វេជ្ជបណ្ឌិត Vishakha Shivdasani អ្នកនិពន្ធសៀវភៅ “Covid and Post Covid Recovery” (បកប្រែថា ជំងឺ COVID និងការជាសះស្បើយក្រោយពីកើតជំងឺ COVID) បានដាក់ចេញនូវផែនការ ៦ ចំណុច ដើម្បីជួយអ្នកជំងឺស្តារសុខភាពឡើងវិញនិងពង្រឹងប្រព័ន្ធភាពសុាំ។
បំពេញបន្លែផ្លែឈើចម្រុះរៀងរាល់ថ្ងៃជួយឱ្យរាងកាយស្ដារសុខភាពឡើងវិញបានល្អជាង។
រូប៖ ShutterStock
១- ជ្រើសរើសអាហារដោយឈ្លាសវៃ។ ចាប់ផ្តើមថ្ងៃថ្មីរបស់អ្នកជាមួយនឹងប្រូតេអីុន មិនមែនកាបូអីុដ្រាតទេ។ កុំខ្លាចសារជាតិម្លាន់។ របបអាហារដែលមានសារជាតិម្លាន់ខ្ពស់ អាចកាត់បន្ថយការហូបច្រើន ប៉ុន្តែអាទិភាពចំពោះសារជាតិម្លាន់ដែលល្អដូចជាប្រេងអូលីវសុទ្ធសាធ ប្រេង mustard ប្រេងផ្លែបឺរ និងប្រេងដូង។ លុបបំបាត់ជាតិស្ករ - អាហារដែលងាយបង្កការរលាកនិងបង្ខាំងភាពសុាំបំផុត - និងអាហារច្នៃស្រាប់។
២- ការពារសុខភាពពោះវៀន។ ធានាថាពោះវៀនមានសុខភាពល្អដោយការផ្តល់នូវបាក់តេរីល្អៗ ដែលប្រយុទ្ធប្រឆាំងនឹងភ្នាក់ងារ បង្កជំងឺ រួមមានទាំង SARS-CoV-2។ បំពេញបន្ថែមសារធាតុ prebiotics (ដូចជាខ្ទឹម, បឺរី, ខ្ទឹមបារាំង, ផ្លែប៉ោមជាដើម) និង probiotics (ទឹកដោះគោយ៉ាអួរ, ជ្រក់ត្រសក់, ជ្រក់ស្ពៃក្តោប, គីមឈីជាដើម) នឹងជួយឱ្យបាក់តេរីមានប្រយោជន៍ចម្រើនល្អ។ បំពេញផ្លែឈើនិងបន្លែចម្រុះពណ៌ទៅក្នុងមុខម្ហូបប្រចាំថ្ងៃរបស់អ្នក។
៣- គេងលក់ស្រួល។ អនុវត្តតាមចង្វាក់ circadian របស់អ្នកចូលគេងក្នុងពេលតែមួយ ជារៀងរាល់យប់ និងភ្ញាក់ឡើងនៅពេលតែមួយជារៀងរាល់ព្រឹក។ គេងរយៈពេលពី ៦-៧ ម៉ោង ដើម្បីរក្សាប្រព័ន្ធភាពសុាំ។
៤- ចលនា។ ហាត់ប្រាណកាត់បន្ថយការរលាកនិងបង្កើនភាពសុាំ។ ហាលពន្លឺព្រះអាទិត្យពេលព្រឹកដើម្បីបង្កើនការស្រូបយកវីតាមីន D ពីពន្លឺព្រះអាទិត្យ។
៥- លុបបំបាត់ភាពតានតឹង។ ស្ត្រេសផ្លូវចិត្តបញ្ចេញ cytokines បង្កឱ្យរលាក អាចបណ្តាលឱ្យហួសចំណុះប្រព័ន្ធភាពសុាំ។ ដូច្នោះ ការអនុវត្តបច្ចេកទេសធ្វើសមាធិ និងការដកដង្ហើមស្មើអាចជួយគ្រប់គ្រងចង្វាក់បេះដូង សម្ពាធឈាម និងកាត់បន្ថយការរលាក ទន្ទឹមនឹងនោះ បញ្ឆេះសកម្មភាពបញ្ចេញនូវសារធាតុ ចម្លងសរសៃប្រសាទនាំមកនូវអារម្មណ៍ល្អ ដូចជា serotonin dopamine និង dopamine។
៦- ជំរុញដំណើរការស្តារឡើងវិញដោយសារធាតុបំពេញបន្ថែម។ វីតាមីន D គឺជាសារធាតុប្រឆាំងអុកស៊ីតកម្ម រលាកនិងអាចបង្កើនប្រព័ន្ធភាពសុាំ។ កង្វះ “វីតាមីនពន្លឺព្រះអាទិត្យ” មានការពាក់ព័ន្ធនឹងការចុះខ្សោយមុខងារសួត។ វីតាមីន C អាចជួយកាត់បន្ថយ CRP ប្រូតេអីុនប្រតិកម្ម C -ដែលជានិមិត្តសញ្ញាដ៏សំខាន់នៃការរលាកចំពោះអ្នកកើតជំងឺ COVID -១៩។ ក្នុងពេលនោះ ម៉ាញ៉េស្យូមគឺជា “ថ្នាំលំនឹងអារម្មណ៍ពីធម្មជាតិ” ដែលអាចជួយសម្រួលដល់ការគេងកាត់បន្ថយការរលាកនិងកាត់បន្ថយស្ត្រេស ក៏ដូចជាធ្វើឱ្យចង្វាក់បេះដូងមានស្ថេរភាព ចំណែកស័ង្កសី ជួយក្នុងការផលិតកោសិកា T កោសិកាឈាមសចាំបាច់សម្រាប់ប្រព័ន្ធភាពសុាំ៕
យោងតាមកាសែតកឹងធើ Online បកប្រែ៖ សុផន