អ្នកមីងឡាញ នៅឃុំមីថាញទ្រុង ស្រុកតាមប៊ិញ ខេត្តវិញឡុង ជាស្រ្តីជនជាតិភាគតិចគំរូម្នាក់ ក្នុងចំណោមជនជាតិភាគតិចគំរូទាំងឡាយដែលឆ្លងកាត់ការលំបាក ចាកផុតភាពក្រីក្ររបស់ខេត្ត។
អ្នកមីងឡាញ ចូលរួមមហាសន្និបាតជនជាតិភាគតិចនៅសាលប្រជុំគណៈកម្មាធិការប្រជាជនខេត្តវិញឡុង (រូបថតកាលជំងឺ COVID-១៩ មិនទាន់ផ្ទុះរាលដាល)។
តាមប្រសាសន៍បងគឹមកាន់ អនុប្រធានការិយាល័យគណៈកម្មាធិការប្រជាជន - ក្រុមប្រឹក្សាប្រជាជនស្រុកតាមប៊ិញ ខេត្តវិញឡុង ស្ថានភាពគ្រួសារអ្នកមីងឡាញលំបាកណាស់ ប្ដីគាត់ស្លាប់តាំងពីកូនស្រីទើបកើត។ គ្រួសារអ្នកមីងគ្មានដីស្រែ មានត្រឹមតែធ្វើការឈ្នួលដើម្បីចិញ្ចឹមកូន។ នៅតំបន់ជនបទឃុំមីថាញទ្រុង អ្នកមីងស៊ីឈ្នួលដកស្មៅ កាប់ឧស និងស្ដារភក់អណ្ដូង ។ល។ ដើម្បីមានប្រាក់ចិញ្ចឹមកូន។ ដីធារផ្ទះដែលខាងប្ដីចែកឱ្យអ្នកមីងសង់ខ្ទមស្លឹកសម្រាប់ពីរនាក់ម្ដាយកូនរស់នៅ។ អ្នកមីងឡាញ ឱ្យដឹង៖ “ខ្ញុំដើរស៊ីឈ្នួលគេ បានត្រឹមតែទប់ទល់ជីវភាពប្រចាំថ្ងៃ គ្មានសេសសល់សម្រាប់សង់ផ្ទះទេ។ ខ្ទមស្លឹកតូចមួយ ដាច់រខេករខាក ភ្លៀងស្រក់ត្រង់ណា ម្ដាយកូនខ្ញុំទិញឈើទល់ យកកៅស៊ូគ្របត្រង់នោះ"។
បងគឹមកាន់ អតីតប្រធានការិយាល័យជនជាតិស្រុកតាមប៊ិញ រ៉ាយរ៉ាប់៖ "ក្នុងដំណើរការផ្សព្វផ្សាយគម្រោងមុខរបររកស៊ីជូនជនរួមជាតិខ្មែរ យើងខ្ញុំត្រួតពិនិត្យនិងសម្រេចចិត្តឧបត្ថម្ភគោឱ្យអ្នកមីងឡាញចិញ្ចឹម។ ទន្ទឹមនឹងនោះ ភូមិភាគក៏ស្នើស្ថានីយទូរទស្សន៍វិញឡុងសង់ផ្ទះមហាសាមគ្គីជូនអ្នកមីង។ មានផ្ទះសម្បែងរស់នៅសមរម្យ គោធាត់ធំល្អ ម្ល៉ោះហើយជីវភាពអ្នកមីងឡាញក៏មានភាពល្អប្រសើរបង្គួរ”។
អ្នកមីងឡាញ ឱ្យដឹងបន្ថែម៖ កូនស្រីរបស់ខ្ញុំរៀនចប់កម្រិតវិទ្យាល័យ ក៏សូមទៅធ្វើការនៅមណ្ឌលឧស្សាហកម្មហ្វាភូ ស្រុកឡុងហូ ម្ល៉ោះហើយរកបានប្រាក់ចំណូលប្រចាំខែ។ អ្នកមីងឡាញ រ៉ាយរ៉ាប់៖ "ពេលកូនស្រីខ្ញុំទៅធ្វើការ ខ្ញុំគិតចង់លក់គោដើម្បីទិញម៉ូតូឱ្យកូនស្រីបើកបរទៅមករាល់ថ្ងៃ កុំឱ្យបង់ខាតប្រាក់ជួលផ្ទះ ប៉ុន្តែពូកាន់ប្រាប់ឱ្យកូនស្រីខ្ញុំធ្វើសំណុំបែបបទបុលទុនឧបត្ថម្ភរបស់រដ្ឋ ពេលមានប្រាក់ខែទើបសងរំលោះបណ្ដើរៗ។ អាស្រ័យដូច្នោះ ទើបខ្ញុំមានគោសម្រាប់ធ្វើទុនរកស៊ី ចំណែកកូនស្រីក៏មានម៉ូតូសម្រាប់ទៅមក"។
ជាអ្នកស៊ូទ្រាំលំបាក ឧស្សាហ៍ព្យាយាមប្រកបការងារដើម្បីចាកភាពក្រីក្រ ម្ល៉ោះហើយអ្នកមីងឡាញ ត្រូវបានភូមិភាគឧទ្ទេសនាមចូលរួមមហាសន្និបាតជនជាតិភាគតិចគ្រប់លំដាប់ថ្នាក់ ។ ថ្ងៃដែលយើងខ្ញុំជួបអ្នកមីងឡាញនៅមហាសន្និបាតជនជាតិភាគតិចខេត្តវិញឡុង អ្នកមីងពាក់អាវបាបាថ្មី។ អ្នកមីងឡាញ ឱ្យដឹង៖ "នេះជាសម្លៀកបំពាក់របស់សាខាសមាគមនារីទើបជូន ខ្ញុំឃើញអាវស្អាតល្មមនឹងខ្លួន ទើបពាក់មកចូលរួមមហាសន្និបាត។ អម្បាញមិញនេះ មានបងប្អូននារីបានសរសើរខ្ញុំពាក់អាវបាបាស្អាត ម្ល៉ោះហើយខ្ញុំរីករាយណាស់។ នេះជាលើកដំបូង ខ្ញុំបានចូលរួមមហាសន្និបាតធំដូចនេះ ម្ល៉ោះហើយខ្ញុំនឹងខិតខំបន្តអភិវឌ្ឍសេដ្ឋកិច្ចដើម្បីបានចូលរួមលើកក្រោយទៀត"៕
ហាថាញ - ថាច់ធី