មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

11/11/2025 - 08:32

ធ្វើ​មាន​ពី​ទម្រង់​ចិញ្ចឹម​សត្វ​កន្ធាយ​ 

ការ​ចិញ្ចឹម​សត្វ​កន្ធា​យ​គួប​ផ្សំ​នឹង​ការ​ផលិត​ស្រូវ​ ដាំ​ទុរេន តាម​ទម្រង់​វិល​ជុំ​ សំ​ដៅ​បន្ថយ​ចំ​ណាយ​ លើ​ការ​វិនិ​យោគ​ ផ្ដល់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ និង​ឆ្ពោះ​ទៅ​រក​ការ​ផលិត​ប្រ​កប​ដោយ​ចីរ​ភាព។​ នោះ​គឺ​ជា​វិធី​សាស្ត្រ​ដែល​លោក​ ត្រឹង​ហុង​ក្វាង​ នៅ​ឃុំ​ទ្រឿង​ឡុង​តី ទី​ក្រុង​កឹង​ធើ​ បាន​អនុ​វត្ត​ដើម្បី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ។​ ទម្រង់​នេះ​ បាន​ជួយ​ឱ្យ​គ្រួ​សារ​គាត់​រក​បាន​ប្រាក់​ចំ​ណេញ​ជាង​ ១ ពាន់​លាន​ដុង​ក្នុង​មួយ​ឆ្នាំ។​

ការ​ចិញ្ចឹម​សត្វ​កន្ធាយ​គួប​ផ្សំ​នឹង​ការ​ផលិត​ស្រូវ​ ដាំ​ទុរេន តាម​ទម្រង់​វិល​ជុំ​ ជួយ​ឱ្យ​គ្រួ​សារ​លោក​ត្រឹង​ហុង​ក្វាង​ រក​បាន​ប្រាក់​ចំ​ណេញ​ជាង​ ១​ ពាន់​លាន​ដុង​ក្នុង​មួយ​ឆ្នាំ។​

រយៈ​ពេល​ ២៦ ឆ្នាំ​កន្លង​ លោក​ហុង​ក្វាង​ ជា​អ្នក​ដំ​បូង​គេ​ដែល​ចិញ្ចឹម​សត្វ​កន្ធាយ​តៃ​វ៉ាន់​នៅ​ភូមិ​ភាគ។​ គាត់​ឱ្យ​ដឹង៖ “ពេល​ចាប់​ផ្ដើម​ចិញ្ចឹម​ ខ្ញុំ​ជួប​លំ​បាក​មិន​តិច​ទេ​ នោះ​គឺ​ដោយ​សារ​យើង​ខ្វះ​បទ​ពិសោធន៍​ មិន​ទាន់​យល់​ពី​បច្ចេក​ទេស​ថែ​ទាំ​ រីឯ​ទី​ផ្សារ​ប្រើ​ប្រាស់​ក៏​ពុំ​សូវ​មាន​ទៀត។​ ល្បាស់​ដំ​បូង ខ្ញុំ​ចិញ្ចឹម​ ២.០០០ ក្បាល​ លើ​ផ្ទៃ​ទឹក​ ១.២០០ ម៉ែត្រ​កា​រ៉េ​ អត្រា​ខូត​ខាត​ឡើង​ដល់​២៥%”។​

មិន​ធ្លាក់​ទឹក​ចិត្ត​ លោក​ហុង​ក្វាង​ បាន​ព្យា​យាម​រៀន​សូត្រ​និង​ស្វែង​យល់​ពី​បច្ចេក​ទេស​ចិញ្ចឹម​សត្វ​កន្ធាយ។​ ក្រោយ​ពី​មាន​បទ​ពិ​សោធន៍​ក្នុង​ការ​ចិញ្ចឹម​ គាត់​ចែក​រំលែក៖ “បើ​ចង់​ចិញ្ចឹម​សត្វ​កន្ធាយ​ឱ្យ​បាន​កាក់​កប ស្រះ​ចិញ្ចឹម​ត្រូវ​តែ​រឹង​មាំ​ ហើយ​កម្រិត​ទឹក​ពី​បាត​ស្រះ​ឡើង​លើ​ប្រ​ហែល​ពី​ ១​-១,២ ម៉ែត្រ។​ សត្វ​កន្ធាយ​ងាយ​កើត​ជំ​ងឺ​ប្រ​ព័ន្ធ​រំលាយ​អា​ហារ​ បើ​ចំ​ណី​គ្មាន​គុណ​ភាព​និង​ឆ្លង​មេ​រោគ។​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រ​ឈម​នេះ​ ខ្ញុំ​តែង​ផ្លាស់​ប្តូរ​ទឹក​ជា​ប្រ​ចាំ​ បាច​ថ្នាំ​កម្ចាត់​មេ​រោគ​ កែ​លម្អ​បរិស្ថាន​ទឹក​និង​បាត​ស្រះ។​ ហេតុ​នេះ​ អត្រា​ខូច​ខាត​ថយ​ចុះ​នៅ​៣​-៥%”។​

តាម​សម្តី​លោក​ហុង​ក្វាង​ សត្វ​កន្ធាយ​ពូជ​ត្រូវ​ការ​ចិញ្ចឹម​ថែ​ទាំ​រយៈ​ពេល​ ១៦​ ខែ​ មាន​ទម្ងន់​ពី​ ៨០០​ ក្រាម​ដល់ ១,២ គី​ឡូ​ក្រាម​ក្នុង​មួយ​ក្បាល។​ បច្ចុប្បន្ន​ លោក​ហុង​ក្វាង​ មាន​ស្រះ​ចិញ្ចឹម​សត្វ​កន្ធាយ​ ១៦ ស្រះ​ ជា​មួយ​ផ្ទៃ​ទំ​ហំ​ ១២.០០០ ម៉ែត្រ​កា​រ៉េ។​ ក្នុង​មួយ​ឆ្នាំ​ គាត់​លក់​កន្ធាយ​សាច់ ២ លើក ប្រ​ហែល​៨​តោន។​ សត្វ​កន្ធាយ​ចិញ្ចឹម​ មាន​ទម្ងន់​ ០,៥ - ១,៥ គីឡូ​ក្រាម​ក្នុង​មួយ​ក្បាល​ តម្លៃ​លក់​មធ្យម​ភាគ​ពី​ ១៧០.០០០ - ២៨០.០០០​ដុង​ ក្នុង​មួយ​គីឡូ​ក្រាម។​ ក្រៅ​ពី​ចិញ្ចឹម​កន្ធាយ​សាច់ គាត់​ថែម​ទាំង​លក់​កូន​ពូជ​និង​ពង​សត្វ​ល្មេច​ផង​ដែរ។​ មធ្យម​ភាគ​ក្នុង​មួយ​ឆ្នាំ​ គាត់​លក់​កូន​ពូជ​ប្រ​ហែល​ពី​ ១៨០.០០០ - ២០០.០០០ ក្បាល​ និង​ពង​សត្វ​កន្ធាយ​ពី ១ - ២ តោន។​

ជំ​ហាន​លោត​ផ្លោះ​ក្នុង​ការ​ផលិត​កសិ​កម្ម​របស់​ លោក​ហុង​ក្វាង​ គឺ​ការ​ចិញ្ចឹម​សត្វ​កន្ធាយ​គួប​ផ្សំ​នឹង​ការ​ផលិត​ស្រូវ​ ដាំ​ទុរេន​តាម​ទម្រង់​សេដ្ឋ​កិច្ច​វិល​ជុំ។​ ឆ្នាំ​ ២០១៥ ជំ​នួស​ឱ្យ​របៀប​ផលិត​ស្រូវ​តាម​បែប​បុរាណ លោក​ហុង​ក្វាង​ បាន​ប្រើ​ប្រាស់​ទឹក​ពី​ស្រះ​ចិញ្ចឹម​កន្ធាយ​ បង្ហូត​ចូល​ស្រែ​លើ​ផ្ទៃ​ដី​ទំ​ហំ​ ១ ហិក​តា។​ ហើយ​ឆ្លៀត​យក​ផ្ទៃ​ដី​តាម​មាត់​ស្រះ​ ដាំ​ដើម​ទុរេន​បន្ថែម​ចំ​នួន​ ១៤០ ដើម។​ របៀប​ធ្វើ​នេះ​ ឃើញ​ថា​បន្ថយ​បាន​ចំ​ណាយ​លើ​ការ​ផលិត​ និង​ផល​ប៉ះ​ពាល់​អវិជ្ជ​មាន​ដល់​បរិស្ថាន។​ មធ្យម​ភាគ​ក្នុង​មួយ​ឆ្នាំ​ គាត់​ប្រ​មូល​ផល​ទុរេន​បាន​ជាង​ ១០ តោន”។​

ទម្រង់​ចិញ្ចឹម​សត្វ​កន្ធាយ​គួប​ផ្សំ​នឹង​ការ​ផលិត​ស្រូវ​ ដាំ​ទុរេន តាម​ទម្រង់​វិល​ជុំ​ បាន​ជួយ​ឱ្យ​គ្រួ​សារ​លោក​ត្រឹង​ហុង​ក្វាង​ រក​បាន​ប្រាក់​ចំ​ណេញ​ ប្រ​មាណ​ ១ ពាន់​លាន​ដុង​ក្នុង​មួយ​ឆ្នាំ។​ ដោយ​ភាព​រហ័ស​រហួន​ក្នុង​ការ​អនុវត្ត​បច្ចេក​ទេស​ជឿន​លឿន​ រួម​ជា​មួយ​នឹង​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ក្នុង​ការ​ផលិត​ ធ្វើ​អា​ជីវ​កម្ម​ ម្ល៉ោះ​ហើយ​ ជា​ច្រើន​ឆ្នាំ​មក​នេះ​ លោក​ហុង​ក្វាង​ ទទួល​បាន​ប័ណ្ណ​សរ​សើរ​និង​លិខិត​សរ​សើរ​ជា​ច្រើន​ពី​គ្រប់​លំ​ដាប់​ថ្នាក់​។​ ថ្មី​ៗ​នេះ​ គាត់​មាន​កិត្តិ​យស​បាន​មជ្ឈិម​សមា​គម​កសិករ​វៀត​ណាម ជ្រើស​រើស​ស្ងើច​សរ​សើរ​ជា​កសិករ​វៀត​ណាម​ឆ្នើម​ ឆ្នាំ​២០២៥៕

   អត្ថ​បទ​និង​រូប​ថត​៖ កៀង​ក្វឹក-មុនី​

ចែករំលែកអត្ថបទ