ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

21/06/2026 - 21:20

កាសែតពិសេសៗក្នុងប្រវត្តិសាស្ត្រសារព័ត៌មានបដិវត្តន៍វៀតណាម 

ចាប់ពីកាសែត "ថាញនៀង" ដែលបានបង្កើតឡើងដោយលោកមគ្គុទ្ទេសក៍ ហូជីមិញ រហូតដល់ប្រព័ន្ធអេកូឡូស៊ីសារព័ត៌មានឌីជីថលនាពេលបច្ចុប្បន្ន សារព័ត៌មានបដិវត្តន៍វៀតណាមបានឆ្លងកាត់រយៈពេល ១០១ ឆ្នាំ នៃការកសាងនិងអភិវឌ្ឍន៍។

នៅឆ្នាំ ១៩២១ ដើម្បីប្រមូលផ្តុំកម្លាំងដែលមានឧត្តមគតិដូចគ្នា លោកង្វៀងអាយក្វឹក រួមជាមួយសមមិត្តអាស៊ីមួយចំនួនដែលរស់នៅទីក្រុងប៉ារីស បានបង្កើតសមាគមសម្ព័ន្ធភាពអាណានិគម ហើយសមាគមបានចេញផ្សាយកាសែត៖ "Le Paria" (អ្នករួមទុក្ខវេទនា) ធ្វើជាស្ថា​ប័ន​សារព័ត៌មានរបស់សមាគម។ លោកង្វៀងអាយក្វឹក ជាអគ្គនិពន្ធនាយកផង ជាអ្នកយកការណ៍ផង ជាអ្នកកែសម្រួលចម្បងផង។ កាសែត "Le Paria" (អ្នករួមទុក្ខវេទនា) ជាស្ថា​ប័ន​សារព័ត៌មានរបស់វណ្ណៈអធនអាណានិគម បង្កើតឡើងដោយលោកផ្ទាល់ លោកធ្វើជាអគ្គនិ​ពន្ធនាយកនិងជាប្រធាន ដោយបានបោះពុម្ពផ្សាយក្នុងអំឡុងឆ្នាំ ១៩២២ ដល់ឆ្នាំ ១៩២៤ ពីទីក្រុងប៉ារីស ដើម្បីអំពាវនាវនិងចាត់តាំងបណ្តាជនជាតិដែលរងការជិះជាន់ឱ្យក្រោកឈរឡើងរំដោះខ្លួន។ (រូបថត៖ ឯកសាររបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

កាសែត"ថាញនៀង" អាស្រ័យលោកមគ្គុទ្ទេសក៍ង្វៀងអាយក្វឹក - ហូជីមិញ បានបង្កើតឡើង រហូតដល់ប្រព័ន្ធអេកូឡូស៊ីសារព័ត៌មានឌីជីថលនាពេលបច្ចុប្បន្ន សារព័ត៌មាន​បដិវត្តន៍​វៀត​ណាមបានឆ្លងកាត់រយៈពេល ១០១ ឆ្នាំ នៃការកសាងនិងអភិវឌ្ឍន៍ ជាមួយនឹងបេសកកម្មមិនផ្លាស់ប្តូរ៖ បម្រើជាតិមាតុភូមិ បម្រើប្រជាជន។

នៅក្នុងដំណើរនោះ ស្លាកស្នាមរបស់អ្នកកាសែតដ៏អស្ចារ្យ ហូជីមិញ នៅតែជាត្រីវិស័យនៃសតិអារម្មណ៍ ហើយកាសែតនីមួយៗសុទ្ធតែផ្ទុកនូវស្លាក់ស្នាមប្រវត្តិសាស្ត្រ មិនត្រឹមតែឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែងប៉ុណ្ណោះទេ ថែមទាំងបានចូលរួមដោយផ្ទាល់ក្នុងដំណើរការបង្កើតប្រវត្តិ​សាស្ត្រទៀតផង។

ក្នុងរយៈពេលជាងមួយសតវត្សកន្លង មានកាសែតជាច្រើនបានក្លាយជានិមិត្តរូបប្រវត្តិសាស្ត្រ។

- កាសែតថាញនៀង - កាសែតបដិវត្តន៍ដំបូងបង្អស់

នៅចុងឆ្នាំ ១៩២៤ លោកមគ្គុទេ្ទសក៍ង្វៀងអាយក្វឹក បេសកជនគណៈបូព៌ានៃអង្គការអន្តរជាតិកុម្មុយនីស្ត បានចាត់ឱ្យទៅកាន់ហ្វាណាម (ប្រទេសចិនភាគខាងត្បូង) ដើម្បីដឹកនាំដោយផ្ទាល់នូវបដិវត្តន៍វៀតណាម និងបណ្តាប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍។ រួមជាមួយការបើកវគ្គ​បណ្តុះបណ្តាល និងការទទួលសមាជិកសម្ព័ន្ធយុវជនថ្មី លោកបានផ្តួចផ្តើមបោះពុម្ពផ្សាយកាសែតថាញនៀង។

នាថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩២៥ កាសែតថាញនៀង ដែលជាកាសែតបដិវត្តន៍ដំបូងបង្អស់ជាភាសាវៀតណាម បានចេញផ្សាយលេខដំបូង។ លោកមិនត្រឹមតែជាអ្នកបង្កើតប៉ុណ្ណោះទេ ថែមទាំងបានដឹកនាំដោយផ្ទាល់ និងចូលរួមក្នុងដំណើរការសរសេរ ពិនិត្យកែសម្រួល បោះពុម្ព និងចែកចាយកាសែតនេះទៀតផង។

នៅក្នុងអត្ថបទជាច្រើន លោកតែងតែបង្ហាញយ៉ាងច្បាស់នូវសារ៖ "បដិវត្តន៍គឺការបំផ្លាញអ្វីដែលចាស់ដើម្បីប្តូរយកអ្វីដែលថ្មី បំផ្លាញអ្វីដែលអាក្រក់ដើម្បីប្តូរយកអ្វីដែលល្អ(" វិថីបដិវត្តន៍" ឆ្នាំ ១៩២៧)។ ហេតុដូច្នេះហើយ កាសែតថាញនៀង មិនត្រឹមតែជាមធ្យោបាយព័ត៌មានប៉ុណ្ណោះទេ ថែមទាំងជាឧបករណ៍សម្រាប់ដាស់ស្មារតីនយោបាយទៀតផង។

ស្នាដៃសារព័ត៌មានរបស់លោកមគ្គុទ្ទេសក៍ង្វៀងអាយក្វឹក ដែលបានចុះផ្សាយនៅលើ​កា​សែត​ថាញ​នៀង និងបណ្តាកាសែតអន្តរជាតិនាសម័យនោះ មិនត្រឹមតែជាការសំយោគរវាងទ្រឹស្តីបដិវត្តន៍ជាមួយភាសាយ៉ាងមុតស្រួចប៉ុណ្ណោះទេ ថែមទាំងមានលក្ខណៈតម្រង់ទិសយុទ្ធសាស្ត្រ ដែលរួមចំណែកយ៉ាងសំខាន់ដល់ការចាប់បដិសន្ធិនៃបក្សកុម្មុយនីស្តវៀតណាម។

តាមដំណើរការប្រកបដោយភាពអត់ធ្មត់នោះ លោកបានក្លាយជាអ្នកទ្រោលបំភ្លឺគប់ភ្លើង បើកផ្លូវសម្រាប់មូលដ្ឋានគ្រឹះសារព័ត៌មានបដិវត្តន៍របស់ប្រទេសជាតិ។

កាសែតថាញនៀង បានបោះពុម្ពផ្សាយដោយសម្ងាត់នៅទីក្រុងក្វាងចូវ ប្រទេសចិន។ ក្រោយពេលបោះពុម្ពរួច រាល់លេខកាសែតភាគច្រើនបានដឹកជញ្ជូនដោយសម្ងាត់ មកប្រ​ទេស​វៀត​ណាម​វិញ។ កាសែតនេះបានក្លាយជាគប់ភ្លើងបំភ្លឺផ្លូវ បំផុសក្តីជំនឿ ឧត្តមគតិ និងបណ្តុះស្មារតីស្នេហាជាតិ ព្រមទាំងឆន្ទៈបដិវត្តន៍នៅក្នុងចិត្តរបស់យុវជនវៀតណាម។

កាសែតចេញផ្សាយមួយសប្តាហ៍ម្តង ជាធម្មតាមាន ៤ ទំព័រ ប៉ុន្តែពេលខ្លះមានត្រឹមតែ ២ ទំព័រ ឬឡើងដល់ ៥ ទំព័រផងដែរ។ ទំហំកាសែតជាទូទៅគឺ ១៨x២៤ សង់ទីម៉ែត្រ។ ទំព័រកាសែតបាន​បែង​ចែកជាពីរជួរ ដោយចុះផ្សាយនូវអត្ថបទពិភាក្សា ព័ត៌មាន សំណួរ-ចម្លើយ ពាក្យស្លោក រូបភាពឧទាហរណ៍...។ អត្ថបទនៅលើកាសែតថាញនៀងច្រើនតែមានលក្ខណៈខ្លីខ្លឹម ចូលត្រង់ចំណុច និងមានលក្ខណៈបញ្ចុះបញ្ចូលខ្ពស់។

កាសែតថាញនៀង និងវត្ថុតាងនានាដែលកត់ត្រានូវការចាប់បដិសន្ធិនៃកាសែតថាញនៀង នៅកន្លែងកេរដំណែលទីស្នាក់ការសមាគមយុវជនបដិវត្តន៍វៀតណាម នៅទីក្រុងក្វាងចូវ (ប្រទេសចិន)។ (រូបថត៖ ម៉ាកលៀង)

- Le Paria (អ្នករួមទុក្ខវេទនា)

នាថ្ងៃទី ១ ខែមេសា ឆ្នាំ ១៩២២ កាសែត Le Paria បានចេញផ្សាយលេខដំបូង។ នេះជាកា​សែតរបស់សមាគមសម្ព័ន្ធភាពអាណានិគម ដែលជាអង្គការតំណាងឱ្យជនជាតិដើមនៅគ្រប់​អាណានិគមរបស់បារាំង អាស្រ័យលោកង្វៀងអាយក្វឹក រួមជាមួយអ្នកសកម្មភាព​បដិវត្តន៍មួយចំនួននៃបណ្តាប្រទេសអាណានិគមបានបង្កើត នៅប្រទេសបារាំង នាថ្ងៃទី ៩ ខែតុលា ឆ្នាំ ១៩២១។

បង្កើតនិងធ្វើកាសែត “Le Paria” លោកមគ្គុទ្ទេសក៍ង្វៀអាយក្វឹក - ហូជីមិញ រួមជាមួយសមមិត្តរបស់ខ្លួន បានបង្កើត “ជំនោរខ្យល់ថ្មីបក់បោកទៅកាន់ប្រជាជននៃបណ្តាប្រទេសដែលរងការ​ជិះ​ជាន់”។

ទោះបីជាថវិកាមានកម្រិត​ បទពិសោធន៍គ្រប់គ្រង អ្នកអាននៅឆ្ងាយនិងរាត់រាយក៏ដោយ ប៉ុន្តែក្នុងមួយលេខៗ កាសែត Le Paria ត្រូវបានបោះពុម្ពរាប់ពាន់ច្បាប់ ដែលបង្ហាញពីតួនាទី និងភាពចាំបាច់របស់កាសែតក្នុងការកសាងសាមគ្គីភាព មិត្តភាព ការយល់ដឹង និងការយល់ចិត្តគ្នារវាងអ្នកក្រីក្រតោកយ៉ាក ជនជាតិដើមក្នុងការតស៊ូប្រឆាំងនឹងការឈ្លានពាននិងនឹមត្រួតត្រា។

ក្នុងរយៈពេល ៤ ឆ្នាំសកម្មភាព កាសែតនេះចេញផ្សាយបានចំនួន ៣៨ លេខ។

- កើយ៉ាយផុង ស្ថាប័នឃោសនាបំផុសចលនារបស់មជ្ឈិមបក្សកុម្មុយនីស្តឥណ្ឌូចិន

ជាកាសែតបដិវត្តន៍ឈានមុខគេដែលបានលើកកម្ពស់ទង់តស៊ូរំដោះជាតិ ក្នុងដំណាក់កាល​ឈាន​ទៅរកការបះបោរទូទៅខែសីហា ឆ្នាំ ១៩៤៥។

កាសែតកើយ៉ាយផុង ផ្សារភ្ជាប់ជាមួយឈ្មោះ និងសកម្មភាពមិនចេះនឿយហត់របស់លោកអគ្គលេខាបក្ស ទ្រឿងជិញ ក្នុងសម័យកាលសម្ងាត់។ សមមិត្តគឺជាអ្នកបង្កើត ព្រមទាំងជាអគ្គនិពន្ធនាយក និងជាអ្នកសរសេរដ៏សំខាន់របស់កាសែត។

នាថ្ងៃទី ១០ ខែតុលា ឆ្នាំ ១៩៤២ នៅឃុំធ្វឹងថាញ់ ខេត្តបាក់និញ កាសែតកើយ៉ាយផុង បានចេញផ្សាយលេខដំបូង។ នៅក្នុងជំនោរដ៏ខ្លាំងក្លានៃបដិវត្តន៍ឈានដល់​ដណ្តើមឯករាជ្យកា​សែត​បានផ្សព្វផ្សាយពីមាគ៌ាបដិវត្តន៍របស់បក្ស ពង្រីកផែនមហាសាមគ្គីទូទាំងជនជាតិ វាយបកនិងលាតត្រដាងនូវឧបាយកលរបស់ហ្វាស៊ីសជប៉ុននិងពួកក្បត់ជាតិ ព្រមទាំងយកចិត្តទុកដាក់លើការងារកសាងបក្ស...

អ្នកសរសេរស្នូលសម្រាប់កាសែតកើយ៉ាយផុង គឺសមមិត្តទ្រឿងជិញ ហ្វាងវ៉ាំងធូ ឡេក្វាងដាវ ឡេត្វងធឺ ត្រឹងដោ ឡេឃីម... ចំណែក "អ្នកបោះពុម្ព" ដែលជំនាញខាងសរសេរអក្សរត្រឡប់ក្រោយ ខាត់ថ្ម និងបោះពុម្ពកាសែត គឺសមមិត្ត ផាមដឹកឃីម ង្វៀងលឿងហ្វាង ឌោក្វឹកត្វឹង...

បណ្តាប្រតិភូអញ្ជើញចូលរួមអង្គសិក្ខាសាលា “កាសែតវៀតណាមដុកឡឹម និងលំហូរ ១០១ ឆ្នាំនៃសារព័ត៌មានបដិវត្តន៍វៀតណាម” ព្រមទាំងស្វែងយល់អំពីកាសែតវៀតណាមដុកឡឹម នាព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៦ នៅរដ្ឋធានីហាណូយ។ (រូបថត៖ ង្វៀងទ្រុងលឹម)

វៀតណាមដុកឡឹម៖ កាសែតបម្រើការងារឃោសនាក្នុងសម័យកាលរណសិរ្សវៀតមិញ រួមចំណែកលើកទឹកចិត្តស្មារតីតស៊ូ។

បន្ទាប់ពីរយៈពេល ៣០ ឆ្នាំនៃការធ្វើដំណើរស្វែងរកវិថីសង្គ្រោះជាតិ និងបានវិលត្រឡប់មកមាតុភូមិវិញ នៅបាក់បរ (ខេត្តកាវបាំង) លោកមគ្គុទ្ទេសក៍ង្វៀងអាយក្វឹក បានបង្កើតនិងដឹកនាំដោយផ្ទាល់នូវការបោះពុម្ពផ្សាយកាសែតវៀតណាមដុកឡឹម (នាថ្ងៃទី ១ ខែសីហា ឆ្នាំ ១៩៤១) ដែលជាស្ថាប័នឃោសនាបំផុសចលនាសម្រាប់រណសិរ្សវៀតមិញ។ គោលបំណងរបស់កា​សែតត្រូវបានកំណត់៖

"វៀតណាមឯករាជ្យផ្លុំត្រែ 

អំពាវនាវប្រជាជន ទាំងក្មេងទាំងចាស់ 

សាមគ្គីចិត្តមួយដូចដុំដែកថែប

ដើម្បីរួមគ្នាជួយសង្គ្រោះប្រទេសជាតិយើង" ។

កាសែតនេះបានបោះពុម្ពយ៉ាងសាមញ្ញ និងធ្វើឡើងដោយសម្ងាត់ក្នុងលក្ខខណ្ឌដ៏លំ​បាក​លំ​បិនបំផុតនៅកណ្តាលព្រៃភ្នំនៃខេត្តកាវបាំង ប៉ុន្តែបានបំពេញភារកិច្ចនយោបាយដ៏ធំធេង ក្នុងការផ្សព្វផ្សាយមាគ៌ារបស់បក្ស គោលការណ៍របស់រណសិរ្សវៀតមិញ ដាស់ស្មារតីបដិវត្តន៍ និងដាស់ស្មរតីស្នេហាជាតិ ព្រមទាំងលើកទឹកចិត្តនិងប្រមូលផ្តុំសាមគ្គីភាពប្រជាជនគ្រប់ជាន់ស្រ​ទាប់ឱ្យដើរតាមបដិវត្តន៍ ក្រោកឈរឡើងតស៊ូរំដោះជាតិ រួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតជ័យជម្នះដ៏អស្ចារ្យនៃបដិវត្តន៍ខែសីហា ឆ្នាំ ១៩៤៥ បង្កើតនូវប្រទេសវៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋ។

- គឺវក្វឹក៖ ស្ថាប័នសារព័ត៌មានរបស់អគ្គនាយកដ្ឋានវៀតមិញ លេចធ្លោក្នុងដំណាក់កាលតស៊ូប្រឆាំងបារាំង ផ្សព្វផ្សាយយ៉ាងខ្លាំងក្លានូវស្មារតីតស៊ូរបស់ប្រជាជាតិទាំងមូល

នាថ្ងៃទី ២៥ ខែមករា ឆ្នាំ ១៩៤២ កាសែតគឺវក្វឹក បានចេញផ្សាយលេខដំបូង ដោយមានសមមិត្តអគ្គលេខាបក្សទ្រឿងជិញ ជាអ្នកទទួលបន្ទុកផ្ទាល់។ កាសែតគឺវក្វឹក លេខ ១ មាន ៤ ទំព័រ ក្រដាសស បោះពុម្ពលើថ្ម ទំព័រមុខមានរូបផ្កាយប្រាំជ្រុងផ្សាយចេញរស្មីប្រាំ។

ទន្ទឹមនឹងកាសែតកើយ៉ាយផុងរបស់បក្ស កាសែតគឺវក្វឹក របស់រណសិរ្សវៀតមិញ តែងមានភាពពុះកញ្រោលស្មារតីប្រយុទ្ធ មានការរួមចំណែកយ៉ាងធំធេងក្នុងការឃោសនាឱ្យបានទូលំទូលាយ និងបំផុសចលនាយ៉ាងខ្លាំងក្លាដល់ប្រជាជាតិទាំងមូលឱ្យសាមគ្គីគ្នាក្រោកឈរឡើង​ដណ្តើមរដ្ឋអំណាច​។

កាសែតគឺវក្វឹក បានបោះពុម្ពផ្សាយជាសាធារណៈនៅរដ្ឋធានីហាណូយ ក្លាយជាកាសែតប្រចាំថ្ងៃដ៏ធំបំផុតរបស់បក្សកុម្មុយនីស្តឥណ្ឌូចិន វៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋ និងរណសិរ្សវៀតមិញ។

លោកប្រធានហូជីមិញ បានសរសេរអត្ថបទជាច្រើនសម្រាប់កាសែតគឺវក្វឹក ជាពិសេសក្នុង​រយៈ​ពេលច្រើនឆ្នាំជាប់ៗគ្នា លោកបានសរសេរពីនិទ្ទេសបទ "រឿងជិតឆ្ងាយ" នៅលើ​កា​សែត​គឺវ​ក្វឹក ក្រោមនាមប៉ាកកា "Ð.X."

- សឺធឹក៖ ស្ថាប័នទ្រឹស្តីរបស់បក្ស ដើមកំណើតនៃកាសែតញឹងយ៉ឹង រក្សាតួនាទីតម្រង់ទិសឧត្តមគតិ និងទ្រឹស្តីនយោបាយ ចេញផ្សាយលេខដំបូងចាប់ពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ១៩៤៥

ឆ្នាំ ១៩៤៦ ការតស៊ូទូទាំងប្រទេសបានផ្ទុះឡើង កាសែតបានផ្លាស់ប្តូរទីស្នាក់ការទៅកាន់ទី​តាំងជាច្រើន។ រហូតដល់ចុងឆ្នាំ ១៩៤៧ ទីស្នាក់ការកាសែតត្រូវបានដាក់នៅមណ្ឌលខូយដឹម ភូមិណាខាំង ឃុំងៀតា ស្រុកចើដោង ខេត្តបាក់កាង (បច្ចុប្បន្នស្ថិតក្នុងខេត្តថាយង្វៀន)។

នៅទីនេះ លោកប្រធានហូជីមិញ មានអត្ថបទវិភាគនយោបាយយ៉ាងមុតស្រួចជាច្រើន ដែលរួមចំណែកលើកទឹកចិត្ត អប់រំ និងចាត់តាំងមហាជនឱ្យសាមគ្គីគ្នាតស៊ូដណ្តើមឯករាជ្យ សេរីភាពជូនជាតិមាតុភូមិ។

ការចាប់បដិសន្ធិនៃកាសែតស៊ឺធឹក បានរួមចំណែកយ៉ាងសំខាន់ដល់កិច្ចការបដិវត្តន៍រំដោះជាតិ ពង្រឹងផែនមហាសាមគ្គីទូទាំងប្រជាជាតិ តស៊ូដើម្បីឯករាជ្យ និងសេរីភាពរបស់ប្រទេសជាតិ ព្រមទាំងបំផុសក្តីជំនឿរបស់ប្រជាជនទៅលើការដឹកនាំរបស់បក្ស។

នាថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៥០ កាសែតស៊ឺធឹកបានចេញផ្សាយលេខចុងក្រោយ ដោយបានបំពេញសព្វគ្រប់នូវតួនាទីប្រវត្តិសាស្ត្រ ហើយបានប្រគល់តំណែងសម្រាប់ការចាប់កំណើតនៃកាសែតញឹងយ៉ឹង នៅក្នុងឆ្នាំ ១៩៥១។

- កាសែតញឹងយ៉ឹង

បន្តបុព្វហេតុនៃកាសែតស៊ឺធឹក កាសែតញឹងយ៉ឹង បានបង្កើតឡើងនៅក្នុងមហាសន្និបាតតំ​ណាងទូទាំងប្រទេសលើកទី ២ របស់បក្ស (ចាប់ពីថ្ងៃទី ១១ ដល់ ១៩ ខែកុម្ភៈ ឆ្នាំ ១៩៥១)។ មហាសន្និបាតបានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការបោះពុម្ពផ្សាយកាសែតញឹងយ៉ឹង ដែលជាស្ថាប័នមជ្ឈិមនៃបក្សពលករវៀតណាម។ សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ២ បានចង្អុលបង្ហាញយ៉ាងច្បាស់ពីតម្រូវការចាំបាច់ត្រូវតែ "បោះពុម្ពផ្សាយកាសែតមួយ ដោយដាក់ឈ្មោះថាញឹងយ៉ឹង ជាស្ថាប័នមជ្ឈិមនៃបក្ស" ដែលជំនួសឱ្យកាសែតស៊ឺធឹក។

នាថ្ងៃទី ១១ ខែមីនា ឆ្នាំ ១៩៥១ កាសែតញឹងយ៉ឹង បានចេញផ្សាយលេខដំបូង។ កាសែតប្រសូតឡើងក្នុងផ្សែងភ្លើងនៃសង្គ្រាមតស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំង កាសែត​ញឹង​យ៉ឹង បានបន្តវេនយ៉ាងឆ្នើមនូវប្រពៃណីរបស់បណ្តាកាសែតមុនៗដូចជា ថាញនៀង ត្រាញដូវ កើយ៉ាយផុងនិងស៊ឺធឹក។

នៅក្នុងការតស៊ូដ៏យូរអង្វែងទាំងពីរលើក រៀងរាល់លេខកាសែតសុទ្ធតែជាបទបញ្ជាប្រយុទ្ធ ជាប្រភពលើកទឹកចិត្តស្មារតីដ៏ធំធេងសម្រាប់កងទ័ពនិងប្រជាជនយើងនៅគ្រប់សមរភូមិ ចាប់​ពី​សមរ​ភូមិ​ដៀងបៀងភូវ រហូតដល់មហាជ័យជម្នះនិទាឃរដូវឆ្នាំ ១៩៧៥។ ឈានចូលដំណាក់កាលផ្លាស់ថ្មី និងសមាហរណកម្ម កាសែតញឹងយ៉ឹង នៅតែបន្តអះអាងពីតួនាទីជាទង់ជ័យនយោបាយនិងឧត្តមគតិរបស់បក្ស។

ចាប់តាំងពីថ្ងៃបង្កើតឡើងក្នុងឆ្នាំ ១៩៥១ ឆ្លងកាត់សង្គ្រាមតស៊ូដ៏ពិសិដ្ឋទាំងពីរលើករបស់ប្រជាជាតិ ឈានចូលក្នុងរយៈពេល ៤០ ឆ្នាំនៃកិច្ចការផ្លាស់ថ្មី រហូតដល់ពេលដែលប្រទេសជាតិ​ឈានចូលយុគសម័យថ្មី កាសែតញឹងយ៉ឹង នៅតែរក្សាបានយ៉ាងរឹងមាំនូវឋានៈជាទង់ជ័យឧត្តម​គតិ ជាស្ថាប័នសារព័ត៌មាន និងជាកងកម្លាំងឈានមុខនៅលើសមរភូមិព័ត៌មាន-ឃោស​នា​របស់បក្ស រដ្ឋ និងប្រជាជន៕

ប្រភព÷ TTXVN/Vietnam+ - សុផន

ចែករំលែកអត្ថបទ