សកម្មភាពមួយក្នុងចំណោមសកម្មភាពទាំងឡាយដែលមិនអាចខ្វះបានក្នុងចង្កោមសកម្មភាពនៃទិវាវប្បធម៌ កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរខេត្តគៀងយ៉ាងរៀងរាល់ឆ្នាំ គឺដាក់តាំងចល័តនូវឯកសារ វត្ថុតាំងអំពីជនរួមជាតិខ្មែរខេត្តគៀងយ៉ាង។
វត្ថុតាំងនិងទម្រង់មួយចំនួនត្រូវបានដាក់តាំងក្នុងទិវាវប្បធម៌ កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរខេត្តគៀងយ៉ាងលើកទី១៥ ឆ្នាំ២០២៣ ដែលបានរៀបចំឡើងនៅស្រុកហ្គក្វាវ។
មណ្ឌលដាក់តាំងក្នុងទិវាវប្បធម៌ កីឡា និងទេសចរណ៍ជនរួមជាតិខ្មែរខេត្តគៀងយ៉ាង លើកទី១៥ ឆ្នាំ២០២៣ គឺអាស្រ័យសារមន្ទីរខេត្តគៀងយ៉ាង សហការជាមួយនឹងការិយាល័យវប្បធម៌និងព័ត៌មាន មជ្ឈមណ្ឌលវប្បធម៌ កីឡានិងស្ថានីយផ្សាយសំឡេងស្រុកហ្គក្វាវ រៀបចំឡើងនៅទីប្រជុំជនហ្គក្វាវ ស្រុកហ្គក្វាវ។ ក្នុងអំឡុងពេលប្រព្រឹត្តឡើងទិវាបុណ្យ មានភ្ញៀវទេសចរជាច្រើនមកទស្សនាឯកសារ វត្ថុតាំងពាក់ព័ន្ធនឹងជីវភាពរបស់ជនរួមជាតិខ្មែរនៅខេត្តគៀងយ៉ាងជាង៣០០ប្រភេទ។ វត្ថុតាំងទាំងនេះបានឆ្លុះបញ្ចាំងពីដំណើរការនៃការកសាងនិងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កសាងជនបទថ្មី ឧទ្ទេសនាមសកម្មភាពវប្បធម៌ដ៏ពិសេសរបស់ជនរួមជាតិខ្មែរនៅខេត្តគៀងយ៉ាង មានដូច៖ ពិធីបុណ្យវប្បធម៌ សិល្បៈប្រពៃណី ទំនៀមទម្លាប់។ លេចធ្លោបំផុតគឺការសម្តែងបង្ហាញសកម្មភាពដាល់អំបុក ពិធីសែនព្រះខែរបស់ជនរួមជាតិខ្មែរ; ឧបករណ៍កសិកម្មរបស់របរប្រើប្រាស់ក្នុងជីវភាពគ្រួសារ និងផលិតផលសិប្បកម្មប្រពៃណីនានា មានដូចសម្លៀកបំពាក់ប្រពៃណីខ្មែរជាដើម។ លោកយ័ញហូវ នៅឃុំបាងថាច់ ស្រុកយ៉ុងរៀង ឱ្យដឹង៖ “ឆ្នាំណាខ្ញុំក៏ឆៀងចូលទស្សនាវត្ថុតាំងដែរ ហើយរីករាយពេលឃើញវត្ថុតាំងបានដាក់តាំងកាលពីឆ្នាំមុន ឆ្នាំនេះនៅតែល្អជា អាស្រ័យបានសារមន្ទីរថែរក្សាយ៉ាងហ្មត់ចត់។ នេះក៏ជាវិធីមួយដែលរដ្ឋរួមជាមួយនឹងជនរួមជាតិខ្មែរថែរក្សានូវអត្តសញ្ញាណវប្បធម៌ផងដែរ”។
តាមប្រសាសន៍បង ង្វៀងត្រុងថឿង កម្មាភិបាលមជ្ឈមណ្ឌលវប្បធម៌ កីឡានិងស្ថានីយផ្សាយសំឡេងស្រុកហ្គក្វាវ ទិវាវប្បធម៌ កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរខេត្តគៀងយ៉ាង រៀងរាល់ឆ្នាំតែងបានរៀបចំឡើងដំណាលគ្នានឹងពិធីបុណ្យអកអំបុក។ នេះជាពិធីបុណ្យធំមួយក្នុងឆ្នាំរបស់ជនរួមជាតិខ្មែរណាមបូ បានជាសកម្មភាពដាក់តាំងមានអត្ថន័យក្នុងការអភិរក្សនិងលើកតម្កើងតម្លៃវប្បធម៌ប្រវេណីដ៏វិសេសរបស់ជនរួមជាតិខ្មែរ។ ឆ្នាំនេះ សារមន្ទីរខេត្តបានយកចិត្តទុកដាក់ផ្សព្វផ្សាយ ឧទ្ទេសនាមនិងលើកតម្កើងតម្លៃបេតិកភណ្ឌវប្បធម៌អរូបី អញ្ជើញសិប្បករចូលរួមសម្ដែងបង្ហាញទម្រង់សិល្បៈប្រពៃណីរបស់ជនរួមជាតិខ្មែរ បង្កើតភាពសម្បូរបែបនិងទាក់ទាញក្នុងខ្លឹមសារនៃការដាក់តាំង។ល។ សកម្មភាពនេះ រួមចំណែកនាំយកវប្បធម៌មកកាន់មូលដ្ឋាន ផ្សព្វផ្សាយ ឧទ្ទេសនាមនិងលើកតម្កើងបេតិកភណ្ឌវប្បធម៌។ ផ្ដើមពីនោះ លើកកម្ពស់ស្មារតីភ្ញាក់រលឹក កាតព្វកិច្ចរបស់ប្រជាជនក្នុងការអភិរក្ស និងលើកតម្កើងតម្លៃបេតិកភណ្ឌវប្បធម៌ជនជាតិ៕
ហាថាញ - ថាច់ធី