អាស្រ័យដោយគោលនយោបាយអនុគ្រោះដាច់ដោយឡែករបស់រដ្ឋ និងការឧបត្ថម្ភពីសមាគមគ្រប់លំដាប់ថ្នាក់នៅមូលដ្ឋាន ទើបមាននារីជនជាតិខ្មែរជាច្រើនឆ្លងកាត់ការលំបាកដើម្បីឈានឡើង។
បងស្រីសើុងធីឡាង។
បងស្រីឌាំងធីថឹមថាប ប្រធានសមាគមសម្ព័ន្ធនារីសង្កាត់ទ្រឿងឡាក ខណ្ឌអូរម៉ូង ឱ្យដឹង៖ “សមាជិកសាខាសមាគមនារី ២ មណ្ឌលដែលមានជនរួមជាតិខ្មែររស់នៅកុះករ គឺប៊ិញអៀងនិងប៊ិញឡើយ តែងខ្នះខ្នែងចូលរួមរាល់សកម្មភាពរបស់សមាគម។ ដោយការឧស្សាហ៍ព្យាយាម ស៊ូទ្រាំលំបាក ម្ល៉ោះហើយ បងប្អូននារីអាចប្រើប្រាស់ប្រាក់កម្ចីដែលឧបត្ថម្ភពីរដ្ឋ ដើម្បីឈានឡើងចាកផុតពីភាពក្រីក្រ។ មិនតែប៉ុណ្ណោះ បងប្អូននារីថែមទាំងរួមចំណែកអភិរក្សតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ តាមរយៈការចូលរួមក្លឹបធ្វើនំប្រពៃណីនៅសង្កាត់ទ្រឿងឡាកទៀតផង”។
ប្រការដែលគួរស្ងើចសរសើរចំពោះបងប្អូននារីជនជាតិខ្មែរ នៅពេលឈានឡើងដោយជោគជ័យ ពួកគាត់តែងត្រៀមលក្ខណៈដើម្បីជួយចង្អុលបង្ហាញដល់សមាជិកឯទៀតជម្នះការលំបាកឈានឡើងចាកភាពក្រីក្រ។ តួយ៉ាងដូចបងស្រីហ្វិញធីគីមលៀង នៅមណ្ឌលប៊ិញឡើយ សង្កាត់ទ្រឿងឡាកជាដើម។ ដោយសារប្រាក់កម្ចីរបស់រដ្ឋ នៅពេលចូលរួមទម្រង់ “នារីជនជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច” បងស្រីចាកផុតពីភាពក្រីក្រ ដោយរបរលក់ដូរជាលក្ខណៈគ្រួសារ។ បច្ចុប្បន្ន បងស្រីជាប្រធានក្រុមប្រិតសំចៃ ជួយបងប្អូនជនជាតិខ្មែរចាកផុតពីភាពក្រីក្រដោយទម្រង់ទាំងនេះ។ បងស្រីលីធីឡាញ់ នៅម្តុំលូតាកែវ មណ្ឌលប៊ិញឡើយ ឱ្យដឹង៖ “ដោយបានអ្នកមីងលៀង ជួយណែនាំផ្តល់យោបល់ និងឧទ្ទេសនាម ទើបខ្ញុំមានដើមទុនបើកកន្លែងលក់សាច់គោអាំងមូរស្លឹកចាព្លូនិងពោតឆា។ មុននេះ ខ្ញុំទៅធ្វើការឈ្នួល ម្ល៉ោះហើយគ្មានពេលវេលាមើលថែកូន។ សព្វថ្ងៃ លក់ដូរបានលំនឹង មានពេលគិតគូរដល់គ្រួសារ និងមើលថែកូន”។
នារីនៅភូមិធើយហ្វា B ទីប្រជុំជនកើ-ដ អ្នកណាក៏ស្គាល់បងស្រីសើុងធីឡាងដែរ។ បច្ចុប្បន្ន បងស្រីឡាង ជាប្រធានក្រុមត្បាញកំប្លោកនិងជាអ្នកបង្រៀនដោយចុះកិច្ចសន្យាបង្រៀនត្បាញកំប្លោករបស់មជ្ឈមណ្ឌលបង្រៀនវិជ្ជាជីវៈស្រុកកើ-ដ។ ផ្តើមចេញពីសិក្ខាកាមរៀនវិជ្ជាជីវៈម្នាក់របស់មជ្ឈមណ្ឌលវិជ្ជាជីវៈ បងស្រីឡាង មិនត្រឹមតែប្រកបរបរចិញ្ចឹមជីវិតប៉ុណ្ណោះទេ ថែមទាំងធ្វើមានបានដោយសាររបរនេះទៀតផង។ បច្ចុប្បន្ន បងស្រីឡាង ជាឈ្មួញកណ្តាលដែលទទួលវត្ថុធាតុដើមពីក្រុមហ៊ុនរួចយកមកប្រគល់ឱ្យបងប្អូននារីក្នុងក្រុមត្បាញកំប្លោកនៅក្នុងភូមិផងដែរ។ បន្ទាប់មក បងស្រី ពិនិត្យផលិតផលដែលសម្រេចហើយ រួចប្រគល់ទៅឱ្យក្រុមហ៊ុននានាដើម្បីធ្វើការនាំចេញ។ បងស្រីង្វៀងធីអាញ់ង្វៀក អនុប្រធានគណៈកម្មាធិការប្រជាជនទីប្រជុំជនកើ-ដ ឱ្យដឹង៖ “បងស្រីឡាង មិនត្រឹមតែឈានឡើងចាកផុតពីភាពក្រីក្រប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនជាច្រើនក្នុងក្រុមត្បាញកំប្លោក ចាកផុតពីភាពក្រីក្រដូចបងស្រីដែរ”។
បងប្អូនជនជាតិខ្មែរជាច្រើនដូចជាបងស្រីហ្វិញធីគឹមលៀង បងស្រីសើុងធីឡាង ខ្នះខ្នែងប្រឹងប្រែងចាកផុតពីភាពក្រីក្រ អាស្រ័យដោយការឧបត្ថម្ភរបស់រដ្ឋ។ ក្រោយៗមក ពួកគាត់ក៏ជួយណែនាំសមាជិកឯទៀតរួមគ្នាឈានឡើង។ ពួកគាត់គឺជាគំរូឆ្នើមពីមូលដ្ឋាន៕
ហាថាញ-លីសៀ