ព្រះតេជគុណ ឡឹមញ៉ាង ព្រះចៅអធិការវត្តព្រែកពិន្ទង នៅឃុំភូមី ស្រុកមីទូ នៅឃុំភូមី ក្រោយពីនិមន្តទៅសិក្សាជាច្រើនឆ្នាំមក ព្រះអង្គតែងអស់ពីព្រះទ័យគិតគូរដល់ការកសាងវត្តអារាម ការរៀនសូត្ររបស់ព្រះសង្ឃនិងកូនចៅជនរួមជាតិខ្មែរ ម្ល៉ោះហើយតែងបានមាមីងពុទ្ធបរិស័ទចំណុះជើងវត្តជ្រះថ្លានិងគោរពរាប់អាន។
ព្រះតេជ ព្រះគុណឡឹមញ៉ាង។
ឆ្នាំ ១៩៩៩ (យុវជនឡឹមញ៉ាងអាយុ ១៥ ឆ្នាំ) បានសូមឪពុកម្តាយចូលវត្តព្រែកពិន្ទងបួសរៀន។ តាំងពីពេលនោះមក ព្រះតេជគុណឡឹមញ៉ាង បានតាំងចិត្តសិក្សារៀនសូត្រធម៌អាថ៌ អក្សរសាស្រ្ត និងគោរពប្រតិបត្តិតាមធម៌វិន័យ។ ឆ្នាំ ២០១២ ទទួលតំណែងជាព្រះចៅអធិការវត្ត ព្រះអង្គតែងយកព្រះទ័យទុកដាក់ក្នុងការកសាងវត្តអារាម និងគិតគូរដើម្បីព្រះសង្ឃគ្រប់អង្គស្ងប់ព្រះទ័យក្នុងការសិក្សារៀនសូត្រ។ បច្ចុប្បន្ន ព្រះអង្គបានកសាងសំណង់ជាច្រើនដូចជា៖ ខ្លោងទ្វារ សាលាទាន សមណកុដិ សួនច្បារ សាលារៀន។ល។ រួមចំណែកធ្វើឱ្យវត្តព្រែកពិន្ទងកាន់តែមានសោភណភាពពីមួយថ្ងៃទៅមួយថ្ងៃ។ ចំណែកព្រះសង្ឃទើបនឹងបួស ព្រះអង្គតែងលើកទឹកចិត្តនិងបង្កលក្ខណៈងាយស្រួល ដើម្បីឱ្យព្រះសង្ឃរៀនសូត្រធម៌អាថ៌ និងអក្សរសាស្រ្តខ្មែរ។ ចាប់តាំងពីពេលនោះមក ពុទ្ធបរិស័ទកាន់តែជឿជាក់ក៏បានបញ្ជូនកូនចៅមកវត្តបួសរៀនកាន់តែច្រើនឡើង។ ទន្ទឹមនឹងនោះ ក្នុងរដូវវិស្សមកាល ព្រះអង្គតែងបើកថ្នាក់បង្រៀនអក្សរសាស្រ្តខ្មែរដល់ព្រះសង្ឃ និងកូនចៅមាមីងពុទ្ធបរិស័ទ មធ្យមក្នុងមួយឆ្នាំមានសិស្សានុសិស្សចូលរៀនប្រមាណជាង ២៥០ នាក់។ ព្រះតេជព្រះគុណ ឡឹមញ៉ាង មានថេរដីកា៖ “ពេលចូលមកបួសនិងទទួលនាទីជាព្រះចៅអធិការវត្ត អាត្មាភាពតែងគិតគូរកសាងវត្តអារាមឱ្យមានភាពស្រស់ស្អាត សមរម្យ។ វត្តស្អាតបាត ព្រះសង្ឃបានរៀនសូត្រ ទ្រទ្រង់វិន័យសិក្ខាត្រឹមត្រូវ ទើបពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លា។ សព្វថ្ងៃ កូនចៅជនរួមជាតិខ្មែរចូលមកវត្តកាន់តែច្រើនឡើង ហើយមាមីងពុទ្ធបរិស័ទមកវត្តធ្វើបុណ្យទានកាន់តែកុះករ នេះក៏ជាមោទនភាពក្នុងនាមជាព្រះចៅអធិការវត្ត”។
ព្រះតេជព្រះគុណ ឡឹមញ៉ាង តែងផ្សព្វផ្សាយនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ដល់ជនរួមជាតិខ្មែរ; ចលនាជនរួមជាតិសាមគ្គី ជួយគ្នាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចដើម្បីជីវភាពសម្បូរសប្បាយ សុភមង្គល។ ទន្ទឹមនឹងនោះ ព្រះអង្គថែមទាំងយកអស់ពីព្រះទ័យគិតគូរការងារសប្បុរសធម៌ ដើម្បីកសាងភូមិស្រុកសុខសាន្ត។ ជារៀងរាល់ឆ្នាំ ព្រះតេជព្រះគុណ បានចលនាសប្បុរសជនក្នុងនិងក្រៅប្រទេសជួយឧបត្ថម្ភដល់គ្រួសារក្រីក្រ មានដូចជា៖ អង្ករ លុយកាក់ សៀវភៅ ប៊ិច គ្រឿងឧបភោគបរិភោគជាដើមដល់ប្អូនៗសិស្សក្រីក្រ។ ក្រៅពីនោះ ព្រះអង្គនៅទាំងចលនាជនរួមជាតិខ្មែររួមគ្នាកសាងជនបទ ដូចជា៖ រួមវិភាគទានទឹកប្រាក់ កម្លាំងពលកម្ម ដើម្បីកសាងផ្លូវ ស្ពាន បេតុងជនបទ បំពាក់អំពូលភ្លើងអគ្គិសនីបំភ្លឺផ្លូវ ដាំផ្កាលម្អជាដើម រួមចំណែកកសាងតំបន់ជនបទ ភ្លឺ បៃតង ជ្រះ ស្អាត។
លោក ថាច់មិញឡៃ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំភូមី ឱ្យដឹង “ទឹកព្រះទ័យរបស់ព្រះតេជព្រះគុណឡឹមញ៉ាង តែងគិតគូរកសាងវត្តអារាម បណ្ដុះបណ្ដាលព្រះសង្ឃរៀនសូត្រ ជួយដល់អ្នកក្រក្រី ម្ល៉ោះហើយមាមីងពុទ្ធបរិស័ទ គោរពរាប់អានព្រះអង្គណាស់។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ព្រះអង្គរួមសហការជាមួយរដ្ឋអំណាច នគរបាល យោធានិងគណៈកម្មការវត្ត រក្សាសន្តិសុខសណ្តាប់ធ្លាប់ ធានាសុវត្ថិភាពដល់មាមីងមកប្រជុំជីវកិច្ចវប្បធម៌ ជំនឿសាសនា”៕
យុីអាញ-ត្រឹងរ៉ូន