សិល្បការិនី ថាច់ធីនីតា ប្រធានក្រុមរបាំខ្មែរនៃមជ្ឈមណ្ឌលវប្បធម៌សិល្បៈខេត្តវិញឡុង។ ក្រៅពីបំពេញភារកិច្ចនៅមជ្ឈមណ្ឌល ថាច់ធីនីតា នៅទាំងចូលរួមបង្ហាត់របាំនៅតាមថ្នាក់រៀនដែលរៀបចំឡើងដោយ គណៈជនជាតិ សហការជាមួយនឹងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ ខេត្តវិញឡុងទៀតផង។
សិល្បការិនីថាច់ធីនីតា។
តាមការរៀបរាប់របស់ថាច់ធីនីតា នាងពិតជាមានចំណូលចិត្តនឹងរបាំប្រពៃណីខ្មែរខ្លាំងណាស់ ដ្បិតអីកាលពីតូច នីតាតែងទៅវត្តក្នុងឱកាសបុណ្យទាន បុណ្យចូលឆ្នាំថ្មី ដើម្បីមើលឈុតរបាំផ្សេងៗ។ ពេលឃើញឈុត របាំនៅលើឆាកកាច់ក្បាច់របៀបណា នីតានៅឯក្រោមឆាកក៏កាច់ក្បាច់ធ្វើតាម។ សិល្បការិនី ថាច់ធីនីតា រំឮកឡើងវិញ៖ “រយៈពេលរៀនវិទ្យាល័យជនជាតិអន្ដេវាសិកខេត្តវិញឡុង នាងខ្ញុំបានចូលរួមក្នុងក្រុមសិល្បៈរបស់សាលា។ ក្នុងឱកាសថ្ងៃបុណ្យទាន បុណ្យចូលឆ្នាំថ្មី ឬមហោស្រពជាដើម គឺលោកគ្រូ អ្នកគ្រូតែងណែនាំហាត់សមឈុតសម្ដែងដល់ក្រុម។ ប្រសិនបើ ពិធីមហោស្រពនោះមានទ្រង់ទ្រាយធំ សាលារៀនក៏អញ្ជើញសិល្បករអាជីពមកបង្ហាត់ដល់យើងខ្ញុំទៀតផង ម្ល៉ោះហើយទើបនាងខ្ញុំកាន់តែជក់ចិត្តដិតអារម្មណ៍នឹងរបាំប្រពៃណី”។ ហេតុតែឃើញនីតារាំបានល្អ និងមានចំណង់ចំណូលចិត្ត ទើបគ្រួសារឱ្យនីតាទៅរៀនមុខជំនាញរបាំប្រពៃណីនៅសាកលវិទ្យាល័យត្រាវិញ បន្ទាប់ពីប្រឡងបញ្ចប់សញ្ញាបត្រវិទ្យាល័យ។
ពេលកំពុងសិក្សានៅសាកលវិទ្យាល័យត្រាវិញ នីតាតែងមានឱកាសចូលរួមសម្ដែងរបាំក្នុងសាលានិងតាមទីវត្តអារាមជាដើម។ អាស្រ័យការជក់ចិត្តនិងឧស្សាហ៍ព្យាយាម ទើបនីតារៀនឆាប់ចេះរបាំប្រពៃណី។ ថ្ងៃដែលអតីតសាលារៀនរបស់នីតា ធ្វើពិធីទទួលប័ណ្ណទទួលស្គាល់សម្រេចបទដ្ឋានជាតិ នីតាត្រូវបានអញ្ជើញមកសម្ដែងរបាំ ហើយទទួលបានការស្ងើចសរសើរពីមនុស្សជាច្រើន។ ពេលបញ្ចប់ការសិក្សា នីតា ត្រូវបានទទួលចូលធ្វើការនៅមជ្ឈមណ្ឌលវប្បធម៌សិល្បៈ ម្ល៉ោះហើយនាងកាន់តែពង្រីកទេពកោសល្យរបស់ខ្លួនថែមទៀត។ បន្ទាប់ពីចូលធ្វើការអស់រយៈពេលជិត៣ឆ្នាំ នីតាទទួលបានរង្វាន់ជាច្រើន មានដូច៖ មេដាយមាសក្នុងមហោស្រពប្រឡងឃោសនាការចល័តទូទាំងប្រទេសឆ្នាំ២០២០; សម្រេចបានរង្វាន់ A ចំនួន១ រង្វាន់ B ចំនួន២ និងរង្វាន់ C ចំនួន១ ក្នុងសមោសរសិល្បៈមហាជនខ្មែរ មេដាយសំរឹទ្ធក្នុងពិធីប្រឡងយុវសិស្ស និស្សិតដែលមានសមត្ថភាពនៅតាមមូលដ្ឋានបណ្ដុះបណ្ដាលវប្បធម៌សិល្បៈទូទាំងប្រទេស; រង្វាន់ B ក្នុង ឈុតសម្ដែងដកស្រង់ពិធីបុណ្យ កម្មវិធីវប្បធម៌ ពិធីកិច្ចវប្បធម៌ប្រវេណីក្នុងទិវាវប្បធម៌ កីឡា និងទេសចរណ៍ជនរួមជាតិខ្មែរណាមបូ។ល។ ជាមួយនឹងស្នាដៃសម្រេចបាន ឆ្នាំ ២០២១ សិល្បការិនី ថាច់ធីនីតា បានគណៈកម្មាធិការប្រជាជនខេត្តវិញឡុងជូនប័ណ្ណសរសើរ។
សិល្បការិនី ថាច់ធីនីតា រ៉ាយរ៉ាប់៖ “សង្កេតឃើញយុវជនខ្មែរជាច្រើននៅតំបន់ជនរួមជាតិខ្មែរ មានចំណង់ចំណូលចិត្តក្នុងការច្រៀង រាំ ដូចជានាងខ្ញុំកាលពីមុន ទើបនាងខ្ញុំស្នើសុំបើកថ្នាក់បង្រៀនរបាំខ្មែរ។ មកទល់បច្ចុប្បន្ន យើងខ្ញុំបើកបង្រៀនបាន៥ថ្នាក់ និងបង្កើតបានក្រុម សិល្បៈចំនួន ២ នៅស្រុកត្រាអូងនិងទីរួមខេត្តប៊ិញមិញ។ ខ្ញុំរីករាយខ្លាំងណាស់ ដ្បិតមានសិស្សជាច្រើនបានមកហាត់របាំ ហើយក្រុម សិល្បៈក៏អាចចូលរួមសម្ដែងក្នុងឱកាសបុណ្យទាន បុណ្យចូលឆ្នាំថ្មីជាដើម។ ទោះបីជារវល់យ៉ាងណាក្ដី ខ្ញុំនៅតែមិនភ្លេចចុះទៅតាមភូមិភាគដើម្បីបង្ហាត់របាំប្រពៃណីនោះដែរ”៕
ហាថាញ់ - ថាច់ធី