គ្រូពេទ្យលីមិញហ្វា ប្រធានដំណាក់សុខាភិបាលឃុំវៀងប៊ិញ ស្រុកត្រឹងដេ ខេត្តសុកត្រាំង តែងអស់ពីចិត្តក្នុងការពិនិត្យនិងព្យាបាលជំងឺជូនប្រជាជន ខ្នះខ្នែងជួយមិត្តរួមអាជីព ម៉្លោះហើយអ្នកណាក៏ស្រឡាញ់រាប់អានគាត់ទាំងអស់។
គ្រូពេទ្យ លីមិញហ្វា កំពុងពិនិត្យជំងឺជូនប្រជាជន។
ឆ្នាំ ២០០៨ ពេលប្រឡងបញ្ចប់ថ្នាក់គ្រូពេទ្យពហុវិជ្ជានៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកម្មាភិបាលពេទ្យយោធភូមិភាគ ៩ មានទីតាំងនៅក្រុងកឹងធើ បងហ្វាត្រូវបានចាត់មកបំពេញការងារនៅដំណាក់សុខាភិបាលថាញ់ថើយអាង។ រយៈពេល ៦ខែក្រោយមក គ្រូពេទ្យហ្វាត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលសុខាភិបាលស្រុកត្រឹងដេ។ ដល់ឆ្នាំ ២០១៦ បងហ្វា បានបញ្ជូនបន្តទៅធ្វើការនៅដំណាក់សុខាភិបាលវៀងប៊ិញ ហើយទទួលតំណែងជាប្រធានដំណាក់សុខាភិបាលរហូតមកដល់បច្ចុប្បន្ន។
ជាជនជាតិខ្មែរ បងចេះអក្សរខ្មែរច្បាស់លាស់ ដូច្នេះពេលបានចាត់មកបំពេញការងារនៅវៀងប៊ិញ ជាឃុំដែលមានជនរួមជាតិខ្មែររស់នៅជាង ៧៤% បងហ្វាក៏ងាយស្រួលក្នុងការជួបប្រាស្រ័យនឹងអ្នកជំងឺ។ បងហ្វា ឱ្យដឹង៖ “ខ្ញុំតែងទៅសួរសុខទុក្ខនិងលើកទឹកចិត្តដើម្បីអ្នកជំងឺស្ងប់ចិត្តសម្រាកព្យាបាលតាមការណែនាំរបស់គ្រូពេទ្យ”។ អ្នកមីងថាច់ធីកើយ នៅភូមិផ្តៅពេន ឱ្យដឹង៖ “ខ្ញុំមិនដឹងថាខ្លួនមានជំងឺទឹកនោមផ្អែម ពេលមកពិនិត្យជំងឺនៅដំណាក់សុខាភិបាល បានគ្រូពេទ្យហ្វា ពិនិត្យធ្វើរោគវិនិច្ឆ័យ រួចណែនាំខ្ញុំទៅពេទ្យថ្នាក់លើពិនិត្យឱ្យច្បាស់ជំងឺ។ បន្ទាប់ពីដឹងថាខ្លួនមានជំងឺទឹកនោមផ្អែម ខ្ញុំតែងទៅដំណាក់សុខាភិបាលឃុំពិនិត្យនិងយកថ្នាំលេបក្នុងមួយខែ ២ លើក។ ពេលមកពិនិត្យជំងឺនៅដំណាក់សុខាភិបាលម្តងៗ ខ្ញុំតែងបានគ្រូពេទ្យហ្វា ណែនាំយ៉ាងហ្មត់ចត់ពីរបៀបផឹកថ្នាំ ហូបចុក សម្រាក ដូច្នេះ ខ្ញុំស្ងប់ចិត្តក្នុងការសម្រាកព្យាបាលជំងឺ”។ ក្រៅពីនោះ បងហ្វា នៅទាំងជួយណែនាំប្រជាជនដោយអស់ពីចិត្តក្នុងការបង្ការទប់ស្កាត់រោគរាលដាល ពិសេសគឺជំងឺ COVID-១៩។ បងហ្វា ឱ្យដឹង៖ “ក្នុងការបង្ការប្រឆាំងជំងឺ COVID-១៩ សមាជិកក្នុងគណៈចង្អុលការមានការនឿយហត់ខ្លាំងណាស់។ ក្នុងរយៈកាល ២ ខែបន្តបន្ទាប់ ខ្ញុំកេងបានតែ ២ ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែខ្ញុំសប្បាយចិត្តនិងរឹតតែស្រឡាញ់អាជីព ខណៈពេលបានរួមជាមួយមាមីងជម្នះជំងឺរាតត្បាត”។
ទន្ទឹមនឹងនោះ បងហ្វាតែងជួយមិត្តរួមអាជីពដោយអស់ពីចិត្ត ដើម្បីសម្រេចល្អភារកិច្ចទាំងអស់គ្នា។ គ្រូពេទ្យសម្ភព ត្រឹងយ័ញតឿងវី ឱ្យដឹង៖ “បងហ្វា ជាមនុស្សស្លូតបូត រួសរាយ តែងជួយមិត្តរួមអាជីពអស់ពីចិត្ត ម៉្លោះហើយអ្នកណាក៏ស្រឡាញ់រាប់អានគាត់ទាំងអស់។ បងតែងលើកទឹកចិត្ត ជួយមិត្តរួមអាជីពរៀនសូត្របង្កើនជំនាញវិជ្ជាជីវៈ សំដៅបម្រើការពិនិត្យព្យាបាលជំងឺជូនប្រជាជនឱ្យកាន់តែបានល្អប្រសើរ”។
លោកហុងមិញគ្វៀង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំវៀងប៊ិញ បញ្ជាក់៖ “គ្រូពេទ្យលីមិញហ្វា ជាកម្មាភិបាលពេទ្យខ្នះខ្នែងនិងអស់ពីចិត្តក្នុងការងារថែទាំសុខភាពជូនប្រជាជន។ អាស្រ័យការរួមចំណែករបស់បងក្នុងការផ្សព្វផ្សាយ ដូច្នេះ មាមីងខ្មែរលើភូមិសាស្ត្រឃុំ មានស្មារតីខ្ពស់ក្នុងការបង្ការទប់ស្កាត់ជំងឺរាលដាល ពិសេសគឺជំងឺ COVID-១៩”៕
អត្ថបទនិងរូប៖ លិនញ៉ី