បងដាវវ៉ាន់ត្រុង នៅមណ្ឌលប៊ិញខាញ់ សង្កាត់ភឿកថើយ ខណ្ឌអូរម៉ូង ក្រុងកឹងធើ គឺជាគំរូប្រឹងប្រែងឈានឡើងដោយខ្លួនឯងគួរឱ្យស្ងើរសរសើរ។
បងដាវវ៉ាន់ត្រុង កំពុងផ្សារដែក។
បងត្រុង រៀបរាប់ឱ្យដឹង៖ “គ្រួសារខ្ញុំមានបងប្អូន ៧ នាក់ ខ្ញុំជាកូនទី ៤ ក្នុងគ្រួសារ។ ផ្ទះនៅក្បែរកំពង់ចម្លងឌូឌូវ ចូលជ្រៅទៅខាងប្រឡាយរ៉ាច់ដុង។ កាលនៅរៀន ទៅសាលាម្តងៗត្រូវដើរលុយភក់ល្បាប់ឬចែវទូក។ ទោះបីដូច្នេះក្តី ខ្ញុំខំប្រឹងរៀនចប់កម្រិតអនុវិទ្យាល័យ ពីព្រោះសាលានៅជិតកំពង់ចម្លងដែរ។ ប៉ុន្តែ ពេលឡើងកម្រិតវិទ្យាល័យ ខ្ញុំគ្មានជម្រើសច្រើនទេ ពីព្រោះសាលាវិទ្យាល័យនៅឆ្ងាយពីផ្ទះពេក ចំណែកខ្ញុំគ្មានមធ្យោបាយសម្រាប់ធ្វើដំណើរទៅសាលា ហេតុនោះត្រូវឈប់រៀនពាក់កណ្តាលការ”។
វិលវល់តែដើរធ្វើការឈ្នួលនៅរ៉ាច់ដុង ការងារធ្វើក៏មិនសូវមានភាគច្រើនគឺធ្វើតាមរដូវកាល ម្ល៉ោះហើយបងត្រុងមានអារម្មណ៍តានតឹងខ្លាំង។ ដំណាក់កាលនោះ សម្ភារៈសំណង់ដោយដែកពេញនិយមខ្លាំងណាស់ ហេតុនោះគាត់សម្រេចចិត្តរៀនរបរផ្សារដែក។ ដោយគ្មានប្រាក់ចូលរៀនថ្នាក់រៀបរយនៅតាមគ្រឹះស្ថានល្បីៗ គាត់សូមទៅរៀនផ្នែកសាងសង់។ នឹកឡើងវិញដំណាក់កាលនោះ បងត្រុង បង្ហើបឱ្យដឹង៖ “មិននឹកស្មានថាខ្ញុំអាចឆ្លងកាត់បាននោះទេ ពីព្រោះលំបាកពេក។ ការពិតម្ចាស់មានចិត្តល្អណាស់ ប៉ុន្តែខ្ញុំមិនហ៊ានហូបឆ្អែតទេ ទោះបីកំពុងស្ថិតក្នុងវ័យពេញជំទង់ក៏ដោយ។ មានការលំបាក ដូច្នេះ លុះឃើញម្ចាស់រកស៊ីរីកចម្រើនពីរបរនេះ ខ្ញុំជក់ចិត្តខ្លាំងណាស់។ ផ្តើមពីនោះមក ខ្ញុំកាន់តែខំប្រឹងខ្លាំងឡើង មួយរយៈក្រោយមក ខ្ញុំបានឡើងជាមេជាង។ ខ្ញុំដើរធ្វើការតាមម្ចាស់គ្រប់ទិសទី រហូតទៅដល់ខេត្តគៀងយ៉ាង ខ្ញុំក៏បានជួបប្រពន្ធនិងរៀបការ រួចវិលមកភឿកថើយ កសាងជីវភាពគ្រួសារ”។
តាមប្រសាសន៍បង ត្រឿងថាញ់តាយ ប្រធានមណ្ឌលប៊ិញខាញ់ ប្តីប្រពន្ធបងត្រុង ខិតខំព្យាយាមឈានឡើងក្នុងការកសាងគ្រួសារធូរធារនិងសុភមង្គល។ បច្ចុប្បន្ន ប្រពន្ធគាត់ធ្វើជាកម្មករនៅមណ្ឌលឧស្សាហកម្មត្រាណុក ចំណែកកូនប្រុសរៀនអឌ្ឍអន្តេវាសិកនៅសាលាបឋមសិក្សាង្វៀងហ្វែ។ ដោយសារពីរនាក់ប្តីប្រពន្ធមានប្រាក់ចំណូលលំនឹង ទើបសង់បានផ្ទះឥដ្ឋមួយខ្នងយ៉ាងសមរម្យ មុនបុណ្យចូលឆ្នាំថ្មីវៀតណាមឆ្នាំ ២០២៤ កន្លងហើយ”។ ទោះបីមានអតិថិជនច្រើនក៏ដោយ ប៉ុន្តែបងត្រុង ចូលចិត្តធ្វើស្រែណាស់។ បច្ចុប្បន្ន គាត់ទិញដីស្រែបាន ៥ កុងបន្ថែម និងដីចម្ការជុំវិញផ្ទះជិត១កុង។ បងត្រុង អំនួត៖ “ដោយសារមានអតិថិជនច្រើន ទើបខ្ញុំបើកហាងដែកដោយឡែកនៅជិតស្ថានីយ គិតថ្លៃលើផ្លូវជាតិភឿកថើយ។ ដោយមានការលើកទឹកចិត្តនិងគាំទ្ររបស់បងប្អូនដែលធ្លាប់ធ្វើការរកស៊ីជាមួយពីមុនមក ម្ល៉ោះហើយ ហាងរបស់ខ្ញុំមានការងារធ្វើមិនដាច់ទេ។ ចំពោះអ្នកដែលធ្លាប់បានជួយគាត់ បងត្រុងមិនដែលបដិសេធន៍ទោះបីជាសំណង់តូចឬធំ ជិតឬឆ្ងាយយ៉ាងណាក៏ដោយ។ បងត្រុង ឱ្យដឹង៖ “ដូចជាទទួលធ្វើសំណង់នៅសង្កាត់ហឹងថាញ់ ខ្ញុំត្រូវចេញដំណើរពីព្រឹកព្រលឹម រួចនាំជាងមកបង្ហាញការងារ ទោះបីមានសំណង់នៅជិតផ្ទះក៏ដោយ ពីព្រោះបងហា ជានាយកក្រុមហ៊ុនតឹងឌឹកមិញ ហៅឱ្យខ្ញុំធ្វើ។ គាត់ជាអ្នកបង្គាប់បង្ហាញខ្ញុំពីរបៀបអានរចនាគំរូប្លង់ ពេលដំណើរការសាងសង់សំណង់ ម្ល៉ោះហើយខ្ញុំតែងដឹងគុណគាត់ជានិច្ច”៕
ហាថាញ់-វិមាន