មាមីងនៅភូមិព្រែកនិស្ស័យ ឃុំតឹងមី ស្រុកត្រាអូង ខេត្តវិញឡុង តែងហៅសប្បាយលេងថា៖ លោកថាច់សារ៉ន ជាអ្នកផ្សាយសំឡេង ឃោសនាអំពីការបង្ការប្រឆាំងជំងឺ COVID-១៩ របស់ភូមិ។
លោកថាច់សារ៉ន កំពុងផ្សព្វផ្សាយអំពីការបង្ការ ប្រឆាំងជំងឺ COVID-១៩។
លោកថាច់សារ៉ន មិនត្រឹមតែជាអនុប្រធានគណៈកម្មការវត្តតាធាយប៉ុណ្ណោះទេ គាត់នៅទាំងជាអ្នកមានប្រជាប្រិយរបស់ភូមិទៀតផង។ ក្នុងអំឡុងពេលដែលមាមីងអនុវត្តវិធានការគម្លាតសង្គម បង្ការប្រឆាំងជំងឺរាតត្បាត លោកសារ៉ន បានចូលរួមក្រុម COVID-១៩ សហគមន៍ទៅផ្សារជំនួសមាមីង និងចូលរួមចលនា ទទួលនិងនាំយកអំណោយសប្បុរសធម៌ដល់គ្រួសារដែលត្រូវការជំនួយ។
បងថាច់ថន នៅភូមិតាធាយ បង្ហើបឱ្យដឹង៖ “ខ្ញុំជាអ្នកពលកម្មសំខាន់ក្នុងគ្រួសារ ម្ល៉ោះហើយពេលខ្ញុំមិនអាចទៅធ្វើការបាន គ្រួសារជួបលំបាកច្រើន។ ដោយសារពូសារ៉ន ដឹងពីស្ថានភាពគ្រួសារខ្ញុំ ហេតុនោះគាត់បានចលនាសប្បុរសជន និងទទួលការឧបត្ថម្ភរបស់ភូមិភាគនាំយកមកដល់ផ្ទះ ជួយគ្រួសារខ្ញុំឆ្លងកាត់ការលំបាក”។ តាមប្រសាសន៍ លោកឡឹមស៊ូផា ប្រធានភូមិតាធាយ ពេលចាត់តាំងអនុវត្តនូវគោលនយោបាយជនជាតិ ឬផ្សព្វផ្សាយការបង្ការប្រឆាំងជំងឺ COVID-១៩ ភូមិភាគតែងមកពិភាក្សា ដោះដូរជាមួយនឹងព្រះចៅអធិការ គណៈកម្មការវត្ត និងអ្នកមានប្រជាប្រិយ។ នៅភូមិនេះ មានបងសារ៉ន ជាអ្នកតែងអស់ពីចិត្តពីថ្លើមចូលរួមសកម្មភាព ជាស្ពានតភ្ជាប់មានប្រសិទ្ធភាពរវាងឃុំនិងប្រជាជន។
លោកសារ៉ន ឱ្យដឹង៖ “ខ្ញុំតែងបានព្រះចៅអធិការ និងគណៈកម្មការវត្តតាធាយ ចាត់ឱ្យផ្សព្វផ្សាយនូវសេចក្តីប្រកាស ឬសារលិខិតរបស់ឃុំអំពីការបង្ការប្រឆាំងជំងឺ COVID-១៩ ទាំងភាសាវៀត - ខ្មែរ ជូនមាមីងឱ្យបានជ្រាប។ ខ្ញុំខិតខំនិយាយឱ្យមាមីងបានក្តាប់ច្បាស់លាស់ គឺត្រូវតែអនុវត្តសារ ៥K មុន ពេលមាមីងចូលវត្ត ឬទៅណាមកណា ទំនាក់ទំនងជាមួយនឹងអ្នកដទៃត្រូវតែពាក់ម៉ាស់ ត្រូវកម្ចាត់មេរោគ លាងដៃជាមួយអាល់កុល។ មាមីងអនុវត្តបានត្រឹមត្រូវតាមវិធានការបង្ការ ប្រឆាំងជំងឺរាតត្បាតដែលរដ្ឋបានកំណត់។ ពិសេសគឺមាមីងមិនផ្តុំគ្នាច្រើន ត្រូវរក្សាគម្លាត។ រៀងរាល់ថ្ងៃ ខ្ញុំតែងទៅវត្ត ដើម្បីអានសារស្តីពីការបង្ការ ប្រឆាំង COVID-១៩ តាមឧគ្ឃោសនាសព្ទ ខិតខំផ្សព្វផ្សាយមួយថ្ងៃ ៣ ដង នៅពេលព្រឹក-ថ្ងៃត្រង់-ល្ងាច។ ទន្ទឹមនឹងការផ្សព្វផ្សាយបង្ការប្រឆាំងជំងឺរាតត្បាត ខ្ញុំនៅទាំងផ្គួបបញ្ចូលការដាស់តឿនមាមីងឱ្យខិតខំពលកម្មផលិត ធ្វើការរកស៊ី ដើម្បីឈានឡើងចាកផុតពីភាពក្រីក្រទៀតផង។ មុនពេលបញ្ចប់ការផ្សព្វផ្សាយម្តងៗ ខ្ញុំតែងប្រកាសលេខទូរស័ព្ទរបស់ថ្នាក់ដឹកនាំភូមិ សមាជិកក្រុម COVID-១៩ សហគមន៍ ពេលមាមីងជួបលំបាកអាចទំនាក់ទំនងដោយផ្ទាល់ដើម្បីបានជួយទាន់ពេល”៕
ហាថាញ់-វិមាន