ប៉ុន្មានឆ្នាំមកនេះ ទម្រង់សេដ្ឋកិច្ចសមូហភាពនៅខេត្តសុកត្រាំង ត្រូវបានផ្លាស់ថ្មីដោយឥតឈប់ឈរ រីកចម្រើនទាំងបរិមាណភាព ទាំងគុណភាព និងដំណើរការមានប្រសិទ្ធភាព។ ពិសេសនៅតំបន់ជនរួមជាតិខ្មែរ ទម្រង់សេដ្ឋកិច្ចសមូហភាពបានរួមចំណែកបង្កើនប្រាក់ចំណូលជូនកសិករ។
សហករណ៍គោទឹកដោះ Evergrowth ប្រមូលទិញទឹកដោះគោរបស់សមាជិក។
រយៈពេល៥ឆ្នាំកន្លង ខេត្តសុកត្រាំង បង្កើតបានក្រុមសហការថ្មីចំនួន ៣៨៩ និងសហករណ៍ចំនួន ១១៦។ បច្ចុប្បន្នទូទាំងខេត្ត មានក្រុមសហការចំនួន ១.១៨១ សហករណ៍ ចំនួន ២១៣ និងមានសម្ព័ន្ធសហករណ៍ ១ ដំណើរការក្នុងវិស័យកសិកម្មនិងក្រៅកសិកម្ម។ តាមប្រសាសន៍លោកឡេវ៉ាន់ដាង ប្រធានសម្ព័ន្ធសហករណ៍ខេត្ត បណ្តាសកម្មភាពរបស់ក្រុមសហការ និងសហករណ៍យ៉ាងសម្បូរបែប សមស្របនឹងតម្រូវការសហការ ឬគោលបំណងរបស់សមាជិក។ ដំណាក់កាលសកម្មភាពសមាជិកម្នាក់ៗបានជួយគ្នាទៅវិញទៅមក តាមរយៈការអនុវត្តនូវវិទ្យាសាស្រ្ត-បច្ចេកទេសជឿនលឿន ឬបច្ចេកវិទ្យាទៅក្នុងការបង្កបង្កើនផល ធ្វើអាជីវកម្ម ម្ល៉ោះហើយសហករណ៍រីកចម្រើនទាំងបរិមាណភាពនិងគុណភាព។ គ្រប់ទម្រង់សេដ្ឋកិច្ចសមូហភាពរបស់ខេត្តដែលដំណើរការតែងយកផលប្រយោជន៍របស់សមាជិកជាចម្បង។
តួយ៉ាងដូចសហករណ៍គោទឹកដោះ Evergrowth មានសមាជិកជាង ២.៣០០ នាក់ ដំណើរការតាមរូបភាពយកប្រាក់ចំណេញរបស់កសិករធ្វើជាមូលដ្ឋាន។ លោកហ្វិញយ៉ាងឡាម នាយករងសហករណ៍គោទឹកដោះ Evergrowth ឱ្យដឹង៖ “បច្ចុប្បន្ន សមាជិកសហករណ៍ កាន់តែកើនឡើង មានសមាជិកជនជាតិខ្មែរជាង ៩០%។ សហករណ៍នឹងផ្គត់ផ្គង់គ្រប់សព្វអំពីពូជ បច្ចេកទេស ចំណីនិងឧបករណ៍សម្រាប់ចិញ្ចឹមគោទឹកដោះ។ ហើយសហករណ៍នឹងប្រមូលទិញទឹកដោះគោ ១០០% របស់សមាជិកដែលផ្គត់ផ្គង់ដល់ក្រុមហ៊ុនភាគហ៊ុនទឹកដោះគោ Evergrowth សុកត្រាំង ដែលផលិតទៅជាប្រភេទទឹកដោះគោ Ever milk និងក្រុមហ៊ុនទឹកដោះគោកូហ្គាយហូឡង់។ ជាមួយទម្រង់ស្វយ័តមានច្រកចេញលំនឹង សមាជិកម្នាក់ៗស្ងប់ចិត្តចិញ្ចឹមគោទឹកដោះ ជីវភាពកាន់តែល្អប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ”។ រីឯលោកឡឹមហុង នាយកសហករណ៍ ៣០-៤ នៅឃុំវៀងប៊ិញ ឱ្យដឹង៖ “សហករណ៍មានសមាជិកជាង ២០០ នាក់ ជំនាញផលិតស្រូវគុណភាពខ្ពស់ ជាពិសេសគឺពូជស្រូវ ST ។ ភាគច្រើន សហករណ៍តែងចុះកិច្ចសន្យាជាមួយអាជីវកម្មក្រុមហ៊ុន និងពាណិជ្ជករ ដើម្បីប្រមូលទិញផលិតផលដោយធានាច្រកចេញលំនឹង មានប្រាក់ចំណេញផងដែរ។ បច្ចុប្បន្ន សមាជិកស្ងប់ចិត្តបង្កបង្កើនផល”។
លោកឡេវ៉ាន់ដាង គូសបញ្ជាក់៖ ប្រាក់ចំណូលមធ្យមភាគរបស់សហករណ៍ ១ សម្រេចប្រមាណជាង ៤,២ ពាន់លានដុង/ឆ្នាំ។ សហករណ៍នីមួយៗបានម្ចាស់ការសហការ ចងសម្ព័ន្ធជាមួយអាជីវកម្ម ដើម្បីផ្គត់ផ្គង់សេវាកម្ម ច្រកចូល និងទិញផលិតផលជូនសមាជិក រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព៕
យ្វីអាញ់-លីសៀ