កើ-ដជាស្រុកមានជនរួមជាតិខ្មែររស់នៅកុះករបំផុតនៅក្រុងកឹងធើ ម្ល៉ោះហើយមាមីងបានទទួលផលពីគោលនយោបាយអនុគ្រោះពិសេសដោយឡែកជាច្រើន។
ដងផ្លូវបានកសាងផ្តើមពីកម្មវិធី ១៣៥ តភ្ជាប់ភូមិថើយស្វឹងនិងថើយទ្រុងនៃឃុំថើយដុង។
លោកត្រឹងត្វឹងវៀត ប្រធានការិយាល័យជនជាតិស្រុកកើ-ដ ឱ្យដឹង៖ ផ្តើមពីប្រភពទុនពីកម្មវិធី ១៣៥ របស់រដ្ឋាភិបាល ឃើញថា ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់មានជនរួមជាតិខ្មែររស់នៅកុះករលើភូមិសាស្រ្តស្រុកបានវិនិយោគកសាងថ្មី បង្កើនកម្រិត ជួសជុលជារឿយៗ ម្ល៉ោះហើយធានាការដោះដូរទំនិញបានងាយស្រួល។ ដងផ្លូវធ្វើដំណើរនៅភូមិលំបាកខ្លាំងចំនួនពីររបស់ឃុំថើយស្វឹង គឺភូមិថើយទ្រឿង និងថើយទ្រឿង១ បានក្រាលបេតុងរួចរាល់ រថយន្តដឹកទំនិញ ធុនតូចអាចបើកបរបាន ម្ល៉ោះហើយកសិផលរបស់ប្រជាជនក្នុងភូមិបានដឹកជញ្ជូនងាយស្រួល ការអភិវឌ្ឍសេដ្ឋកិច្ចកាន់តែល្អប្រសើរ។ បងស្រីយ័ញធីធ្វី នៅភូមិថើយទ្រឿង ១ ឱ្យដឹង៖ "ចាប់ពីមានដងផ្លូវនេះ ឃើញថាងាយស្រួលក្នុងការទំនាក់ទំនងពាណិជ្ជកម្ម ខ្ញុំបានរដ្ឋឧបត្ថម្ភដើមទុនដើម្បីបើកហាងលក់សារពើភ័ណ្ឌនៅផ្ទះ។ រៀងរាល់ថ្ងៃ ខ្ញុំតែងទៅផ្សារទីប្រជុំជនដើម្បីទិញអីវ៉ាន់មកលក់។ ពេលអស់ទំនិញម្តងៗ បើគ្មានពេលទៅយក ខ្ញុំគ្រាន់តែទូរស័ព្ទទៅបន្តិច មានគេយកមកប្រគល់ដល់ផ្ទះភ្លាម។ អាស្រ័យមានផ្លូវធ្វើដំណើរទៅមកបានងាយស្រួល ម្ល៉ោះហើយប្តីខ្ញុំគាត់តែងទៅធ្វើការនៅឯឃ្លាំងស្រូវនៅទីប្រជុំជនថើយឡាយរៀងរាល់ថ្ងៃ។ រកបានប្រាក់ចំណូលលំនឹង ទើបគ្រួសារខ្ញុំបានចាកផុតពីភាពក្រីក្រ"។ បងឡេវៀតខ្វា ប្រធានគណៈកម្មាធិការប្រជាជនឃុំថើយស្វឹង ឱ្យដឹង ដោយក្តីរីករាយ៖ "ស្ពានឡុងអុង ២ នៅកណ្ដាលភូមិថើយទ្រឿង ១ ទើបកសាងសម្រេចរួចរាល់ បានតភ្ជាប់ភូមិទាំងនេះនឹងមជ្ឈមណ្ឌលរដ្ឋបាលស្រុកកើ-ដ និងផ្លូវបូងតុង-ម៉ុកង៉ាង ជួយឱ្យប្រជាជនអភិវឌ្ឍសេដ្ឋកិច្ចកាន់តែល្អប្រសើរនៅពេលខាងមុខ"។
ចំណែកនៅឃុំថើយដុង ផ្លូវគមនាគមន៍នៅតាមភូមិនានាបណ្ដោយតាមភ្លឺប្រឡាយកៃសៅ ដូច៖ ថើយទ្រុង ថើយហឹង ថើយស្វឹង។ល។ ក៏បានក្រាលបេតុងរួចរាល់ផងដែរ។ លោកយ័ញថាញ់ លេខាគណៈកម្មាធិការបក្សឃុំថើយដុង ឱ្យដឹង៖ "ឃុំអនុវត្តមានប្រសិទ្ធភាពនូវប្រភពវិនិយោគពិសេសដោយឡែករបស់រដ្ឋ សម្រាប់តំបន់មានជនរួមជាតិខ្មែររស់នៅកុះករ រួមនឹងការគួបផ្សំនូវប្រភពទុនអភិវឌ្ឍសេដ្ឋកិច្ច-សង្គមដទៃទៀត ម្ល៉ោះហើយភូមិភាគតំបន់ជនរួមជាតិខ្មែរមានការអភិវឌ្ឍ ជីវភាពមាមីងកាន់តែមានភាពលូតលាស់"។ នៅឃុំថើយដុង ក្រៅពីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅមានទម្រង់ធ្វើការរកស៊ីចិញ្ចឹមជីវិតជាច្រើនទៀត តែងបានភូមិភាគអនុវត្តគ្រប់គ្រាន់ ព្រមទាំងមានការត្រួតពិនិត្យ ឧបត្ថម្ភប្រជាជនជារឿយៗ ម្ល៉ោះហើយសម្រេចបានប្រសិទ្ធភាពល្អ។ តាមប្រសាសន៍ លោកថាញ់ ទម្រង់ដែលបាននាំមកនូវប្រសិទ្ធភាពនៅលើភូមិសាស្រ្ត ដូចជា៖ ចិញ្ចឹមត្រីផ្ទក់ក្នុងសំណាញ់បណ្ដោយតាមប្រឡាយកៃសៅ ដាំដំណាំរួមផ្សំ និងលក់ដូរជាលក្ខណៈគ្រួសារជាដើម៕
ហាថាញ-វិមាន