អ្នកមានប្រជាប្រិយនៅខេត្តសុកត្រាំង បានចូលរួមជាមួយរដ្ឋអំណាចរណសិរ្សនិងអង្គការមហាជនគ្រប់លំដាប់ថ្នាក់ ឃោសនា ចលនាជនរួមជាតិខ្មែរអនុវត្តបានល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ; “រស់នៅនិងធ្វើការតាមរដ្ឋធម្មនុញ្ញនិងច្បាប់” សកម្មចូលរួមបង្ការប្រឆាំងបទល្មើស រួមចំណែករក្សាសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគ។
លោកយឿងសាខា ប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ប្រទានប័ណ្ណសរសើរដល់អ្នកមានប្រជាប្រិយ ដែលមានស្នាដៃរួមចំណែកច្រើនក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់។
ឆ្នាំ២០២៣ អ្នកមានប្រជាប្រិយចូលរួមសម្រុះសម្រួលនៅមូលដ្ឋានបាន១៣៣លើក ផ្តល់ដំណឹងដ៏មានតម្លៃ១៧២ដំណឹងដល់ស្ថាប័នមានសមត្ថកិច្ចដោះស្រាយនិងវិនិច្ឆ័យបានទាន់ពេល រួមចំណែកបង្កទំនុកចិត្តក្នុងប្រជាជន រក្សាសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគ។ ព្រះតេជព្រះគុណ លីមិញឌឹក ព្រះចៅអធិការវត្តសំរោង សង្កាត់៥ មានថេរដីកា៖ “ការឃោសនាមានប្រសិទ្ធភាពខ្ពស់ក្នុងការលើកកម្ពស់ស្មារតីពុទ្ធបរិស័ទខ្មែរបង្ការទប់ស្កាត់បទល្មើស។ ហេតុនោះ ពេលសម្តែងធម៌ទេសនាម្តងៗ អាត្មាភាពតែងផ្គួបបញ្ចូលគោលធម៌និងច្បាប់រដ្ឋ ដើម្បីពុទ្ធបរិស័ទខ្មែរយល់ច្បាស់ ចៀសឆ្ងាយពីអំពើទុច្ចរិត ធ្វើតែអំពើល្អ ប្រៀនប្រដៅកូនចៅចៀសវាងបាបគ្រោះសង្គម ម្ចាស់ការបរិហារបទល្មើសជាដើម។ ឥឡូវ ពុទ្ធបរិស័ទខ្មែរក្នុងចំណុះជើងវត្តសកម្មចូលរួមទម្រង់ “ព្រះសង្ឃនិងពុទ្ធបរិស័ទចូលរួមបង្ការប្រឆាំងបទល្មើស បាបគ្រោះសង្គម” ម្ល៉ោះហើយ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ក្នុងវត្តតែងបានរក្សាលំនឹងជានិច្ច មាមីងនិងភ្ញៀវទេសចរ ស្ងប់ចិត្តពេលមកទស្សនាកម្សាន្តនិងធ្វើបុណ្យសុន្ទរ៍ទាន”។
លោកថាច់ឃឹម តែងសហការជាមួយនឹងព្រះចៅអធិការវត្តដើម្បីឃោសនា ចលនាប្រជាជន។
មិនត្រឹមពង្រីកបានល្អក្នុងការឃោសនាប៉ុណ្ណោះទេ អ្នកមានប្រជាប្រិយ នៅទាំងជាឃោសនិកឆ្នើមក្នុងការកសាងមនោសញ្ចេតនារវាងអ្នកភូមិផងរបងជាមួយគ្នាបានស្អិតល្មួតទៀតផង។ លោកថាច់ឃឹម អ្នកមានប្រជាប្រិយនៅភូមិផ្នោរកំបុត ឃុំថាមដូង ស្រុកមីស្វៀង ឱ្យដឹង៖ “ពេលគម្រោងសំណង់ផ្លូវល្បឿនលឿនចូវដុក - កឹងធើ - សុកត្រាំង ឆ្លងកាត់ភូមិមាន២៩គ្រួសាររងផលប៉ះពាល់ មានគ្រួសារមួយចំនួនរងការបាត់បង់ផ្ទះទាំងស្រុង ម្ល៉ោះហើយមានកង្វល់យ៉ាងខ្លាំង។ ក្នុងនាមជាអ្នកមានប្រជាប្រិយ ខ្ញុំរួមជាមួយនឹងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ចុះទៅជួបមាមីងខ្មែរវិភាគវែកញែកអំពីអត្ថប្រយោជន៍ដែលគម្រោងនាំមកគោលនយោបាយសំណងរំដោះផ្ទៃដីនិងគោលនយោបាយជាច្រើនទៀតដែលរដ្ឋវិនិយោគសុទ្ធតែបម្រើផលប្រយោជន៍ប្រជាជន។ បន្ទាប់ពីស្តាប់ការវិភាគវែកញែកច្បាស់លាស់ ប្រជាជនទាំង២៩គ្រួសារព្រមទទួលយកសំណងពីរដ្ឋ រួចប្រគល់ដីឱ្យគម្រោងតាមសេចក្តីកំណត់ ហេតុនោះស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់បានរក្សាលំនឹង។ ក្រៅពីនោះ ខ្ញុំនៅទាំងរួមជាមួយរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ សម្រុះសម្រួលជោគជ័យជាច្រើនករណីទៀត ដូចជា៖ ប្តីប្រព័ន្ធទាស់ទែងចង់លែងលះគ្នា; បងប្អូនក្នុងគ្រួសារ ឬអ្នកជិតខាងវិវាទដីធ្លី; និងទំនាស់គ្រោះថ្នាក់ចរាចរណ៍។ល។ ជួយប្រជាជនរស់នៅចុះសម្រុងគ្នា សាមគ្គីជួយគ្នាទៅមក មនោសញ្ចេតនារវាងអ្នកភូមិផងរបងជាមួយគ្នាកាន់តែរឹតបន្តឹង”។
លោកលឺវវ៉ាន់សែម អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង អំណះអំណាង៖ “ទូទាំងខេត្តមានអ្នកមានប្រជាប្រិយ៨២៩រូប បានពង្រីកល្អនូវតួនាទីឃោសនា ចលនាជនរួមជាតិខ្មែរចូលរួមតស៊ូ ទប់ស្កាត់នូវសកម្មភាពខុសច្បាប់ជាច្រើន; ផ្សាយសាសនាខុសច្បាប់; ចូលរួមដោះស្រាយជាច្រើន ករណីវិវាទក្នុងផ្ទៃក្នុងប្រជាជន ក្នុងជនជាតិនិងសាសនា; សកម្មភាពកៀរគរកូនចៅក្នុងគ្រួសារ និងសង្គមចៀសឆ្ងាយពីគ្រឿងញៀន មិនប្រព្រឹត្តបំពានច្បាប់ មិនស្តាប់និងជឿតាមបទអត្ថាធិប្បាយមួលបង្កាច់របស់ជនទុច្ចរិត។ល។ អាស្រ័យហេតុនោះ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅតំបន់ជនរួមជាតិខ្មែរតែងបានរក្សាលំនឹងជានិច្ច៕
លីធាន-វិមាន