ទម្រង់ “ច្នៃសំរាមទៅជាលុយ” របស់សាខាសមាគមនារីភូមិពាងសំរឹទ្ធិ ឃុំអាងហ៊ីប ស្រុកចូវថាញ់ ខេត្តសុកត្រាំង បានពង្រីកនូវប្រសិទ្ធភាព។ ឆ្លងតាមរយៈនោះ ជួយឱ្យបងប្អូននារីលើក កម្ពស់ស្មារតីក្នុងការការពារបរិស្ថាន បៃតង ជ្រះ ស្អាត។
រៀងរាល់ខែ សមាជិកក្នុងក្រុម “ច្នៃសំរាមទៅជាលុយ” ចេញដំណើរបោសសម្អាតអនាម័យជុំវិញវត្តពាងសំរឹទ្ធិ។
កាលពីឆ្នាំ ២០១៨ ទម្រង់ “ច្នៃសំរាមទៅជាលុយ” ត្រូវបានបង្កើតឡើងដោយមានសមាជិកជាជនជាតិខ្មែរចំនួន ២០ នាក់។ ពេលទើបបង្កើត ក្រុមទទួលបានប្រាក់ជំនួយ ១ លានដុង។ មកទល់ពេលនេះ ចំនួនទឹកប្រាក់កើនឡើងជាង ៤ លានដុង ដោយការលក់ប្រភេទសំរាមជ័រ។ ទឹកប្រាក់ទាំងនេះទុកសម្រាប់ឱ្យសមាជិកខ្ចីដោយមិនគិតប្រាក់ការចុងឆ្នាំសេសសល់នឹងទិញអំណោយជូនគ្នា។ បងស្រីលីវធីយ៉ាន សមាជិកក្រុម ឱ្យដឹង៖ “កាលពីមុនមិនទាន់ចេះបែងប្រភេទសំរាម រៀងរាល់ថ្ងៃទៅផ្សារមកវិញមានថង់នីឡុងដបជ័រតាមដៃ ប្រើរួចហើយគ្រវាត់ចោលអស់។ ពេលចូលរួមក្រុមនារី “ច្នៃសំរាមទៅជាលុយ” នាងខ្ញុំចេះបែងប្រភេទសំរាម ម្ល៉ោះហើយដបជ័រកំប៉ុងទឹកក្រូច កំប៉ុងប៊ីយែរ ឬធុងក្រដាស។ល។ នាងខ្ញុំប្រមូលទុកដើម្បីលក់យកប្រាក់បង់កូនជ្រូកដី ដើម្បីហ៊ុនទុនជួយបងប្អូននារីមានជីវភាពគ្រួសារក្រលំបាក” ក្រៅពីប្រមូលសម្បកកំប៉ុងទឹកក្រូច កំប៉ុងប៊ីយែរ ដបប្រេងឆា ឬដបទឹកស៊ីអុីវ។ល។ បងយ៉ាន ថែមទាំងប្រមូលថង់នីឡុងដែលប្រើហើយ បោកសម្អាត ហាលស្ងួតយកទៅផ្សារដូរយកបន្លែទៀតផង។
បងស្រីឡឹមធីស៊ាង ជាសមាជិកក្រុមនារី “ច្នៃសំរាមទៅជាលុយ” មិនត្រឹមតែចេះបែងប្រភេទសំរាមប៉ុណ្ណោះទេ បងស្រីថែមទាំងអនាម័យផ្ទះសម្បែងស្រឡះស្រឡំ ស្អាតបាតតាំងពីចង្ក្រានជើងឆ្នាំង។ មុខផ្ទះ បងស្រីដាំផ្កាបង្កជាទេសភាពបៃតង ជ្រះ ស្អាត។ បងស្រីឡឹមធីស៊ាង ឱ្យដឹង៖ “ការពារបរិស្ថាន ក្រៅពីការប្រមូលសំរាមដាក់ក្នុងធុងត្រូវតាមការកំណត់ហើយ ត្រូវចេះរក្សាអនាម័យកន្លែងមណ្ឌលរស់នៅផង ធ្វើយ៉ាងណាស្អាតបាតដើម្បីកុំឱ្យកើតរុយមូស។ល។ កាត់បន្ថយជំងឺដម្កាត់។ ផ្ទះស្អាតបាត ស្រឡះស្រឡំអ្នកណាក៏ចូលចិត្ត ម្ល៉ោះហើយនាងខ្ញុំតែងជំរុញទឹកចិត្តបងប្អូននារីនៅជុំវិញ គប្បីការពារបរិស្ថានផ្តើមពីកិច្ចការតូចតាច ដូច៖ មិនចោលសំរាមរាយប៉ាយ ដាក់សំរាមត្រូវតាមការកំណត់ សម្អាតអនាម័យផ្ទះសម្បែងឱ្យស្អាតបាត។ល។”។
បងស្រីផាមធីង៉ុកប៊ិត ប្រធានសមាគមសហព័ន្ធនារីឃុំអាងហ៊ីប ឱ្យដឹង៖ ទម្រង់ “ច្នៃសំរាមទៅជាលុយ” របស់សាខាសមាគមនារីភូមិពាងសំរឹទ្ធិ បានពង្រីកនូវប្រសិទ្ធភាពនិងកំពុងពង្រីកទៅតាមភូមិផ្សេងៗ។ ជាពិសេសសមាជិកក្នុងក្រុមមានស្មារតីភ្ញាក់រលឹកការពារបរិស្ថាន នោះគឺការពារដល់ខ្លួនយើងនិងសហគមន៍។ អាស្រ័យហេតុនោះ មិនត្រឹមតែសម្អាតផ្ទះប៉ុណ្ណោះទេ រៀងរាល់ខែ ពួកគាត់នៅទាំងចេញដំណើរបោសស្អាតអនាម័យផ្លូវថ្នល់ និងជុំវិញវត្តពាងសំរឹទ្ធិ ជ្រះស្អាតផង។ ផ្តើមពីនោះ ញុាំងឱ្យទម្រង់កាន់តែរីកសាយភាយដល់ប្រជាជនដើម្បីសាមគ្គីរួមកម្លាំងការពារបរិស្ថានបៃតង ជ្រះ ស្អាត៕
យ្វីអាញ់-លីសៀ