ប៉ុន្មានថ្ងៃនេះ កសិករនៅទីរួមខេត្តវិញចូវ ខេត្តសុកត្រាំង កំពុងប្រមូលផលដំណាំស្ពៃមើម ត្រៀមបម្រុងផ្គត់ផ្គង់ទីផ្សារបុណ្យចូលឆ្នាំថ្មីវៀតណាម២០២០ ពោរពេញដោយភាពរីករាយព្រោះដំណាំបានផល។
កសិករនៅវិញចូវ កំពុងប្រមូលផលស្ពៃមើម។
រដូវឆ្នាំ២០១៩-២០២០ កសិករនៅវិញចូវដាំដំណាំស្ពៃមើមលើផ្ទៃដីជាង១.០០០ហិកតា សម្រេចទិន្នផលប្រមាណ៨តោន/ហិកតា។ តាមប្រសាសន៍កសិករ ស្ពៃមើមជាប្រភេទដំណាំដាំរយៈពេលខ្លី ចំណាយទុនតិច ងាយលក់ ឈ្មួញពុំសូវបញ្ចុះថ្លៃ។ ស្ពៃមើមបើសិនបានថ្លៃមាមីងនឹងលក់ភ្លាម តែបើថោកវិញគាត់ហាលស្ងួតប្រឡាក់អំបិលធ្វើឆៃប៉ូវ។ ពេលបានថ្លៃ ទើបកសិករនាំទៅទីផ្សារលក់។
ក្នុងមួយឆ្នាំ កសិករដាំស្ពៃមើម២រដូវ។ បងថាច់ដេន នៅសង្កាត់២ ទីរួមខេត្តវិញចូវ ឱ្យដឹង៖ "គ្រួសារខ្ញុំដាំស្ពៃមើមជាច្រើនឆ្នាំមកហើយ។ រដូវនេះ គ្រួសារខ្ញុំដាំជាង១កុង អាស្រ័យអាកាសធាតុអំណោយផល ដំណាំស្ពៃមើមបានផលកាក់កប។ ជាច្រើនឆ្នាំមកនេះ ពេលប្រមូលផល ខ្ញុំស្តុកទុកធ្វើឆៃប៉ូវ ពីព្រោះឆៃប៉ូវឱ្យតែលក់បានតម្លៃពី៥.០០០-៦.០០០ដុង/គីឡូក្រាម បន្ទាប់ពីទូទាត់រួចនៅចំណេញពី១០-១៥លានដុង/កុង ពុំនោះសោតឡើងដល់២០លានដុង/កុងក៏សឹងមាន ម្យ៉ាងទៀតច្រកចេញលំនឹង ពុំខ្លាចឈ្មួញបញ្ចុះថ្លៃឡើយ។ ចំណែកបងចូវសុរិយា នៅសង្កាត់២ ឱ្យដឹង៖ "ប៉ុន្មានឆ្នាំមុន ដាំខ្ទឹមក្រហមខាតទុន ចំណាយដើមទុនច្រើន ហើយពិបាកលក់ទៀត ម៉្លោះហើយឆ្នាំនេះ ខ្ញុំប្ដូរមកដាំស្ពៃមើមវិញ។ រដូវនេះ ខ្ញុំដាំស្ពៃមើមបានជាង១កុង ទើបប្រមូលផលបានជាង៨តោន/កុង ខ្ញុំស្តុកទុកធ្វើឆៃប៉ូវទាំងអស់។ ដាំស្ពៃមើមធ្វើឆៃប៉ូវលក់ពេលណាក៏នៅតែចំណេញ មិនខ្លាចបញ្ចុះថ្លៃ ច្រកចេញលំនឹង ធានាប្រាក់ចំណូល"។
ចំពោះកសិករនៅវិញចូវ ស្ពៃមើមត្រូវបានចាត់ទុកជាដំណាំ"ហូបឆ្ងាញ់"។ រដូវកាលដាំស្ពៃមើមឆ្នាំ២០១៩-២០២០ អំណោយផល កសិករនៅវិញចូវទទួលអំណរបុណ្យចូលឆ្នាំកាញទីឆ្នាំ២០២០ កាន់តែមានភាពសប្បាយរីករាយ៕
លីធាន-មុនី