ពីរនាក់បងប្អូនរស់នៅក្រលំបាកតាំងតែពីតូច ម្ល៉ោះហើយពេលជីវភាពបានលំនឹង បងស្រី ហ្វិញធីសាវ នៅសង្កាត់ទ្រឿងឡាក ខណ្ឌអូរម៉ូង ក្រុងកឹងធើ ទទួលរ៉ាប់រងការងារផ្ទះ ដើម្បីបងស្រីបង្កើតបានធ្វើការងារសង្គម និងជួយធ្វើកិច្ចការងារក្នុងវត្ត។
បងស្រីហ្វិញធីសាវ។
ជាម្ចាស់ហាងលក់គ្រឿងទេស ប៉ុន្តែបងស្រី ហ្វិញធីកីមលៀង នៅមណ្ឌលប៊ិញឡើយ សង្កាត់ទ្រឿងឡាក បែរជាមិនសូវច្បាស់ពីតម្លៃមុខទំនិញមួយចំនួន។ ពេលមានភ្ញៀវមករកទិញអីវ៉ាន់ម្តងៗ គាត់តែងស្រែកសួរ “សាវអើយ អានេះតម្លៃប៉ុន្មាន”។ បងស្រីលៀង បង្ហើបឱ្យដឹង៖ “ចាប់ពីខ្ញុំបានបងប្អូននារីជឿទុកចិត្តបោះឆ្នោតធ្វើជាប្រធានក្រុមហ៊ុនទុន និងប្រធានក្រុមជួយធ្វើកិច្ចការងារក្នុងវត្ត ការងារផ្ទះទាំងប៉ុន្មានខ្ញុំប្រគល់ “ប្អូនសាវ” រ៉ាប់រងទាំងអស់។ ដោយសារមានប្អូនទទួលរ៉ាប់រង ហេតុនោះទើបខ្ញុំអនុវត្តល្អការងារដែលបានប្រគល់ឱ្យ”។
“ប្អូនសាវ” ដែលបងស្រី ហ្វិញធីកីមលៀង និយាយនោះគឺបងស្រី ហ្វិញធីសាវ ជាប្អូនស្រីបង្កើតរបស់បងស្រីលៀង។ បងស្រី ហ្វិញធីសាវ រៀបរាប់៖ “គ្រួសារខ្ញុំមានបងប្អូនច្រើនណាស់ ប៉ុន្តែព្រាត់ប្រាស់អស់ហើយ នៅសល់តែបងប្អូនស្រីពីរនាក់ប៉ុណ្ណោះ ជួយមើលថែគ្នាទៅវិញទៅមក។ ពីមុនយើងខ្ញុំក្រណាស់ មានតែទូកតូចមួយចែវទៅធ្វើការឈ្នួលគ្រប់ច្រកល្ហក ចែវរហូតមកដល់ទំនប់ទឹកតាកែវចតទូកនៅទីនេះ។ ដោយសារទូកចាស់ ពុក ទឹកជ្រាបចូលរហូត អ្នកខ្លះឃើញក៏អាណិតក៏ឱ្យសង់ខ្ទមនៅបណ្តោះអាសន្នដើម្បីទៅធ្វើការឈ្នួល។ ដោយខិតខំប្រិតសំចៃ ទើបពីរនាក់បងប្អូនទិញបានដីធារផ្ទះ រួចសង់បានផ្ទះស្លឹកតូចមួយខ្នង។ អាស្រ័យបានរដ្ឋឱ្យបុលទុនឧបត្ថម្ភ ម្ល៉ោះហើយ ទើបយើងខ្ញុំបើកបានហាងលក់គ្រឿងទេស ផ្តើមពីលក់នំបួនប្រាំកញ្ចប់ឱ្យកុមារក្នុងភូមិ”។
បងស្រី ហ្វិញធីសាវ (ឈរ) ជាមួយនឹងបងស្រីបង្កើត។
បងស្រី ង្វៀងធីថា លេខាសាខាបក្សនិងជាប្រធានមណ្ឌលប៊ិញឡើយ ឱ្យដឹង៖ “ពីរនាក់បងប្អូនបងស្រីសាវ ខិតខំប្រឹងប្រែងប្រកបការងាររកស៊ីណាស់ ជាគំរូក្នុងការអនុវត្តល្អនូវប្រភពទុនឧបត្ថម្ភរបស់រដ្ឋដើម្បីចាកផុតពីភាពក្រីក្រ។ ពេលយើងខ្ញុំចលនាបងស្រីទាំងពីរធ្វើជាប្រធានក្រុមហ៊ុនទុនរបស់ទម្រង់ “នារីខ្មែរជួយគ្នាធ្វើសេដ្ឋកិច្ច” បងស្រីសាវ ឱ្យបងស្រីលៀងធ្វើទៅ ទុកការងារផ្ទះឱ្យគាត់រ៉ាប់រង ពីព្រោះបងស្រីលៀង លំបាកនឿយហត់តាំងពីតូចច្រើនណាស់ហើយ។ ចំណែកគាត់នៅផ្ទះគិតគូរការងារផ្ទះ ដើម្បីបងស្រីលៀងស្ងប់ចិត្តធ្វើការងារសង្គម”។
មិនត្រឹមតែជាគំរូឆ្លងកាត់ក្រលំបាកនៅក្នុងមណ្ឌលប៉ុណ្ណោះទេ តែពេលរំលឹកដល់បងស្រីលៀង អ្នករាល់គ្នាកាន់តែមានចិត្តអាណិតស្រឡាញ់ថែមទៀត ដោយមនោសញ្ចេតនារបស់បងប្អូនទាំងពីរនាក់។ មានបងស្រីសាវជាជំនួយការ បងស្រីលៀងមិនត្រឹមតែអនុវត្តសម្រេចភារកិច្ច ដែលសាខាសមាគមនារីប្រគល់ឱ្យប៉ុណ្ណោះទេ នៅទាំងចូលរួមសកម្មភាពសិល្បៈ និងជួយធ្វើកិច្ចការងារក្នុងវត្តអារាមទៀតផង៕
ហាថាញ់-វិមាន