ត្នោតជាប្រភេទរុក្ខជាតិមានខ្លឹម ខ្ពស់រាប់សិបម៉ែត្រ ផ្លែចង្កោមជាស្មែង ពេលនៅខ្ចីផ្លែមានពណ៌បៃតងខ្ចី លុះពេលទុំមានពណ៌ស្វាយក្រមៅ ទឹកផ្អែម ក្រអូប។ រដូវត្នោតទុំ គឺចាប់ពីខែមិគសិរដល់ខែពិសាខ។ ខណៈនោះ ប្រជាជននៅតំបន់បៃណូយ ខេត្តអាងយ៉ាង តែងមមាញឹកជាមួយនឹងការងារ “រកស៊ីចិញ្ចឹមជីវិតនៅលើលំហអាកាស”។
រូបជាឧទាហរណ៍។
បង ង្វៀងវ៉ាន់តឹន នៅអនុសង្កាត់ភូញ៉ឹក សង្កាត់អាងភូ ទីរួមខេត្តទិញបៀង ខេត្តអាងយ៉ាង ប្រកបរបរឡើងដើមត្នោតដើម្បីយក “ទឹកត្នោត”។ ជារបរដែលមនុស្សគ្រប់រូប តែងប្រៀបធៀបថា “ហូបបាយនៅដី ធ្វើការនៅលើអាកាស”។ ពេលឡើងដល់ចុងត្នោត បងតឹន យកកាំបិតកាត់ទទឹងផ្នែកខាងចុងទងផ្កាត្នោត រួចយកបំពង់ទៅត្រង។ បន្ទាប់ពីនោះ គាត់ងាកទៅកាត់ទងផ្កានិងត្រងទឹកត្នោតពីទង ផ្កាផ្សេងទៀតមិនយូរប៉ុន្មានបំពង់នោះក៏ពេញដោយទឹក។ យកទឹកដើមនេះរួច គាត់ក៏ឆ្លងទៅដើមមួយទៀត។
ពេលយកទឹកត្នោតរួចរាល់ បងតឹន ក៏បានចងជាចង្កោមភ្ជាប់នឹងចង្កេះ ក៏រួតរះចុះមកដីវិញ។ ក្នុងអំឡុងពេលឡើងនោះ បងតឹន មិនមានប្រើឧបករណ៍ការពារអ្វីទេ។ បងតឹន រ៉ាយរ៉ាប់៖ “របរឡើងដើមត្នោតលំបាកណាស់។ តាំងពីព្រលឹមដល់ព្រលប់គឺតោងនៅលើដើមត្នោត។ល។ អស់ពីដើមមួយឆ្លងទៅដើមមួយទៀត។ ជីវិតខ្ញុំផ្សារភ្ជាប់នឹងដើមត្នោត ខ្ញុំធំដឹងក្តីឡើងដោយសារដើមត្នោត ហើយឥឡូវនេះដើមត្នោតក៏ជាប្រភពចិញ្ចឹមជីវិតដ៏សំខាន់របស់គ្រួសារខ្ញុំដែរ។ ទោះបីលំបាកនឿយហត់ និងគ្រោះថ្នាក់ក៏ដោយ ប៉ុន្តែតាមប្រសាសន៍របស់ប្រជាជន របរឡើងដើមត្នោតយកទឹកត្នោត ផ្តល់ប្រាក់ចំណូលស្ថិរភាព។ ដោយសារដើមត្នោត ទើបគ្រួសារខ្ញុំមានជីវភាពលំនឹង កូនៗទាំង២នាក់បានរៀនសូត្រត្រឹមត្រូវ”។
នៅវាលស្រែក្បែរនេះ មានបុរសម្នាក់ឈ្មោះ ង្វៀងវ៉ាន់ដាង (អាយុ ៦០ ឆ្នាំ) កំពុងសស្រាក់សស្រាំចុះពីដើមត្នោត។ ដៃកាន់បំពង់ទឹកត្នោត ៤ ទៅ ៥ បំពង់ ដោយមានទឹកត្នោតផ្អែម ក្រអូប បញ្ចេញទឹកមុខញញឹម៖ “នេះជាទឹកត្នោតយកពីដើមញី វាផ្អែមឆ្ងាញ់ ហើយមានស្ករច្រើនណាស់”។ លោកដាង ប្រកបរបរឡើងដើមត្នោត ៤៤ ឆ្នាំហើយ។
តាមប្រសាសន៍លោកដាង ដោយសារមានដើមត្នោត ទើបជីវភាពគ្រួសារស្ថិរភាព និងធូរធារឡើង។ របរឡើងដើមត្នោតមិនគ្រាន់តែជាការរកស៊ីចិញ្ចឹមជីវិតប៉ុណ្ណោះទេ វាបានជ្រាបចូលក្នុងសាច់ឈាមទៅហើយ ហេតុនោះ ទោះបីជាគាត់មានវ័យចំណាស់ក៏ដោយ ប៉ុន្តែក្នុងរដូវត្នោត គាត់ឡើងដើមត្នោតក្នុងមួយថ្ងៃបីដង ដើម្បីយកទឹកត្នោត។ ពេលថ្ងៃត្រង់ នៅវាលត្នោតដ៏ធំល្វឹងល្វើយ ពួកបុរសៗតែងមមាញឹកជាមួយនឹងនឹងការងាររកស៊ីចិញ្ចឹមជីវិត បានបង្កើតទៅជារូបភាពដ៏ពិសេសមួយនៅតំបន់បៃណូយ៕
យោង៖ កាសែតអាងយ៉ាង - ត្រឹងរ៉ូន