អាស្រ័យចិញ្ចឹមគោទឹកដោះ ទើបបងសើុងហាង នៅភូមិត្រាបេត ឃុំថាមដូង ស្រុកមីស្វៀង ខេត្តសុកត្រាំង បានចាកផុតពីភាពក្រីក្រ ឈានឡើងធូរធារ។
បងសើុងហាង កំពុងដាក់ចំណីឱ្យគោ។
តាមប្រសាសន៍បង សើុងហាង ឆ្នាំ ២០០៩ បងបានរដ្ឋអំណាចឧបត្ថម្ភគោមួយក្បាល។ ពិនិត្យឃើញបងប្រឹងប្រែង ប្រកបការងាររកស៊ី ម៉្លោះហើយ ឆ្នាំ ២០១៥ បងបានគម្រោងចិញ្ចឹមគោទឹកដោះរបស់ខេត្ត ឧបត្ថម្ភគោ ២ ក្បាលបន្ថែមសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ព្រមជាមួយនោះ បងបានគម្រោងហ្វឹកហាត់បច្ចេកទេសចិញ្ចឹមគោទឹកដោះ ដើម្បីងាយស្រួលក្នុងការចិញ្ចឹម។ ក្នុងរយៈកាលចិញ្ចឹមគោទឹកដោះ បងបានគម្រោងជំនួយបច្ចេកទេសបង្កាត់ពូជ ថែទាំនិងអនាម័យរោងឱ្យស្អាតបាត ស្រឡះស្រឡំ ទើបហ្វូងគោឆាប់ធាត់ធំ។ បងសើុងហាង ឱ្យដឹង៖ ក្រោយរយៈពេលចិញ្ចឹមគោទឹកដោះច្រើនឆ្នាំ ខ្ញុំយល់ថា ការចិញ្ចឹមគោនឿយហត់មែន ប៉ុន្តែប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជាងច្រើនដងបើប្រៀបនឹងការផលិតស្រូវនិងដាំដំណាំរួមផ្សំ។ សំខាន់ចេះរបៀបបង្ការជំងឺអុតក្ដាមលើគោ ដើម្បីហ្វូងគោឆាប់ធាត់ធំ។ ការចិញ្ចឹមគោទឹកដោះ គឺត្រូវក្ដាប់បាននូវបច្ចេកទេសថែទាំ តាមដានសុខភាពនិងអត្រាផ្ដល់ទឹកដោះរបស់គោ។ ក្រៅពីនោះ ចំណីផ្ដល់ឱ្យគោត្រូវធានាគ្រប់ជាតិបំប៉ន ដើម្បីទឹកដោះសម្រេចបរិមាណខ្ពស់និងគុណភាព។ ម៉្យាងទៀត ពូជគោក៏សំខាន់ណាស់ដែរ ត្រូវហ៊ានប្តូរគោចាស់ហើយជ្រើសពូជគោថ្មី (ពូជគោ F១ គឺល្អបំផុត) មកចិញ្ចឹមបន្ត ដើម្បីសម្រេចប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់"។
ដោយក្ដាប់ច្បាស់បច្ចេកទេសថែទាំគោទឹកដោះ ទើបបងសើុងហាង មិនញញើតក្នុងការវិនិយោគទុនសម្រាប់ពង្រីកហ្វូងគោ។ ផ្ដើមពីគោ ៣ ក្បាលមុនដំបូងមកទល់សព្វថ្ងៃ បងសើុងហាងមានគោទឹកដោះចំនួន ១៨ ក្បាល។ ដើម្បីធានាផ្គត់ផ្គង់ចំណីឱ្យគោ បងបានបង្វែរដីផលិតកម្មមិនសូវបានផលមកដាំស្មៅឱ្យគោ ។ ព្រមជាមួយនោះ អនុវត្តបច្ចេកទេសផ្អាប់ចំណីស្ដុកទុកធានាគ្រប់ជាតិបំប៉នសម្រាប់គោទឹកដោះ។ ទន្ទឹមនឹងនោះ បងបានបុលទុនអានុគ្រោះរបស់ធនាគារគោលនយោបាយសង្គម បើកទូលាយរោងចិញ្ចឹមឱ្យស្រឡះស្រឡំ ធ្វើអាងឧស្ម័ន biogas ទិញម៉ាស៊ីនកាត់ស្មៅ ម៉ាស៊ីនចិញ្ច្រាំស្មៅ ម៉ាស៊ីនច្របាច់ទឹកដោះ និងបំពាក់កង្ហារធ្វើឱ្យត្រជាក់រោង ជួយឱ្យហ្វូងគោធាត់ធំនិងជៀសវាងរាល់ជំងឺតម្កាត់ផ្សេងៗក្នុងការចិញ្ចឹម។
បងសើុងហាង ឱ្យដឹងបន្ថែម៖ "បច្ចុប្បន្ន ក្នុងចំណោមគោទាំង ១៨ ក្បាលរបស់ខ្ញុំ គឺមានគោចំនួន ៦ ក្បាលកំពុងយកទឹកដោះ គិតមធ្យមភាគសម្រេចប្រមាណ ១០០ គីឡូក្រាមទឹកដោះក្នុងមួយថ្ងៃ លក់ក្នុងតម្លៃចាប់ពី ១៤.០០០ ដល់ ១៤.៥០០ ដុង/គីឡូក្រាម ក្រោយពីទូទាត់ចំណាយរួច ខ្ញុំនៅចំណេញជាង ៦ លានដុងក្នុងមួយសប្ដាហ៍។ អាស្រ័យមានប្រាក់ចំណូលពីការចិញ្ចឹមគោទឹកដោះ ទើបជីវភាពគ្រួសារខ្ញុំកាន់តែធូរធារ។ មិនត្រឹមតែគ្រួសារខ្ញុំម្នាក់ប៉ុណ្ណោះទេ សព្វថ្ងៃនៅភូមិត្រាបេត មានមាមីងខ្មែរជាច្រើនចាកផុតពីភាពក្រីក្រ មានជីវភាពលំនឹងផ្ដើមពីចិញ្ចឹមគោទឹកដោះផងដែរ"៕
យ្វីអាញ - ថាច់ធី