អ៊ំស្រីធីហ្វែ នៅឃុំឌិញអាង ស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង គឺជាពុទ្ធបរិស័ទម្នាក់ក្នុងចំណោមពុទ្ធបរិស័ទជាច្រើនទៀត ដែលតែងមកជួយធ្វើកិច្ចការក្នុងវត្ត និងចូលរួមថវិកាដើម្បីកសាងខ្លោងទ្វារវត្តមូលជុំព្រែកទា។
អ៊ំស្រីធីហ្វែ។
ផ្ទះអ៊ំស្រីធីហ្វែ នៅចម្ងាយពីវត្តព្រែកទា ជាង ១ គីឡូម៉ែត្រ ក្បែរផ្លូវលេខ៦១។ ពេលយើងខ្ញុំទស្សនាខ្លោងទ្វារថ្មីរបស់វត្ត គាត់ក៏បានអញ្ជើញមកវត្ត ដើម្បីកត់ឈ្មោះជាងដែលកំពុងដំណើរការធ្វើសាលារៀនក្នុងវត្ត។ ដោយសារមានអាយុជាង ៧០ ឆ្នាំ ហើយពេលថ្ងៃត្រង់ មេឃក្តៅខ្លាំងទៀត ទើបគាត់ឱ្យកូនស្រីយកម៉ូតូឌុបមកវត្ត។ គាត់ចង្អុលបង្ហាញបញ្ជីឈ្មោះ ដែលដាក់នៅជិតខ្លោងទ្វារវត្ត រួចប្រាប់ថា៖ “នេះជាឈ្មោះខ្ញុំ ដែលប្រគេនថវិកាកសាងខ្លោងទ្វារ និងរបងវត្ត។ បន្ទាប់ពីចលនាពុទ្ធបរិស័ទកសាងខ្លោងទ្វារនិងរបងវត្តសម្រេចរួចរាល់ ព្រះចៅអធិការនិងគណៈកម្មការវត្ត ក៏ចលនាកសាងសាលារៀនបន្តទៀត។ ក្នុងចំណោមជាងរាប់សិបនាក់ដែលប្តូរវេនគ្នាកសាងរបងខ្លោងទ្វារ ឥឡូវកសាងសាលារៀនទៀត មានជាងតែ ៥ នាក់ប៉ុណ្ណោះដែលត្រូវសងថ្លៃពលកម្ម។ ក្រៅពីនោះ ពុទ្ធបរិស័ទជួយធ្វើទាំងអស់។ ខ្ញុំមកវត្តពីរលើកក្នុងមួយថ្ងៃ ដើម្បីពិនិត្យកត់ឈ្មោះជាង ធ្វើការរួចបើកប្រាក់ជូនជាងមួយចំនួនដែលស្ថានភាពលំបាក ចិញ្ចឹមកូនតូច។ ក្នុងក្រុមជាង យើងខ្ញុំតែងឧបត្ថម្ភអង្ករ មី និងសម្លៀកបំពាក់ ដើម្បីពួកគាត់ស្ងប់ចិត្តជួយធ្វើកិច្ចការ”។
អ៊ំស្រីហ្វែ រៀបរាប់ឱ្យដឹង៖ “ប្តីខ្ញុំជាជនជាតិកិញ ប៉ុន្តែគាត់អស់ពីចិត្តជាមួយនឹងការងារវត្តជាងខ្ញុំទៀត។ ពីព្រោះគាត់បើកម៉ូតូបាន ម្ល៉ោះហើយឱ្យតែព្រឹកឡើងគាត់បើកម៉ូតូមកវត្តជួយកិច្ចការនេះនោះជាប្រចាំ។ ប្តីប្រពន្ធនឿយហត់ណាស់ ទើបកសាងបានមូលដ្ឋានរកស៊ីដូចសព្វថ្ងៃ។ ពិសេសកូនៗមានជីវភាពធូរធារ ម្នាក់ទៅធ្វើការ ម្នាក់ទៅបង្រៀន ម្នាក់ធ្វើអាជីវកម្ម ម្ល៉ោះហើយ ប្រាក់ចំណូលពីដីស្រែរាប់សិបកុងនិងឱ្យជួលផ្ទៃដី យើងខ្ញុំទុកសម្រាប់ស៊ីចាស់និងស្របមតិគ្នាជួយកសាងវត្ត”។
អ៊ំស្រីហ្វែ ឱ្យដឹង៖ ប្តីប្រពន្ធគាត់ប្រគេនថវិកា៥០លានដុង ដើម្បីកសាងខ្លោងទ្វារវត្ត។ ថវិកាកសាងសាលារៀនមិនទាន់គិតនៅឡើយទេ ពីព្រោះមិនទាន់សម្រេចរួចរាល់។ អ៊ំស្រីហ្វែ បង្ហើបឱ្យដឹង៖ “ថវិកាកសាងសាលារៀន បើខ្វះយើងខ្ញុំរួមចំណែកបន្ថែមទៀត ដើម្បីសមណសិស្សនិងកូនចៅមានកន្លែងសិក្សា។ ចំណែកកូនៗខ្ញុំបានផ្តែផ្តាំថា “បើខ្វះថវិកា ឪពុកម្តាយឱ្យកូនៗដឹង ដើម្បីរួមចំណែកឬចលនាមិត្តភ័ក្តិ សប្បុរសជនរួមវិភាគទានបន្ថែម”។ គ្រួសារខ្ញុំ អ្នកណាក៏ស្រុះចិត្តរួមកម្លាំងកាយនិងថវិកា ដើម្បីរួមចំណែកកសាងវត្តឱ្យកាន់តែសមរម្យជាងទៀតពីមួយថ្ងៃទៅមួយថ្ងៃ”។
បងស្រី ធីអៀង កូនជាងកំបោរកំពុងធ្វើនៅក្នុងវត្ត ឱ្យដឹង៖ “អ៊ំហ្វែ គាត់ទិញសំពត់សនិងកំពុងរកអ្នកដេរអាវសឱ្យយើងខ្ញុំដើម្បីទៅវត្តក្នុងពិធីបុណ្យផ្សេងៗ។ ក្រៅពីនោះ គាត់តែងទិញគ្រឿងឧបភោគបរិភោគជួយផ្គត់ផ្គង់ដល់យើងខ្ញុំទៀតផង”៕
ហាថាញ -វិមាន