ខេត្តកាម៉ាវ តាំងពីមុនមកតែងបានគេស្គាល់ថាជា “តំបន់” បង្គារបស់ប្រទេស។ ជាច្រើនឆ្នាំកន្លងមកនេះ ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការប្រជុំជីវភាពនិងការផលិត ហេតុនេះខេត្តបាននិងជំរុញការអនុវត្តទម្រង់បន្សាំនឹងការប្រែប្រួលអាកាសធាតុ ប្រកបដោយប្រសិទ្ធភាព ដើម្បីជួយដល់ប្រជាជនស្ងប់អារម្មណ៍ក្នុងការផលិត លំនឹងជីវភាព។

កសិករខេត្តកាម៉ាវ កំពុងប្រមូលផលបង្គា។
តាមប្រសាសន៍លោក ផាងមិញជី នាយករងមន្ទីរកសិកម្មនិងបរិស្ថានខេត្តកាម៉ាវ ទូទាំងខេត្តមានផ្ទៃដីធ្វើវារីវប្បកម្មជាង៤២២.០០០ ហិកតា ក្នុងនោះផ្ទៃដីចិញ្ចឹមបង្គាជាង ៤១៦.០០០ ហិកតា។ ខេត្តមានផ្ទៃដីចិញ្ចឹមបង្គាប្រពលវប្បកម្ម និងអតិប្រពលវប្បកម្មជាង៣៤.៥០០ហិកតា ការចិញ្ចឹមតាមបែបវិបុលវប្បកម្មកែច្នៃជាង១៩៧.០០០ ហិកតា និងការចិញ្ចឹមបែបវិបុលវប្បកម្មគួបផ្សំ ដូចជា៖ បង្គា-ព្រៃ បង្គា-ស្រូវ បង្គា-ក្តាម-ត្រី លើផ្ទៃដីជិត១៨៥.០០០ ហិកតា។ អាស្រ័យហេតុនោះ បរិមាណផលសម្រេច៦៦.០០០ តោនក្នុងមួយឆ្នាំ ស្រូបអត្រាជាង៤៥% នៃបរិមាណផលបង្គាទូទាំងប្រទេស រួមចំណែកជំរុញតម្លៃនាំចេញជលផលរបស់ខេត្តសម្រេចពី២,៦ ដល់២,៩ពាន់លានដុល្លារក្នុងមួយឆ្នាំ ក្នុងនោះផលិតផលបង្គា ស្រូបអត្រាជាង ៩០%។
ទន្ទឹមជាមួយនឹងលទ្ធផលគួរជាទីមោទនៈ ខេត្តក៏កំពុងប្រឈមមុខនឹងឧបសគ្គជាច្រើនដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ កម្រិតទឹកសមុទ្រកើនឡើង និងការជ្រាបប្រៃចូលជ្រៅទៅក្នុងតំបន់ដីកសិកម្ម ធ្វើឱ្យផ្ទៃដីជាង ៣០.០០០ ហិកតាជ្រាបជាតិប្រៃ; រងការខូចខាតស្ទើរតែទាំងស្រុងជាង១៤.០០០ហិកតា; មានទីតាំងបាក់ ស្រុតដី៤០២កន្លែង សរុបប្រវែងជាង៦២៩គីឡូម៉ែត្រ បណ្ដាលឱ្យបាត់បង់ដីធ្លីនិងព្រៃការពារជាង៦.២៥០ហិកតា។ មានគ្រួសារជាច្រើនត្រូវបង្ខំឱ្យរុះរើផ្លាស់ទីកន្លែង រួមទាំងសំណង់ជាច្រើនក៏រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ លើសពីនេះ ភាពរាំងគោកនិងការខ្វះទឹកសាបក្នុងរដូវប្រាំងក៏កាន់តែធ្ងន់ធ្ងរណាស់ដែរ មានជាង២.៦០០គ្រួសារខ្វះទឹកស្អាតប្រើប្រាស់ បង្កការខាតបង់ជាង៤៤ពាន់លានដុង ធ្វើឱ្យប៉ះពាល់ដោយផ្ទាល់ដល់ជីវភាព ទ្រព្យសម្បត្តិរបស់ប្រជាជន។
លោកផាងមិញជី ឱ្យដឹងបន្ថែម៖ “បច្ចុប្បន្ន ខេត្តបាននិងកំពុងជំរុញការអនុវត្តទម្រង់បន្សាំនឹងការប្រែប្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព ដូចជា៖ ទម្រង់ចិញ្ចឹមបង្គាប្រពលវប្បកម្ម និងអតិប្រពលវប្បកម្មវិលជុំ; ទម្រង់បង្គា-ព្រៃ បង្គា-ស្រូវ សរីរាង្គ និងការចិញ្ចឹមច្រើនប្រភេទចម្រុះគ្នា; ទម្រង់ចិញ្ចឹមបែបអេកូឡូស៊ីវិលជុំ និងកាត់បន្ថយឧស្ម័ន ផ្ទះកញ្ចក់; រួមជាមួយនឹងការបង្កើនការគ្រប់គ្រងប្រភពទឹក ការការពារព្រៃទឹកលិច; ការតភ្ជាប់ខ្សែសង្វាក់តម្លៃនិងទទួលស្គាល់ជាតំបន់ចិញ្ចឹមប្រកបដោយចីរភាពតាមបទដ្ឋានអន្តរជាតិ…។ ឆ្លងតាមរយៈនោះ បានជួយកសិករមានជីវភាពល្អប្រសើរឡើងលើតំបន់ដីរបស់ខ្លួន ហើយបន្តអភិវឌ្ឍវិស័យ ផលិតផលបង្គាតាមទិសដៅ “កសិកម្មបៃតង - ឆ្លាតវៃ - ចីរភាព” ។
លោកង្វៀងថាញ់ណាម នាយកដ្ឋានគ្រប់គ្រងទំនប់ការពារនិងបង្ការប្រឆាំងគ្រោះធម្មជាតិនៃក្រសួងកសិកម្មនិងបរិស្ថាន ឱ្យដឹង៖ ខេត្តកាម៉ាវ បានកំណត់ច្បាស់ថា ការប្រែប្រួលអាកាសធាតុ គឺជាឧបសគ្គមួយនៅចំពោះមុខនិងមានរយៈពេលវែងសម្រាប់ការអភិវឌ្ឍរបស់ខេត្ត។ ទោះជាដូច្នេះក៏ដោយ នេះក៏ជាឱកាសមួយសម្រាប់ខេត្តក្នុងការបង្វែររចនាសម័្ពន្ធសេដ្ឋកិច្ចឡើងវិញ តាមទិសដៅ កាន់តែមានចីរភាពជាងទៀត។ ការអភិវឌ្ឍនិងពង្រីកនូវទម្រង់ប្រកបរបរចិញ្ចឹមជីវិតនៅកាម៉ាវ មិនត្រឹមតែជួយឱ្យប្រជាជនអាចបន្សាំនឹងការប្រែប្រួលអាកាសធាតុ ធ្វើមានប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការការពារបរិស្ថាន បង្កើនតម្លៃផលិតផល និងបង្កជាកម្លាំងជំរុញសម្រាប់កំណើនសេដ្ឋកិច្ចចីរភាពរបស់ខេត្ត៕
យីអាញ - ពេជ្រសឿន