របរត្បាញហូលខ្មែរវ៉ាន់យ៉ាវ ឃុំអាងកឺ ខេត្តអាងយ៉ាង មានប្រវត្តិជាង១០០ឆ្នាំ ប្រជាជនទីនេះមានកីតម្បាញសឹងរាល់គ្រួសារ។ ថ្វីដ្បិតក្នុងសម័យសង្គ្រាមព្រំដែនតីណាមនៅឆ្នាំ១៩៧៨ ប្រជាជននៅទីនេះ ត្រូវបានជម្លៀសទៅកាន់ខេត្តកឹងធើ វិញឡុង កាម៉ាវ។ល។ មួយរយៈពេលធ្វើឱ្យរបរប្រពៃណីរងការសាបរលាបបន្តិចម្តងៗ។

សិប្បករសហករណ៍ត្បាញហូលខ្មែរវ៉ាន់យ៉ាវកំពុងត្បាញហូល។
ឆ្នាំ១៩៩២ ហូលវ៉ាន់យ៉ាវចាប់ផ្តើមបង្ហាញផលិតផលឡើងវិញលើទីផ្សារដោយផ្លាកយីហោ “Khmer Silk”។ ឆ្នាំ១៩៩៨ គម្រោងស្តារឡើងវិញរបរត្បាញហូល ដោយអង្គការ CARE ប្រចាំនៅវៀតណាម ឧបត្ថម្ភអនុវត្ត ជួយលើកកម្ពស់បច្ចេកទេសជ្រលក់សូត្រ ប្រព្រឹត្តិកម្ម ទឹកកខ្វក់និងបំពាក់ឧបករណ៍កីតម្បាញ។ ឆ្នាំ ២០០០ សហករណ៍ត្បាញហូលវ៉ាន់យ៉ាវ បានបង្កើតឡើងដោយមាន ៧១ គ្រួសារ មានសមាជិកសហករណ៍ ១២៦ នាក់ ដើម្បីចងសម្ព័ន្ធផលិតនិងផ្សព្វផ្សាយផលិតផល។ បច្ចុប្បន្ន សហករណ៍មាន ៣៦ គ្រួសារ ដោយមានសមាជិក ៦៣ នាក់ ក្នុងនោះ មានសិប្បករឆ្នើម២នាក់ និងជាងជំនាញ២នាក់។
ឆ្នាំ ២០០៦ ផលិតផលតម្បាញ “ហូលវ៉ាន់យ៉ាវ” បានកសាងនិងអភិរក្សដោយពាណិជ្ជសញ្ញា សមូហភាព។ ឆ្នាំ ២០០៧ ភូមិរបរបានគណៈកម្មាធិការប្រជាជនខេត្តអាងយ៉ាង ទទួលស្គាល់ជាភូមិរបរប្រពៃណីសិប្បកម្មខ្នាតតូច។ នៅឆ្នាំ ២០១៤ និងឆ្នាំ ២០១៦ ផលិតផលបានទទួលស្គាល់ជាផលិតផលឧស្សាហកម្មជនបទគំរូថ្នាក់ខេត្ត។
ផ្តើមពីហូលប្រពៃណី ភូមិរបរត្បាញហូលខ្មែរវ៉ាន់យ៉ាវ បានអភិវឌ្ឍផលិតផលមានផ្លាកយីហោ “Khmer Silk” បើករបត់ដ៏សំខាន់ក្នុងការអភិវឌ្ឍរបរតម្បាញរបស់ជនរួមជាតិខ្មែរនៅខេត្តអាងយ៉ាង។ ផលិតផលសារុងរបស់ភូមិរបរ បានទទួលស្គាល់ជាផលិតផល OCOP លំដាប់ផ្កាយ៣ និងបានទទួលស្គាល់ជាផលិតផលឧស្សាហកម្មជនបទគំរូថ្នាក់តំបន់ភាគខាងត្បូងនៅឆ្នាំ២០២៣។ បច្ចុប្បន្ន ផលិតផលរបស់ភូមិរបរត្បាញហូលខ្មែរវ៉ាន់យ៉ាវ មិនត្រឹមតែបានប្រើប្រាស់នៅក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងបាននាំចេញទៅលក់នៅទីផ្សារបរទេសទៀតផង។
បងស្រីនាងចន្ធី ប្រធានសហករណ៍ត្បាញហូលខ្មែរវ៉ាន់យ៉ាវ ឱ្យដឹង៖ “យើងខ្ញុំតែងខិតខំប្រឹងប្រែងថែរក្សារបរត្បាញហូលប្រពៃណីរបស់ជនរួមជាតិខ្មែរ ព្រមទាំងធ្វើការកែច្នៃម៉ូដ លើកកម្ពស់គុណភាពផលិតផល ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ”។
លោកង្វៀងយីផុង ប្រធានគណៈកម្មាធិការប្រជាជនឃុំអាងកឺ ផ្តល់ព័ត៌មាន ភូមិរបរត្បាញហូលខ្មែរវ៉ាន់យ៉ាវ មិនត្រឹមតែរក្សានូវតម្លៃវប្បធម៌ ប្រពៃណីរបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន។ ការអភិរក្សនិងពង្រីករបរត្បាញហូល គឺជួយទាំងការថែរក្សាវប្បធម៌ខ្មែរ និងបង្កជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍភូមិរបរ។ នៅពេលខាងមុខ ភូមិភាគគ្រោងនឹងបង្កើតផែនទីកសិកម្ម រៀបចំគម្រោងប្លង់តំបន់វត្ថុធាតុដើមដាំមន ចិញ្ចឹមដង្កូវនាងលើផ្ទៃដីជាង ១ ហិកតា ដើម្បីបម្រើដល់ការផលិត។ ទន្ទឹមនឹងនោះ ឃុំនឹងឧបត្ថម្ភបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កលក្ខណៈដល់ប្រជាជនបង្ខិតជិតប្រភពទុនអាទិភាពចាប់ពី ៥ លានដុងដល់ ១០០ លានដុង បង្កើនការផ្សព្វផ្សាយផលិតផលហូលខ្មែរមានផ្លាកយីហោ “Khmer Silk “ផ្សារភ្ជាប់ភូមិរបរទៅនឹងការអភិវឌ្ឍទេសចរណ៍នៅមូលដ្ឋាន៕
វឌ្ឍា-មុនី