​បណ្តាល និង​ជំនួយ​ដល់​ភូមិ​ភាគ​ក្នុង​ការ​ធ្វើ​ឱ្យ​សុក្រឹត​ប្រ​ព័ន្ធ​គ្រប់​គ្រង​រដ្ឋ ធ្វើ​ឱ្យ​សុក្រឹត​បែប​បទ​វិជ្ជា​ជី​វៈ និង​លើក​កម្ពស់​គុណ​ភាព​កង​ជួរ​កម្មា​ភិបាល អ្នក​រដ្ឋ​ការ។

តាម​រយៈ​ដំ​ណើរ​ការ​អនុ​វត្ត​ភារ​កិច្ច​ទៅ​តាម​សមត្ថ​កិច្ច​ថ្មី សមត្ថ​ភាព​គ្រប់​គ្រង ដឹក​នាំ និង​ចាត់​តាំង​អនុ​វត្ត​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បាន​លើក​កម្ពស់​ជា​ជំ​ហានៗ; កង​ជួរ​កម្មា​ភិបាល អ្នក​រដ្ឋ​ការ​កាន់​តែ​មាន​ភាព​ម្ចាស់​ការ​ជាង​ក្នុង​ការ​ដោះ​ស្រាយ​ការ​ងារ ឆ្លើយ​តប​បាន​កាន់​តែ​ល្អ​ប្រសើរ​នូវ​តម្រូវ​ការ​អភិ​បាល​កិច្ច​នៅ​ភូមិ​ភាគ​ក្នុង​លក្ខ​ខណ្ឌ​ថ្មី។

ថ្នាក់​ដឹក​នាំ​បណ្តា​មន្ទីរ គណៈ ផ្នែក និង​អង្គ​ការ​មហា​ជន អញ្ជើញ​ចូល​រួម​សន្និ​សីទ​នៅ​ចំណុច​ទី​តាំង​តភ្ជាប់​បណ្តា​ញនៅ​ទី​ក្រុង​កឹង​ធើ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ដំ​ណើរ​ការ​ទម្រង់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ២ ថ្នាក់ នៅ​តែ​ជួប​ប្រ​ទះ​នូវ​បញ្ហា​ប្រ​ឈម​ជា​ច្រើន។ បន្ទាប់​ពី​ការ​ផ្លាស់​ប្តូរ​ទម្រង់​រដ្ឋ​អំ​ណាច់​ពី ៤ ថ្នាក់ មក​ត្រឹម ៣ ថ្នាក់ សម្ពាធ​ការ​ងារ​នៅ​ថ្នាក់​ឃុំ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង ដោយ​សារ​ទំ​ហំ​ផ្ទៃ​ដី និង​ចំ​នួន​ប្រ​ជា​ជន​បាន​ពង្រីក​ក្រោយ​ការ​រួម​បញ្ចូល ប៉ុន្តែ​សមត្ថ​ភាព​របស់​កម្មា​ភិបាល​មិន​ទាន់​ឆ្លើយ​តប​បាន​ស្មើ​គ្នា​នៅ​ឡើយ។

តាម​រយៈ​ការ​ត្រួត​ពិ​និត្យ និង​វាយ​តម្លៃ​ស្ថាន​ភាព​ជាក់​ស្តែង​នៃ​កង​ជួរ​កម្មា​ភិបាល អ្នក​រដ្ឋ​ការ​នៅ​ថ្នាក់​ឃុំ​នា​ពេល​បច្ចុប្បន្ន​បាន​បង្ហាញ​ថា កង​ជួរ​នេះ​បាន​បង្កើត​ឡើង​ពី​ប្រ​ភព​ផ្សេងៗ​គ្នា (កម្មា​ភិបាល អ្នក​រដ្ឋ​ការ​ថ្នាក់​ខេត្ត ថ្នាក់​ស្រុក​ចាស់ ថ្នាក់​ឃុំ​ចាស់ បុគ្គ​លិក អ្នក​ជំនួយ​ការ​នៅ​ថ្នាក់​ឃុំ) មាន​កម្រិត​វប្ប​ធម៌ សមត្ថ​ភាព និង​ជំ​នាញ​អនុ​វត្ត​ភារ​កិច្ច​មិន​ស្មើ​គ្នា ដោយ​ភាគ​ច្រើន​គឺ​ជា​ប្រ​ភព​កម្មា​ភិបាល អ្នក​រដ្ឋ​ការ​ថ្នាក់​ឃុំ​ចាស់​ (អត្រា ៦៨,៨%) ដូច​នេះ​មិន​ទាន់​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ផ្នែក​ជំ​នាញ និង​វិជ្ជា​ជី​វៈ​តាម​មុខ​តំ​ណែង​ការ​ងារ។

ចំ​នួន​កម្មា​ភិបាល អ្នក​រដ្ឋ​ការ​ដែល​បាន​ចាត់​ពី​ថ្នាក់​ខេត្ត និង​ថ្នាក់​ស្រុក​ចាស់ មាន​ចំ​នួន​ប្រ​ហែល ៣០%។ ក្នុង​នោះ ភាគ​ច្រើន​ជា​កម្មា​ភិបាល​ដឹក​នាំ​នៃ​បណ្តា​ស្ថា​ប័ន​ជំនាញ​ថ្នាក់​ខេត្ត និង​ថ្នាក់​ដឹក​នាំ​ថ្នាក់​ស្រុក​ចាស់ ត្រូវ​បាន​ចាត់​តាំង​ឱ្យ​ធ្វើ​ជា​ថ្នាក់​ដឹក​នាំ​ស្នូល​នៅ​ថ្នាក់​ឃុំ​ថ្មី។ ថ្នាក់​ឃុំ​ជា​ច្រើន​នៅ​ខ្វះ​ខាត​អ្នក​រដ្ឋ​ការ​ដែល​មាន​កម្រិត​វិជ្ជា​ជី​វៈ​ស៊ី​ជម្រៅ​ក្នុង​បណ្តា​វិស័យ​ដូច​ជា ដី​ធ្លី សំ​ណង់ ហិ​រញ្ញ​វត្ថុ យុត្តិ​ធម៌ និង​បច្ចេក​វិទ្យា​ព័ត៌​មាន៕

ក្វឹក​ថា​យ - សុផន​

ចែករំលែកអត្ថបទ