ជនរួមជាតិខ្មែរមានខឿនវប្បធម៌ប្រកបដោយអត្តសញ្ញាណជាតិ មានពិធីបុណ្យជាច្រើនដែលមានលក្ខណៈពិសេស ត្រូវបានរក្សាពីជំនាន់មួយទៅជំនាន់មួយ ។ កម្មវិធីបុណ្យនីមួយៗតែងមានអ្នកដឹកនាំប្រារព្ធពិធីកិច្ចដែលហៅថា អាចារ្យនោះឯង ។
អាចារ្យកាន់មីក្រូ ផ្តើមចាប់ធម៌នមស្ការដឹកនាំមាមីងពុទ្ធបរិស័ទប្រារព្ធសាសននិយមកិច្ច។
អាចារ្យជាអ្នកធ្លាប់បានបួសរៀន មានចំណេះដឹងជ្រៅជ្រះខាងធម៌អាថ៌ និងប្រពៃណីទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរ។ ពិសេស អាចារ្យថែមទាំងជាអ្នកមានសមត្ថភាព អាចដឹកនាំបញ្ចុះបញ្ចូល ហើយជាអ្នកមានប្រជាប្រិយក្នុងភូមិស្រុក តែងបានអ្នកផងទាំងពួងគោរពរាប់អាន។
លោក ថាច់ឡេ ប្រធានគណៈកម្មការវត្ត ចម្បកមាស (ខឿន) ឱ្យដឹង៖ “ប្រសិនបើគ្មានអាចារ្យគឺមិនអាចអនុវត្តប្រារព្ធកម្មវិធីបុណ្យបាននោះទេ។ អ្វីដែលសំខាន់នោះ គឺអាចារ្យបានដឹកនាំ ដាស់តឿនក្រើនរំលឹកមាមីងខ្មែរទូទៅឱ្យអនុវត្តល្អការងារសង្គម ប្រតិបត្តិល្អការងារសាសនា”។
ក្នុងកម្មវិធីបុណ្យនីមួយៗ អាចារ្យនឹងដឹកនាំពីរបៀបរៀបចំ តុបតែងទីសក្ការបូជាជាដើម។ ពោលគឺអាចារ្យជាអ្នកផ្តើមធម៌នមស្ការ ប្រារព្ធសាសននិយមកិច្ចឱ្យសមស្រមទៅតាមកម្មវិធីបុណ្យនីមួយៗ ដើម្បីអ្នកទៅចូលរួមសូត្រតាមផង។ អាចារ្យម្នាក់ៗដំណើរការប្រព្រឹត្តទៅបានរលូន មានលំនាំបែបបទហូរហែ ពិធីបុណ្យនីមួយៗគឺអាស្រ័យបានរៀនសូត្រនិងមានការបង្ហាត់បង្ហាញពីអាចារ្យមុនៗ ។ ម្យ៉ាងទៀត ពួកគាត់តែងសិក្សាស្វែងយល់ពីទំនៀមទម្លាប់ខ្មែរដើម្បីលើកកម្ពស់ចំណេះដឹងសម្រាប់ខ្លួនគាត់ផង។
អាចារ្យកំពុងបង្រៀនអក្សរខ្មែរដល់កូនចៅរដូវវិស្សមកាលនៅវត្តរាជសីមា (គោក)។
ជាទូទៅអាចារ្យតែងចូលរួមបង្ហាត់បង្រៀនអក្សរខ្មែរដល់កូនចៅក្នុងភូមិស្រុកឬក្នុងវត្ត រួមចំណែកក្នុងការអភិរក្សភាសា អក្សរសាស្រ្ត និងវប្បធម៌ប្រវេណីរបស់ជនរួមជាតិខ្មែរទៀតផង។ ព្រះឧបជ្ឈាយ៍ ថាច់សួង ព្រះចៅអធិការវត្តកំពង់និគ្រោធ (កំពង់ជ្រៃ) ស្រុកចូវថាញ់ ខេត្តត្រាវិញ មានថេរដីកា៖ “តួនាទីរបស់អាចារ្យ ក្នុងវត្តសំខាន់ណាស់ ជួយកិច្ចការវត្តអារាម ក៏ដូចកិច្ចការក្នុងសហគមន៍ ឬភូមិស្រុក ។ល។ ដូច្នេះ អ្នកទាំងនេះរួមចំណែកផ្សព្វផ្សាយ អប់រំ មាមីងពុទ្ធបរិស័ទ ពិសេសគឺជំនាន់យុវវ័យឱ្យចៀសវាងនូវអំពើអាក្រក់ បាបគ្រោះសង្គម ហើយប្រព្រឹត្តអំពើល្អដែលមានប្រយោជន៍ដល់សង្គមជាដើម។ ចំពោះការប្រែប្រួលនៃជំងឺ COVID-១៩ កំពុងផ្ទុះរាលដាល អាចារ្យគ្រប់រូបតែងដាស់តឿន ក្រើនរំលឹកមាមីងត្រូវអនុវត្តវិធានការ ៥K ដើម្បីការពារសុខភាព”។
ដោយប្រិយភាពរបស់ខ្លួន អាចារ្យម្នាក់ៗតែងសហការជាមួយរដ្ឋអំណាចភូមិភាគ ផ្សព្វផ្សាយពីគោលមាគ៌ា គោលការណ៍របស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋជូនមាមីងជនជាតិខ្មែរផងដែរ៕
សឺនម៉ាល័យ-លីសៀ