កន្លងហើយ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តី ផាមមិញជិញ បានដឹកនាំកិច្ចប្រជុំសាមញ្ញនៃរដ្ឋាភិបាល ខែកញ្ញា ឆ្នាំ ២០២១។
នាយករដ្ឋមន្រ្តី ផាមមិញជិញ ដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា។ (រូបថត៖ យឿងយ៉ាង/TTXVN)
នៅក្នុងកិច្ចប្រជុំនេះ រដ្ឋាភិបាលនិងភូមិភាគនានាបានពិភាក្សាអំពីការបង្ការ ប្រឆាំងជំងឺ COVID-១៩ ។ ស្ថានភាពសេដ្ឋកិច្ច - សង្គម ក្នុងខែកញ្ញា និង ៩ ខែដើមឆ្នាំ ២០២១ ដំណោះស្រាយសំខាន់ៗនៅក្នុងប៉ុន្មានខែចុងឆ្នាំ ២០២១ ។ ស្តីពីស្ថានភាពសេដ្ឋកិច្ច - សង្គម រដ្ឋាភិបាលបានយល់ស្របនិងសនិ្នដ្ឋានថា ដោយសារផលប៉ះពាល់នៃជំងឺរាលដាល អត្រាកំណើននៅត្រីមាសទី ៣ ធ្លាក់ចុះយ៉ាងខ្លាំង ទាញកំណើន ៩ ខែដើមឆ្នាំមកនៅត្រឹម ១,៤២% ប៉ុន្តែខឿនសេដ្ឋកិច្ចនៅតែមានចំណុចភ្លឺ។ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព អតិផរណាទាប សមតុល្យសំខាន់ៗត្រូវបានធានា ជាពិសេស សុខមាលភាពសង្គមត្រូវបានយកចិត្តទុកដាក់ជាពិសេសនៅក្នុងស្ថានការណ៍នៃជំងឺរាតត្បាត។ មានមនុស្សជាង ១៨ លាននាក់ ត្រូវបានជំនួយដោយសរុបទឹកប្រាក់ជិត ១៥.០០០ ពាន់លានដុង។ សន្តិសុខសណ្តាប់ធ្នាប់សង្គមត្រូវបានធានា; ការការពារប្រទេសនិងសន្តិសុខត្រូវបានរក្សាលំនឹង។ កិច្ចការបរទេសត្រូវបានលើកស្ទួយ ជាពិសេសការទូតវ៉ាក់សាំង។ ស្តីពីការបង្ការ ប្រឆាំងជំងឺរាលដាល COVID-១៩ សមាជិកនៃរដ្ឋាភិបាល និងថ្នាក់ដឹកនាំភូមិភាគនានាបានវាយតម្លៃជាឯកច្ឆន្ទថា បន្ទាប់ពីការធ្វើឱ្យប្រសើរឡើង គណៈចង្អុលការជាតិបានយល់ពីស្ថានភាពនេះជាបន្ទាន់ ហើយបានចាត់វិធានការទាន់ពេលវេលា និងប្តូរផ្តាច់ដែលមិនធ្លាប់មានពីមុនមក ដើម្បីដោះស្រាយស្ថានភាពបន្ទាន់ ដែលបង្កឡើងដោយជំងឺរាលដាលនៅទីក្រុងហូជីមិញ និងខេត្តក្រុងមួយចំនួន។ រហូតមកទល់ពេលនេះ ស្ថានភាពនៃជំងឺរាលដាលត្រូវបានគ្រប់គ្រងល្អនៅក្នុងទូទាំងប្រទេស។
ថ្លែងបញ្ចប់កិច្ចប្រជុំ នាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា៖ គ្រប់ជាន់ថ្នាក់ និងគ្រប់វិស័យ ត្រូវយល់ឱ្យបានច្បាស់លាស់និងអនុវត្តឱ្យបានហ្មត់ចត់ ឯកភាព លើទស្សនៈ ដើម្បីបង្ការ ប្រឆាំងជំងឺរាលដាល COVID-១៩ ប្រកបដោយប្រសិទ្ធភាពផង ស្តារនិងជំរុញការអភិវឌ្ឍ-សេដ្ឋកិច្ចផង។ នាយករដ្ឋមន្រ្តី បានស្នើឱ្យក្រសួង ផ្នែក និងភូមិភាគនានា ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ ព្រមៗគ្នា ប្រកបដោយប្រសិទ្ធភាពនូវទិសដៅ ភារកិច្ច និងដំណោះស្រាយតាមសេចក្តីសម្រេចចិត្ត និងសេចក្តីសន្និដ្ឋានរបស់បក្ស រដ្ឋសភា រដ្ឋាភិបាលនិងតាមកិច្ចចង្អុលការរបស់នាយករដ្ឋមន្រ្តី; ធានាការធ្វើចរាចរទំនិញ និងការធ្វើដំណើរទៅមករបស់ប្រជាជនបានរលូនទាំងក្នុងខេត្តនិងអន្តរខេត្ត ដោយមិនបង្កឱ្យមានការកកស្ទះ មិនទុកឱ្យភូមិភាគណាធ្វើទៅតាមភូមិភាគនោះឡើយ; អនុវត្តបណ្តាដំណោះស្រាយដើម្បីស្តារ សកម្មភាពឡើងវិញនៅតំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ច តំបន់កែច្នៃនាំចេញ. ទន្ទឹមនឹងនោះ ដោះស្រាយនូវការលំបាក ឧបត្ថម្ភអាជីវកម្ម ដើម្បីរក្សាការបញ្ជាទិញ រក្សាសង្វាក់ផ្គត់ផ្គង់និងសង្វាក់ផលិតកម្ម; ធានាសុខុមាលភាពសង្គម សន្តិសុខប្រជាជន ស្ថិរភាពនយោបាយនិងសង្គម; អនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយឧបត្ថម្ភដល់កម្មករនិយោជិត និងនិយោជក ...៕
យោង៖ កាសែតជនជាតិនិងអភិវឌ្ឍន៍