លោក ង្វៀងហ្វីតាំង ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅជួបសម្តែងការគួរសមជាមួយសម្តេច ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីរដ្ឋសភាកម្ពុជា នីតិកាលទី VII ត្រូវបានបង្កើតឡើង។
![ប្រធានរដ្ឋសភាកម្ពុជា អរគុណវៀតណាមបានជួយរំដោះកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍](https://baocantho.com.vn/image/fckeditor/upload/2023/20231113/images/khmer/12.jpg)
សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ថតរូបអនុស្សាវរីយ៍ជាមួយ
នឹងគណៈប្រតិភូវៀតណាម។
ក្នុងកិច្ចជំនួបនេះ លោកឯកអគ្គរដ្ឋទូត ង្វៀង ហ្វីតាំង បានពាំនាំនូវវាចាផ្ដាំផ្ញើសួរសុខទុក្ខ ដោយភាពស្និទ្ធស្នាល និងការអបអរសាទររបស់ប្រធានរដ្ឋសភា វ៉ឿងឌិញហ្វែ និងថ្នាក់ដឹកនាំឯទៀតរបស់ប្រទេសវៀតណាម ចំពោះប្រធានរដ្ឋសភាកម្ពុជា សម្តេច ឃួន សុដារី; សម្ដែងការសាទរចំពោះសមិទ្ធផលដ៏ធំធេងអំពីកិច្ចការផ្ទៃក្នុងនិងកិច្ចការបរទេសដែលប្រជាជនកម្ពុជាសម្រេចបាន; បង្ហាញពីភាពជឿជាក់លើរដ្ឋសភាកម្ពុជា នីតិកាលទី VII និងរដ្ឋាភិបាលកម្ពុជា អាណត្តិកាលទី VII នឹងបន្តការដឹកនាំប្រទេសកម្ពុជាកាន់តែមានភាពរីកចម្រើននិងរុងរឿង។ ឯកអគ្គរដ្ឋទូត បានអះអាងថា វៀតណាមគឺជាមិត្តដ៏ស្និទ្ធស្នាលនិងយូរអង្វែងរបស់កម្ពុជា; រីករាយត្រេកអរចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លារបស់កម្ពុជា ពិសេស គឺការទទួលភារៈកិច្ចដ៏ឆ្នើមនៃតួនាទីជាប្រធាន ASEAN-២០២២ ប្រធាន AIPA-៤៣ រៀបចំជោគជ័យការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិកាលទី V ការបោះឆ្នោតរដ្ឋសភា នីតិកាលទី VII ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ៣២ និងអាស៊ាន Paragames ១២ រួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយកិត្យានុភាពនិងតួនាទីរបស់កម្ពុជា លើឆាកអន្តរជាតិ; អរគុណកម្ពុជាដែលបានយកចិត្តទុកដាក់គាំទ្រវៀតណាមក្នុងបុព្វហេតុរំដោះប្រជាជាតិ ឯកភាពទឹកដីក្នុងពេលកន្លង ក៏ដូចជាក្នុងបុព្វហេតុ កសាងនិងការពារមាតុភូមិនាបច្ចុប្បន្ន។
ប្រធានរដ្ឋសភាកម្ពុជា សម្តេច ឃួន សុដារី បានសម្តែងនូវការចាប់អារម្មណ៍និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃការអភិវឌ្ឍលើគ្រប់វិស័យរបស់វៀតណាម; គូសបញ្ជាក់លើអត្ថន័យដ៏ជ្រាលជ្រៅនៃការទំនាក់ទំនងសហប្រតិបត្តិការ ជួយគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ ក៏ដូចជារវាងកម្ពុជា-ឡាវ-វៀតណាម ក្នុងបុព្វហេតុតស៊ូដណ្តើមឯករាជ្យជនជាតិនាពេលកន្លង និងក្នុងការកសាងអភិវឌ្ឍន៍ប្រទេសនាបច្ចុប្បន្ន។ ប្រធានរដ្ឋសភាកម្ពុជា សម្តេច ឃួន សុដារី ថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់គាំទ្រទាន់ពេលរបស់បក្ស រដ្ឋ កងទ័ពប្រជាជនវៀតណាម ដែលបានជួយរំដោះប្រទេសកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍; រំភើបរីករាយយ៉ាងខ្លាំងចំពោះទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បាននិងកំពុងអភិវឌ្ឍតាមរយៈកិច្ចជំនួបពិភាក្សាដោះដូរការងារជារឿយៗ ជាពិសេស គឺកិច្ចជំនួបកំពូល ជំរុញយន្តការសហប្រតិបត្តិការដែលមានស្រាប់ បង្កើនទំនាក់ទំនងរវាងក្រសួង គណៈ ផ្នែកនៃភាគីទាំងពីរ; សម្តែងនូវសេចក្តីសប្បាយរីករាយចំពោះការវិវឌ្ឍន៍ជាវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លង។
លើកឡើងក្នុងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ប្រធានរដ្ឋសភាកម្ពុជា សំណូមពរភាគីទាំងពីរគប្បីបន្តពង្រីកនូវសមិទ្ធផលដែលសម្រេចបាន រក្សាទំនាក់ទំនងយូរអង្វែង បង្កើនទំនាក់ទំនងជិតស្និទ្ធនិងសហការផ្សព្វផ្សាយរាល់កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរដែលបានឯកភាព ដើម្បីរួមចំណែកក្នុងការពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។
ប្រធានរដ្ឋសភាកម្ពុជា សម្តេច ឃួន សុដារី និងលោកឯកអគ្គរដ្ឋទូត ង្វៀងហ្វីតាំង ក៏បានពិភាក្សានូវខ្លឹមសារសំខាន់ៗមួយចំនួន ពាក់ព័ន្ធដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ; ភាគីទាំងពីរបានឯកភាពបន្តរក្សាកិច្ចជំនួបគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ គ្រប់បណ្តាញ ដើម្បីចែករំលែកបទពិសោធន៍ ដោះដូរព័ត៌មាន; បន្តពង្រីកយន្តការសហប្រតិបត្តិការដែលមានស្រាប់ និងយន្តការសហប្រតិបត្តិការត្រីភាគីវៀតណាម -ឡាវ-កម្ពុជា; បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សំខាន់គឺផ្នែកខាងពាណិជ្ជកម្ម វិនិយោគ ជួយគ្នាទៅវិញទៅមកលើគ្រប់វិស័យ សំដៅនាំមកផលប្រយោជន៍ជាក់ស្តែងដល់ភាគីទាំងពីរ៕
យោង៖ VOV- មុនី