ផ្តើមពីការដោះស្រាយបែបបទរដ្ឋបាលតាមប្រព័ន្ធអនឡាញ រហូតដល់ទម្លាប់ទូទាត់ប្រាក់ដោយមិនប្រើប្រាក់ការងារផ្លាស់ប្តូរឌីជីថលនៅឃុំឡុងភូ ទីក្រុងកឹងធើ បាននាំមកនូវភាពងាយស្រួលយ៉ាងជាក់ស្តែង រួមចំណែកធ្វើឱ្យបច្ចេកវិទ្យាឌីជីថលកាន់តែខិតជិតនឹងជីវភាពប្រជាជន។

ប្រជាជនធ្វើបែបបទរដ្ឋបាលនៅមជ្ឈមណ្ឌលសេវារដ្ឋបាលឃុំឡុងភូ។
នៅឃុំឡុងភូ បច្ចុប្បន្ន មាន ១០០% កម្មាភិបាល បុគ្គលិករដ្ឋ បានបំពាក់កុំព្យូទ័រដោយតភ្ជាប់អ៊ីនធឺណិត ដើម្បីបម្រើដល់ការដោះស្រាយការងារលើបរិស្ថានអ៊ីនធឺណិត។ ប្រព័ន្ធទូរគមនាគមន៍បានគ្របដណ្តប់យ៉ាងទូលំទូលាយ ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាជន។ ការដាក់ឱ្យដំណើរការនូវប្រព័ន្ធឧគ្ឃោសនស័ព្ទទំនើប ក៏បានរួមចំណែកក្នុងការផ្លាស់ថ្មីវិធីសាស្រ្តផ្សព្វផ្សាយ ជួយផ្តល់ព័ត៌មានដល់ប្រជាជនបានយ៉ាងឆាប់រហ័សនិងទាន់ពេល។
ក្នុងការកសាងរដ្ឋបាលឌីជីថល ឃុំសម្រេចបានលទ្ធផលលេចធ្លោជាច្រើន។ សំណុំឯកសារការងារទាំង ១០០% បានដោះស្រាយលើប្រព័ន្ធអ៊ីនធឺណិត។ អត្រាសំណុំឯកសាររដ្ឋបាលដែលបានដោះស្រាយតាមប្រព័ន្ធអនឡាញ តែងសម្រេចបានកម្រិតខ្ពស់ ជួយឱ្យប្រជាជនប្រិតសំចៃពេលវេលានិងថវិកា។ ការអនុវត្តចុះហត្ថលេខាឌីជីថល កម្មវិធីគ្រប់គ្រង និងអ៊ីមែល បានក្លាយជាទម្លាប់ក្នុងការងាររបស់កងជួរកម្មាភិបាល រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រង។
ការផ្លាស់ប្តូរឌីជីថល មិនត្រឹមតែជាសកម្មភាពគ្រប់គ្រងរដ្ឋ ថែមទាំងបានសាយភាយយ៉ាងខ្លាំងក្លាទៅក្នុងជីវភាពសេដ្ឋកិច្ច - សង្គម។ គ្រួសារធ្វើអាជីវកម្មនិងសហគ្រាសជាច្រើនជាជំហានអនុវត្តលើមូលដ្ឋានឌីជីថល ក្នុងសកម្មភាពផលិតនិងអាជីវកម្ម។ ទូទាត់មិនប្រើប្រាក់កាន់តែពេញនិយមនៅតាមផ្សារនិងហាងនានា។ ក្នុងវិស័យកសិកម្ម ប្រជាជនតែងបានជំនួយការដាក់លក់ផលិតផលលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ប្រើប្រាស់កូដ QR ដើម្បីបញ្ជាក់ពីប្រភពដើម រួមចំណែកលើកកម្ពស់តម្លៃទំនិញ។
លោក ង្វៀងថាញ់ថាយ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ និងជាលេខាសម្ព័ន្ធយុវជនឃុំឡុងភូ ឱ្យដឹង៖ “សម្ព័ន្ធយុវជនបានកំណត់ច្បាស់ការផ្លាស់ប្តូរឌីជីថល គឺជាភារកិច្ចសំខាន់ ផ្សារភ្ជាប់ជាមួយតួនាទីឈានមុខរបស់យុវជន។ រយៈពេលកន្លង សមាជិកសម្ព័ន្ធយុវជននិងយុវជន បានចូលរួមយ៉ាងសកម្មក្នុងក្រុមបច្ចេកវិទ្យាឌីជីថល សហគមន៍ចាត់តាំងបើកយុទ្ធនាការ “ចុះដល់គ្រប់ច្រកល្ហក គ្រប់ផ្ទះ” ដើម្បីណែនាំប្រជាជនដាក់បញ្ចូលកម្មវិធីឌីជីថល ប្រើប្រាស់សេវារដ្ឋតាមប្រព័ន្ធអ៊ីនធឺណិត និងទូទាត់មិនប្រើប្រាក់។ តាមរយៈនោះ រួមចំណែកលើកកម្ពស់ការយល់ដឹងនិងបង្កទម្លាប់ឌីជីថលក្នុងសហគមន៍ ជាពិសេសនៅតំបន់ជនបទ”។
ទន្ទឹមនឹងលទ្ធផលដែលសម្រេចបាន ការងារផ្លាស់ប្តូរឌីជីថលក្នុងឃុំនៅជួបការលំបាកមួយចំនួន ដូចជា៖ បំណិនឌីជីថលរបស់ប្រជាជនមួយផ្នែកនៅមានកម្រិត និងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ខ្លះមិនទាន់មានភាពស៊ីសង្វាក់គ្នា។ ទោះជាយ៉ាងណាក៏ដោយ ជាមួយការប្តេជ្ញាចិត្តខ្ពស់ ឃុំឡុងភូបន្តជំរុញការផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងនិងលើកកម្ពស់ប្រសិទ្ធភាពសកម្មភាពរបស់ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍៕
ហុងទើ-ដាលីន