មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

17/03/2025 - 15:06

កសិករ​ចិញ្ចឹម​បង្គាស​ប្បាយ​ចិត្ត ព្រោះ​លក់​បាន​ថ្លៃ 

ភាព​សប្បាយ​រីក​រាយ​នៅ​ពេល​តម្លៃ​បង្គា​ស្រស់​កំ​ពុង​មាន​សម្ទុះ​កើន​ឡើង កសិករ​ចិញ្ចឹម​បង្គា​នៅ​បាក​លីវ កាន់​តែ​មាន​កម្លាំង​ចិត្ត ដើម្បី​ត្រៀម​លក្ខណៈ​សម្រាប់​រដូវ​កាល​ថ្មី។

 កសិ​ករ​ខេត្ត​បាក​លីវ កំ​ពុង​ប្រ​មូល​ផល​បង្គា។

សព្វ​ថ្ងៃ បង្គា​ស្រស់ (រួម​មាន៖ បង្គា​ជើង​ស​និង​បង្គា​នាគ) ប្រ​ភេទ​៣០​-៤០ ក្បាល​ក្នុង​មួយ​គីឡូ​ក្រាម តម្លៃ​ពី​១៦០.០០០ -​១៨០​.០០០ ប្រ​ភេទ​៥០​-៧០ ក្បាល​ក្នុង​មួយ​គី​ឡូ​ក្រាម តម្លៃ​ពី ១១០​.០០០​ - ១៣០​.០០០ ដុង ប្រ​ភេទ ៨០ - ១០០ ក្បាល​ក្នុង​មួយ​គី​ឡូ​ក្រាម តម្លៃ​ពី ៩០​.០០០​-​៩៥.​០០០ ដុង កើន​មធ្យម​ភាគ​ពី ៥.០០០​-១០​.០០០ ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ ២០២៤ ។ នេះ​គឺ​ជា​កម្រិត​កើន​ខ្ពស់​បំ​ផុត​ចាប់​ពី​ដើម​ឆ្នាំ ២០២៤ មក។ ជា​មួយ​នឹង​តម្លៃ​នេះ ក្រោយ​ពី​ផាត់​ទាត់​រួច កសិ​ករ​អ្នក​ចិញ្ចឹម​បង្គា​ចំ​ណេញ​ខ្ពស់​គួរ​សម។

លោក ត្រឹង​មិញសើុង នៅ​ឃុំ​ឡុង​ដៀង ស្រុក​ដុង​ហាយ ឱ្យ​ដឹង៖ “តាំង​ពី​ដើម​ខែ​កុម្ភៈ​មក ខ្ញុំ​ប្រ​មូល​ផល​បង្គា​៧​ស្រះ ផ្ទៃ​ស្រះ​នី​មួយ​ៗ​ទំ​ហំ ១.០០០ ម៉ែត្រ​កា​រ៉េ ទិន្ន​ផល​បាន​ជិត​៣០​តោន; ជា​មួយ​នឹង​តម្លៃ​បង្គា​ជើង​ស​បង្កក ៣០ ក្បាល​ក្នុង​គីឡូ​ក្រាម តម្លៃ ១៨០​.០០០ ដុង​៤០ ក្បាល​ក្នុង​មួយ​គី​ឡូ​ក្រាម​តម្លៃ ១៥៥.​០០០ ដុង ដូច្នេះ ក្រោយ​ពី​ផាត់​ទាត់​រួច នៅ​ចំ​ណេញ​ខ្ពស់​គួរ​សម។ សម្រាប់​តម្លៃ​នេះ កសិ​ករ​ចិញ្ចឹម​បង្គា​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ហើយ​សង្ឃឹម​ថា ឆ្នាំ​នេះ​គឺ​ជា​ឆ្នាំ​ចិញ្ចឹម​បង្គា​កាក់​កប​បំ​ផុត”។

ខេត្ត​បាក​លីវ មាន​ផ្ទៃ​ដី​វារី​វប្ប​កម្ម ១៤០​.០០០ ហិក​តា សម្រេច​បរិ​មាណ​ជាង ៣៤៣.​០០០ តោន ក្នុង​មួយ​ឆ្នាំ ឈរ​លំ​ដាប់​លេខ​២​ក្នុង​ទូ​ទាំង​ប្រ​ទេស។ ខេត្ត​បាន​កំ​ណត់​ច្បាស់​វារី​វប្ប​កម្ម​ដែល​សំ​ខាន់​បំ​ផុត​នោះ​គឺ បង្គា​នាគ​និង​បង្គា​ជើង​ស គឺ​ជា​ផ្នែក​សេដ្ឋ​កិច្ច​មុខ​ព្រួញ ដោយ​មាន​ទម្រង់​ចិញ្ចឹម​ជា​ច្រើន ដូច​ជា ចិញ្ចឹម​តាម​បែប​ប្រ​ពល​វប្ប​កម្ម ពាក់​កណ្ដាល​ប្រ​ពល​វប្ប​កម្ម អតិ​ប្រ​ពល​វប្ប​កម្ម បង្គា​-ស្រូវ​បង្គា​-ព្រៃ ។ល។ ខេត្ត​បាន​អភិវឌ្ឍន៍​កសាង​តំ​បន់​ចិញ្ចឹម​បង្គា​បច្ចេក​វិទ្យា​ខ្ពស់ លើ​ផ្ទៃ​ដី ២៧​.២០០ ហិក​តា តំ​បន់​ចិញ្ចឹម​បង្គា​ជើង​ស​បែប​អតិ​ប្រ​ពល​វប្ប​កម្ម ៤.០០០ ហិក​តា ស្ថិត​នៅ​ក្រុង​បាក​លីវ ស្រុក​ហ្វា​ប៊ិញ​និង​ដុង​ហាយ; តំ​បន់​ចិញ្ចឹម​តាម​បែប​ប្រ​ពល​វប្ប​កម្ម ពាក់​កណ្ដាល​ប្រ​ពល​វប្ប​កម្ម ៨.០០០ ហិក​តា ស្ថិត​នៅ​ក្រុង​បាក​លីវ ស្រុក​ហ្វា​ប៊ិញ វិញ​ឡើយ​និង​ដុង​ហាយ។ លោក ហ៊ូ​ថាញ​ត្វឹង ប្រ​ធាន​កា​រិយា​ល័យ​កសិ​កម្ម​និង​បរិស្ថាន​ស្រុក​ដុង​ហាយ ឱ្យ​ដឹង៖ “ទំ​ហំ​បង្គា​កាន់​តែ​ធំ តម្លៃ​កាន់​តែ​ខ្ពស់។ សព្វ​ថ្ងៃ ផ្នែក​ជំ​នាញ​បាន​ធ្វើ​ការ​ណែ​នាំ​ដល់​កសិករ​ជា​ជំ​ហានៗ​ប្ដូរ​មក​អនុវត្ត​ទម្រង់​ចិញ្ចឹម​បង្គា​បច្ចេក​វិទ្យា​ខ្ពស់ ដើម្បី​បង្កើន​បរិ​មាណ​ផល និង​គុណ​ភាព​បង្គា។ ស្រុក​បាន​ក្រើន​រំលឹក​ដល់​កសិករ​ចិញ្ចឹម​បង្គា​អំ​ពី​កម្រិត​នៃ​ការ​ព្រ​លែង​កូន​ពូជ ចាត់​កម្មា​ភិបាល​បច្ចេក​ទេស​ចុះ​ទៅ​ដោយ​ផ្ទាល់ ដើម្បី​ក្ដាប់​ពី​ភូមិ​សាស្រ្ត ណែ​នាំ និង​ជួយ​មា​មីង​កសិ​ករ​ក្នុង​ដំ​ណាក់​កាល​នៃ​ការ​ចិញ្ចឹម”។

តាម​ការ​ព្យា​ករណ៍​របស់​ក្រុម​ហ៊ុន​សមា​គម​កែ​ច្នៃ​និង​នាំ​ចេញ​ជល​ផល ទី​ផ្សារ​បង្គា​កំ​ពុង​មាន​សញ្ញា​កើន​ឡើង​វិញ​ជា​វិជ្ជ​មាន។ ដើម្បី​ចាប់​យក​ឱកាស​នេះ ទន្ទឹម​ជា​មួយ​នឹង​ការ​ព្រ​លែង​នោះ ការ​ថែ​ទាំ​ក៏​គប្បី​យក​ចិត្ត​ទុក​ដាក់​ដល់​ដំ​ណើរ​ការ​ផលិត​កម្ម ដើម្បី​ធា​នា​បង្គា​ស្រស់​សុវត្ថិ​ភាព​គ្មាន​ជំ​ងឺ ឆ្លើយ​តប​តាម​តម្រូវ​ការ​ទី​ផ្សារ ដើម្បី​ឈាន​ដល់​ការ​កសាង​ពា​ណិជ្ជ​សញ្ញា​សម្រាប់​បង្គា​វៀត​ណាម​លើ​ឆាក​អន្តរ​ជាតិ៕

  យ្វី​អាញ - ពេជ្រ​សឿន

ចែករំលែកអត្ថបទ