ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

11/10/2025 - 11:29

បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម ជា​ដំ​ណើរ​ដ៏​កក់​ក្ដៅ​នៃ​គុណ​ធម៌​បក្ស មនោ​សញ្ចេត​នាប្រ​ជា​ជន 

កម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម មិន​ត្រឹម​តែ​ជា​ការ​អនុវត្ត​ជាក់​ស្តែង​នូវ​គោល​នយោ​បាយ​ដ៏​ធំ​របស់​បក្ស​និង​រដ្ឋ ស្តី​ពី​សុខុ​មាល​ភាព​សង្គម​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រីក​សាយ​ភាយ​ស្មារតី​សាម​គ្គី និង​ការ​ចែក​រំលែក​ក្នុង​សហ​គមន៍​ទៀត​ផង។ ផ្ដើម​ពី​កិច្ច​ចង្អុល​ការ​យ៉ាង​ម៉ឺង​ម៉ាត់​របស់​មជ្ឈិម​រហូត​ដល់​ការ​ចូល​រួម​ព្រមៗ​គ្នា​នៃ​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ និង​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ផ្ទះ​ជាង​១១.៤០០​ខ្នង បាន​សាង​សង់​និង​ជួស​ជុល ផ្ដល់​សេច​ក្ដី​សុខ​ដល់​ប្រ​ជា​ជន​ក្នុង​ការ​រស់​នៅ បញ្ជាក់​ពី​សេចក្តី​ស្រ​ឡាញ់​ជន​រួម​ជាតិ មនោ​សញ្ចេត​នា​ជន​ជាតិ។

អត្ថ​បទ​ទី ១ ឈាន​ដល់​គោល​ដៅ​មុន 

ទី​ក្រុង​កឹង​ធើ បាន “​ឈាន​ដល់​គោល​ដៅ​មុន​កំ​ណត់” ក្នុង​កម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម បង្ហាញ​ពី​ស្មារតី​ទទួល​ខុស​ត្រូវ និង​មនោ​សញ្ចេត​នា​ដ៏​ជ្រាល​ជ្រៅ​ចំ​ពោះ​ប្រ​ជា​ជន។ មាន​អង្គ​ការ សហ​គ្រាស​និង​បុគ្គល​ជា​ច្រើន បាន​ព្រួត​ដៃ​គ្នា​ដើម្បី​ក្ដី​ស្រ​មៃ​មាន​ផ្ទះ​សម្បែង​រស់​នៅ​ត្រឹម​ត្រូវ​រាប់​ម៉ឺន​គ្រួ​សារ​ក្លាយ​ជា​ការ​ពិត។

ស្មារតី​ប្តូរ​ផ្ដាច់ និង​ការ​ទទួល​ខុស​ត្រូវ

កម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម មាន​អត្ថ​ន័យ​ដ៏​សំ​ខាន់ និង​មនុស្ស​ធម៌​ដ៏​ខ្ពង់​ខ្ពស់ ដូច្នេះ គណៈ​កម្មា​ធិការ​បក្ស និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ជា​មួយ​នឹង​ស្មារតី​ប្រ​ញឹក​និង​ប្តូរ​ផ្ដាច់​បំ​ផុត។ ជា​មួយ​គ្នា​នេះ ក៏​បាន​ខិត​ខំ​ប្រ​មូល​ផ្ដុំ​ធន​ធាន​ពី​ថវិកា និង​អំ​ពាវ​នាវ​ការ​រួម​ចំ​ណែក​របស់​សហ​គ្រាស អង្គ​ការ​នយោ​បាយ - សង្គម និង​សប្បុ​រស​ជន​ទាំង​ក្នុង​និង​ក្រៅ​ទី​ក្រុង ដើម្បី​ព្រួត​ដៃ​អនុវត្ត​កម្ម​វិធី​នេះ​ឱ្យ​បាន​ជោគ​ជ័យ។

សមា​ជិក​ក្លឹប​ជួស​ជុល​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ នៅ​ឃុំ​ថាញ់​ស្វឹង បាន​ជួយ​ប្រ​ជា​ជន​ក្នុង​ការ​សង់​ផ្ទះ​ថ្មី។

គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់ ចាប់​ពី​ទី​ក្រុង​រហូត​ដល់​ឃុំ សង្កាត់ បាន​ចូល​រួម​យ៉ាង​សកម្ម មិន​ត្រឹម​តែ​បញ្ឈប់​ត្រង់​ការ​ប្រ​កាស​ដាក់​ចេញ​ឯក​សារ​ចង្អុល​ការ​នោះ​ទេ ថែម​ទាំង​ចុះ​ត្រួត​ពិនិត្យ​ផ្ទាល់ ស្វែង​យល់​អំ​ពី​ស្ថាន​ភាព​គ្រួ​សារ​នីមួយៗ ពិនិត្យ​អង្កេត​តម្រូវ​ការ​និង​លក្ខ​ខណ្ឌ​នៃ​ការ​សាង​សង់ ហើយ​ចលនា​ប្រ​ភព​ធន​ធាន​ដើម្បី​ឧបត្ថម្ភ។ ស្មារតី​ប្តូរ​ផ្តាច់​និង​ការ​ទទួល​ខុស​ត្រូវ​របស់​គណៈ​កម្មា​ធិការ​បក្ស និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​នៅ​ទី​ក្រុង​កឹង​ធើ បាន​បង្ហាញ​ច្បាស់​តាម​រយៈ​សកម្ម​ភាព​ជាក់​លាក់ និង​ច្នៃ​ប្រ​តិដ្ឋ។

តាម​រយៈ​ការ​ពិនិត្យ​អង្កេត និង​ត្រួត​ពិ​និត្យ ឃុំ​តឹង​ហ្វា​មាន​រាប់​សិប​គ្រួ​សារ​គ្រប់​លក្ខណៈ​ទទួល​បាន​ការ​ជំ​នួយ​សាង​សង់​ផ្ទះ។ ក្នុង​ដំ​ណើរ​ការ​អនុវត្ត ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិការ​បក្ស និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ បាន​ចុះ​ទៅ​ផ្ទាល់​ដល់​គ្រួ​សារ​នីមួយៗ ដើម្បី​តាម​ដាន​ល្បឿន​ដំ​ណើរ​ការ ក្រើន​រំ​លឹក​និង​ជួយ​ដោះ​ស្រាយ​បញ្ហា​លំ​បាក​ដែល​ប្រ​ជា​ជន​ជួប​ប្រ​ទះ; បញ្ជូន​កម្លាំង​ប្រ​ជា​ការ​ពារ ក្រុម​យុវ​ជន និង​សមា​គម​ផ្សេងៗ មក​ជួយ​ប្រ​ជា​ជន​ក្នុង​ការ​រុះ​រើ សាង​សង់​និង​ជួស​ជុល​ផ្ទះ។ រដ្ឋ​អំ​ណាច​ភូមិ​ភាគ បាន​ម្ចាស់​ការ​ជួប​ធ្វើ​ការ​ជា​មួយ​ហាង​លក់​សម្ភារៈ​សំ​ណង់ ដើម្បី​ធា​នា​ការ​ទិញ​សម្ភារៈ​សម្រាប់​ប្រ​ជា​ជន​សង់​ផ្ទះ។

បង​ស្រី​ង្វៀង​ធី​ថាញ​ហឿង នៅ​ឃុំ​តឹង​ហ្វា រៀប​រាប់​ដោយ​ការ​កោត​សរ​សើរ៖ “អា​ស្រ័យ​បាន​ថ្នាក់​ដឹក​នាំ​ភូមិ​ភាគ ជួយ​ធានា​ការ​ទិញ​សម្ភារៈ​សំ​ណង់ ហើយ​បាន​បង​ប្អូន​ក្នុង​គ្រួ​សារ​ឱ្យ​ខ្ញុំ​ខ្ចី​ប្រាក់​បន្ថែម ទើប​ប្ដី​ប្រ​ពន្ធ​ខ្ញុំ​អាច​សង់​បាន​ផ្ទះ​ថ្មី​នេះ។ ពី​មុន​ផ្ទះ​តូច ភ្លៀង​ស្រក់​ពេល​ភ្លៀង​ខ្យល់​ម្ដងៗ ធារ​ផ្ទះ​ទឹក​លេច​ប៉​ប៉ិក​ប៉​ប៉ាក់​ណាស់។ ឥ​ឡូវ​នេះ មាន​ផ្ទះ​ថ្មី ខ្ញុំ​ស្ងប់​អា​រម្មណ៍​ទៅ​ធ្វើ​ការ​ងារ ហើយ​ផ្តោត​អា​រម្មណ៍​អភិវឌ្ឍ​សេដ្ឋ​កិច្ច”។

លើ​ភូមិ​ឋាន ភូមិ​២ ឃុំ​វី​ថាញ១ មាន​៤​គ្រួ​សារ​ត្រូវ​ការ​ជំ​នួយ​សាង​សង់​និង​ជួស​ជុល​ផ្ទះ។ លោក​វ៉ថាញ​ឡែ ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​២ ឱ្យ​ដឹង៖ “ក្រៅ​ពី​ប្រ​ភព​ថវិកា​ជំ​នួយ​ពី​រដ្ឋ យើង​ខ្ញុំ​ក៏​បាន​ចលនា​សាច់​ញាតិ ឬ​មិត្ត​ភក្ដិ​របស់​គ្រួ​សារ​ដែល​ទទួល​បាន​ជំ​នួយ​ពី​កម្ម​វិធី ប្រ​សិន​បើ​មាន​លទ្ធ​ភាព​នឹង​ជំ​នួយ​ថវិកា​បន្ថែម មិន​ដូច្នោះ​ទេ ក៏​អាច​ចូល​រួម​ជា​កម្លាំង​ពល​កម្ម។ ផ្ទះ​ទាំង ៤ ខ្នង សុទ្ធ​តែ​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​សាច់​ញាតិ ទាំង​ទឹក​ប្រាក់ និង​កម្លាំង​ពល​កម្ម”។

ព្រួត​ដៃ រួម​កម្លាំង​ដើម្បី​ឈាន​ដល់​គោល​ដៅ​មុន​កំ​ណត់

មាន​ផ្ទះ​សម្បែង​រឹង​មាំ គឺ​ជា​ក្ដី​ស្រ​មៃ​របស់​គ្រួ​សារ​អ្នក​មីង​ត្រឹង​ង៉ុក​ណឿ នៅ​ភូមិ​សាង​ម៉ើយ​C ឃុំ​ថាញ់​ស្វឹង។ ផ្ទះ​ចាស់​របស់​គាត់​ទ្រុឌ​ទ្រោម​ខ្លាំង រដូវ​ភ្លៀង​ទឹក​ស្រក់ ហើយ​ធារ​ផ្ទះ​ក៏​សើម។ ពេល​ទទួល​បាន​ជំ​នួយ ៦០​លាន​ដុង​សម្រាប់​សង់​ផ្ទះ​ថ្មី តាម​កម្ម​វិធី​លុប​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន និង​ផ្ទះ​ទ្រុឌ​ទ្រោម អ្នក​មីង​មាន​អារម្មណ៍​រីក​រាយ​ណាស់ ប៉ុន្តែ​ក៏​បា​រម្ភ​ណាស់​ដែរ។ រីក​រាយ​ព្រោះ​នឹង​មាន​ផ្ទះ​ថ្មី​រឹង​មាំ​នៅ​ឆាប់ៗ​នេះ។ តែ​ព្រួយ​បារម្ភ​ព្រោះ​ផ្លូវ​ដឹក​សម្ភារៈ​សំ​ណង់​ពី​ផ្លូវ​ធំ​ទៅ​ដល់​ផ្ទះ​ចម្ងាយ​ប្រ​ហែល​៣០០​-៤០០​ម៉ែត្រ ត្រូវ​ឆ្លង​កាត់​ស្ពាន​តូចៗ ខណៈ​ដែល​គ្រួ​សារ​មាន​តែ​ប្តី​ប្រ​ពន្ធ​ចាស់ៗ​ពីរ​នាក់​ប៉ុណ្ណោះ បើ​ត្រូវ​ជួល​កម្ម​ករ​ដឹក​សម្ភារៈ​វិញ ក៏​ត្រូវ​ចំ​ណាយ​ច្រើន​ផង​ដែរ។

ដោយ​បាន​សមា​ជិក​ក្លឹប​ជួស​ជុល​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ​របស់​ឃុំ​ថាញ់​ស្វឹង ជួយ​រុះ​រើ​ផ្ទះ​ចាស់ ដឹក​ជញ្ជូន​សម្ភារៈ​សំ​ណង់ និង​សង់​ផ្ទះ​ថ្មី អ្នក​មីង​ណឿ បាន​និយាយ​ដោយ​ក្តី​រំភើប៖ “បើ​គ្មាន​ការ​ជួយ​ពី​ពួក​គាត់​ទេ យើង​ត្រូវ​ចំ​ណាយ​ថវិកា​ច្រើន​ណាស់ ដើម្បី​ជួល​កម្ម​ករ​និង​ជួល​អ្នក​ដឹក​សម្ភារៈ​សំ​ណង់ ខណៈ​ដែល​គ្រួ​សារ​យើង​ក្រី​ក្រ មិន​អាច​បន្ថែម​លើ​ប្រាក់​ជំ​នួយ​៦០​លាន​ដុង​ដែល​រដ្ឋ​ជំ​នួយ​នោះទេ”។

សមា​ជិក​ក្លឹប​ជួស​ជុល​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ​ឃុំ​ថាញ់​ស្វឹង បាន​ចូល​រួម​ទាំង​ធន​ធាន​និង​កម្លាំង​ពល​កម្ម ដើម្បី​ជួយ​សង់​និង​ជួស​ជុល​ផ្ទះ​បាន​១៣​ខ្នង។ ជា​សមា​ជិក​ម្នាក់​នៃ​ក្លឹប​នេះ លោក​ផាម​វ៉ាំង​តឺ ឱ្យ​ដឹង៖ “ដោយ​ផ្អែក​លើ​ស្មារតី “អ្នក​ណា​មាន​អ្វី ក៏​ចូល​រួម​ហ្នឹង” យើង​ខ្ញុំ​បាន​ជួយ​ទាំង​ធន​ធាន​និង​កម្លាំង​ពល​កម្ម ដោយ​គោល​បំ​ណង​ចង់​ឱ្យ​ប្រ​ជា​ជន​ឆាប់​មាន​ផ្ទះ​សម្បែង​រស់​នៅ​ស្រួល​បួល ចំ​ណែក​ភូមិ​ភាគ​ក៏​សម្រេច​ការ​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម​បាន​លឿន​ផង​ដែរ”។

* * *

ដោយ​ស្មារតី​ប្ដូរ​ផ្ដាច់ ការ​ទទួល​ខុស​ត្រូវ​និង​ការ​រួម​កម្លាំង​កាយ​ចិត្ត​របស់​គ្រប់​គ្នា ទី​ក្រុង​កឹង​ធើ បាន​សម្រេច​ការ​សាង​សង់​និង​ជួស​ជុល​ផ្ទះ​ជាង ១១​.៤០០​ខ្នង បាន​មុន​ពេល​កំ​ណត់​របស់​រដ្ឋា​ភិបាល ​ប្រ​ហែល​៣​ខែ។ ភាព​ជោគ​ជ័យ​នោះ មិន​ត្រឹម​តែ​ជា​តួលេខ​ចំ​នួន​ផ្ទះ​ថ្មី​ដែល​បាន​សាង​សង់​ឡើង​នោះ​ទេ ថែម​ទាំង​ជា​ស្មារតី​សាមគ្គី និង​មនុស្ស​ធម៌​ដែល​បាន​បំ​ផុស រីក​សាយ​ភាយ​ក្នុង​សហ​គមន៍​ផង​ដែរ។ នេះ​គឺ​ជា​តម្លៃ​ស្នូល និង​ជា​ភស្តុ​តាង​ដ៏​រស់​រវើក បង្ហាញ​ពី​ទិស​ស្លោក “យក​ប្រ​ជា​ជន​ជា​ស្នូល” បញ្ជាក់​ពី​ទិស​ដៅ​គិត​គូរ​ដល់​សុភ​មង្គល និង​ការ​រស់​នៅ​សុខ​សាន្ត​របស់​ប្រ​ជា​ជន​ត្រូវ​បាន​ចាប់​អា​រម្មណ៍​ជា​ចម្បង។

“ផ្ទះ​មួយ​ខ្នងៗ គឺ​ជា​អំ​ណោយ​មួយ គឺ​ជា​កន្លែង​រស់​នៅ​កក់​ក្តៅ​មួយ ដែល​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ សេចក្តី​ស្រ​ឡាញ់ មនោ​សញ្ចេត​នា​ជន​ជាតិ និង​ស្មារតី​ចែក​រំលែក​របស់​សហ​គមន៍​ទាំង​មូល” នេះ​ជា​ការ​បញ្ជាក់​របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល ផាម​មិញ​ជិញ ពេល​លើក​ឡើង​អំ​ពី​អត្ថ​ន័យ​នៃ​កម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម។ កម្ម​វិធី​នេះ មិន​ត្រឹម​តែ​ជា​គោល​នយោ​បាយ​ធំ​មួយ​ទេ ថែម​ទាំង​ជា​ដំ​ណើរ​នៃ​មនុស្ស​ធម៌ បង្ហាញ​ពី​អត្ថ​ន័យ​ជ្រាល​ជ្រៅ​នៃ​គុណ​ធម៌​របស់​បក្ស និង​មនោ​សញ្ចេត​នា​របស់​ប្រ​ជា​ជន។ ដោយ​ផ្អែក​លើ​ស្មារតី “កម្លាំង​ជំ​រុញ​ពិ​សេស ខិត​ខំ​ប្រឹង​ប្រែង​ពិ​សេស លទ្ធ​ផល​ពិ​សេស” និង “ល្បឿន​លឿន​និង​ស្វា​ហាប់​ជាង​មុន” កម្ម​វិធី​បាន​អនុវត្ត​ព្រមៗ​គ្នា ប្ដូរ​ផ្ដាច់ ជួយ​ដល់​គ្រួ​សារ​ក្រី​ក្រ និង​គ្រួ​សារ​ក្បែរ​ក្រ​រាប់​ម៉ឺន​គ្រួ​សារ​នៅ​ទី​ក្រុង​កឹង​ធើ មាន​ផ្ទះ​សម្បែង​ស្នាក់​នៅ​ពោរ​ពេញ​ដោយ​សេចក្តី​ស្រ​ឡាញ់ ហើយ​មិន​ទុក​ចោល​នរ​ណា​ម្នាក់​នៅ​ក្រោយ​គេ​ឡើយ៕

អត្ថ​បទ​និង​រូប​ថតៈ ទ្រឿង​ស៊ើង - ពេជ្រ​សឿន

ចែករំលែកអត្ថបទ