ធ្លាប់ឆ្លងកាត់បណ្ដាខែឆ្នាំដ៏លំបាកលំបិន ពីរនាក់ប្តីប្រពន្ធបងគៀងសុធននិងបងស្រីស៊ើងធីហាយ នៅអនុសង្កាត់អង្គុលីខាងជើង សង្កាត់ដុងថាញ់ ខេត្តវិញឡុង បានប្រកបមុខរបរគ្រប់បែបយ៉ាង ចាប់តាំងពីធ្វើការឈ្នួលគ្រប់ការងាររហូតដល់ការក្រោកតាំងពីព្រលឹមដើម្បីដាល់អំបុកចិញ្ចឹមជីវិត។ ប៉ុន្តែដោយសារអំបុក ដែលជាផលិតផលពិសេសបំពាក់នូវដួងព្រលឹងវប្បធម៌ស្រុកកំណើត- រួមនឹងការជំនួយកម្លាំងពីប្រភពទុនគោលនយោបាយ ពីរនាក់ប្តីប្រពន្ធនេះបានបង្កើតនូវរឿងរ៉ាវជម្នះការលំបាកដែលគួរឱ្យកោតសរសើរ ជាមួយនឹងចំណូលស្ថិរភាពពី ៥០០.០០០ ដល់ ៦០០.០០០ ដុងក្នុងមួយថ្ងៃ។

បងគៀងសុធន កំពុងត្រៀមអំបុកដើម្បីព្រឹកស្អែកប្រគល់ឱ្យម៉ូយ។
ក្រោយពេលរៀបការកាលឆ្នាំ ១៩៩០ ជីវភាពរបស់បងគៀងសុធននិងបងស្រីស៊ើងធីហាយ នៅអនុសង្កាត់អង្គុលីខាងជើង ជួបការលំបាកយ៉ាងខ្លាំង។ ភាពក្រីក្រហាក់ដូចជា "តោងស្អិត" ជាប់នឹងគ្រួសារវ័យក្មេងនេះ ពេលដែលប្រាក់ចំណូលពឹងផ្អែកទាំងស្រុងលើធ្វើការឈ្នួលមិនប្រាកដប្រជា។ ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ ប្តីប្រពន្ធគាត់បានខិតខំប្រឹងប្រែងធ្វើការងារគ្រប់បែបយ៉ាង ចាប់តាំងពីធ្វើការឈ្នួល ដកស្មៅ ស្ទូងស្រូវ រហូតដល់ការជីកអណ្ដូង ស្តារភក់ជាដើម។
ទោះបីជាលំបាកនឿយហត់យ៉ាងណាក៏ដោយ បងសុធន នៅតែតស៊ូព្យាយាមជាមួយមុខរបរដាល់អំបុកប្រពៃណី ដោយសង្ឃឹមថា មានប្រាក់ចំណូលបន្ថែមសម្រាប់ចិញ្ចឹមកូនៗ។ ទោះជាយ៉ាងណាក៏ដោយ កម្លាំងពលកម្មដែលបានចំណាយទៅទាំងប៉ុន្មាន ក៏គ្រាន់តែល្មមសម្រាប់ដោះស្រាយការហូបចុកប្រចាំថ្ងៃប៉ុណ្ណោះ ភាពក្រីក្រនៅតែបន្តដេញប្រតោងគ្រួសារបងដដែល។
របត់ជីវិតថ្មីបានមកដល់គ្រួសាររបស់បង នៅពេលដែលទទួលបានប្រភពទុនបុលពីធនាគារគោលនយោបាយសង្គម។ ចាប់ផ្ដើមពីដើមទុនដំបូងត្រឹមតែ ១លានដុង រួចកើនឡើងជាបន្តបន្ទាប់ដល់រាប់សិបលានដុង បានបង្កឱកាសឱ្យគ្រួសារអាចដកដង្ហើមធូរស្រាលឡើងវិញ។ ជាមួយនឹងអត្តចរិតព្យាយាម ឧស្សាហ៍ និងមិនបោះបង់ បងសុធនបានប្រើប្រាស់ប្រភពទុននេះធ្វើជាកម្លាំងចលករ ដើម្បីប្រមូលទិញអំបុកបន្ថែមសម្រាប់យកទៅលក់រាយផង និងបោះដុំឱ្យម៉ូយធ្លាប់ស្គាល់ផង។
នៅពេលមានការជំនួយកម្លាំងពីប្រភពទុន មុខរបរអាជីវកម្មបានឈានដល់ភាពលំនឹងជាបណ្តើរៗ។ បងបានបន្តពង្រីកទ្រង់ទ្រាយ មិនបង្អង់ត្រឹមការលក់អំបុកប៉ុណ្ណោះទេ គាត់ថែមទាំងបើកហាងលក់ទំនិញចាប់ហួយបន្ថែមនៅផ្ទះ ដើម្បីធ្វើឱ្យប្រភពចំណូលរបស់គ្រួសារកាន់តែសម្បូរបែប។

បងស្រីស៊ើងធីហាយ កំពុងរែងនិងរើសសម្រិតសម្រាំងអំបុក ដើម្បីឱ្យផលិតផលធានាបាននូវគុណភាពមុនពេលនាំទៅប្រគល់ឱ្យម៉ូយ។
ដើម្បីទទួលបានជោគជ័យដូចសព្វថ្ងៃនេះ មិនអាចមិនរំលឹកដល់ការរួមដំណើររបស់បងស្រីស៊ើងធីហាយ ដែលជាភរិយាដ៏ឧស្សាហ៍ព្យាយាម តែងតែនៅក្បែរនិងជាបង្អែកយ៉ាងមាំជានិច្ច។ រាល់ថ្ងៃ បងស្រីហាយ គឺអ្នកគ្រប់គ្រងហាងលក់ចាប់ហួយនៅផ្ទះ ព្រមទាំងទទួលបន្ទុកការងាររែងរើសនិងច្នៃអំបុកយ៉ាងផ្ចិតផ្ចង់។ បងស្រីហាយ បានចែករំលែក៖ “ជារៀងរាល់ថ្ងៃ ខ្ញុំនៅផ្ទះមើលការខុសត្រូវហាងផង និងរែងអំបុកឱ្យបានស្អាតល្អផង ដោយមិនទុកឱ្យអំបុកមានលាយអង្កាម ឬគ្រាប់ស្កកឡើយ ដើម្បីធានាផលិតផលដល់ដៃអតិថិជនមានគុណភាពល្អបំផុត”។
ក្នុងពេលដែលបងស្រីហាយ មើលការខុសត្រូវការងារនៅផ្ទះ បងសុធនទទួលរ៉ាប់រងផ្នែកតភ្ជាប់ទីផ្សារ និងដឹកជញ្ជូន។ បងសុធន តែងតែដឹកអំបុកទៅប្រគល់ឱ្យម៉ូយធ្លាប់ស្គាល់នៅសង្កាត់កៃខេ អូរម៉ូង និងប៊ិញធ្វី (ទីក្រុងកឹងធើ)។
ជាមួយនឹងតម្លៃដ៏សមរម្យ គឺប្រហែល ៤០.០០០ ដុង/គីឡូក្រាមសម្រាប់ការលក់រាយនិង ៣៥.០០០ ដុង/គីឡូក្រាមប្រសិនបើលក់ដុំ ផលិតផលរបស់គ្រួសារគាត់តែងទទួលបានការជឿទុកចិត្តពីអតិថិជន។ ជាមធ្យមរៀងរាល់ថ្ងៃ គ្រួសារបងសុធន បានផ្គត់ផ្គង់អំបុកទៅកាន់ទីផ្សារពី ៥០ ដល់ ១០០ គីឡូក្រាម។ ជាពិសេស ក្នុងឱកាសបុណ្យអកអំបុក ចំនួននេះបានកើនឡើងរហូតដល់ ៤០០ ដល់ ៥០០ គីឡូក្រាមក្នុងមួយថ្ងៃ ដោយនាំមកនូវប្រាក់ចំណូលខ្ពស់សម្រាប់គ្រួសារ។
ពេលនិយាយអំពីមោទនភាពចំពោះរបរប្រពៃណី បងគៀងសុធន បានឱ្យដឹង៖ "ខ្ញុំមានមោទនភាពខ្លាំងណាស់ចំពោះរបរលក់អំបុកនេះ! ពីព្រោះការខិតខំរក្សារបរនេះ មិនត្រឹមតែនាំមកនូវប្រាក់ចំណូលសម្រាប់គ្រួសារប៉ុណ្ណោះទេ ថែមទាំងបង្កើតជាកម្លាំងចលករឱ្យខ្ញុំថែរក្សារបរប្រពៃណីបានយូរអង្វែងទៀតផង។ ទោះបីជាអតិថិជនទិញតិចឬច្រើន ឱ្យតែមានតម្រូវការគឺខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីដឹកជញ្ជូនទៅដល់កន្លែង។ ខ្ញុំយល់ថា នេះជាឱកាសដើម្បីផ្សព្វផ្សាយពីផលិតផល និងកសាងទំនុកចិត្ត ជួយឱ្យការធ្វើអាជីវកម្មកាន់តែរីកចម្រើន បើកទូលាយជាងមុននាពេលអនាគត"។
រឿងរ៉ាវរបស់ប្តីប្រពន្ធបងគៀងសុធន និងបងស្រីស៊ើងធីហាយ មិនត្រឹមតែជាភស្តុតាងនៃការចាកផុតពីភាពក្រីក្រដោយការឧស្សាហ៍ព្យាយាមប៉ុណ្ណោះទេ ថែមទាំងជាដំណើរនៃការថែរក្សាព្រលឹងវប្បធម៌ស្រុកកំណើតតាមរយៈផលិតផលអំបុកផងដែរ។ ក្នុងចរន្តនៃជីវិតដ៏មមាញឹក កសិករ ដូចជា ប្តីប្រពន្ធបងសុធននៅតែតស៊ូដោយស្ងាត់ស្ងៀម និងឱ្យតម្លៃរាល់ឱកាសអាជីវកម្មដើម្បីបញ្ជាក់ពីតម្លៃផ្ទាល់ខ្លួន។ ចំពោះពួកគាត់ រាល់កញ្ចប់អំបុកដែលប្រគល់ជូនអតិថិជនមិនត្រឹមតែជាការប្តេជ្ញាចិត្តចំពោះគុណភាពប៉ុណ្ណោះទេ នៅទាំងជាមោទនភាពរបស់កូនចៅជនជាតិខ្មែរនៅភូមិអង្គុលី ដែលកំពុងរួមចំណែកនាំយកផលិតផលប្រពៃណីទៅបានឆ្ងាយក្នុងជីវភាពរស់នាសម័យទំនើបនេះផង៕
ថាច់ធី