ព្រឹកថ្ងៃ២១ ខែតុលា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីប្រធានរដ្ឋសភា លោកស្រីង្វៀនធីគីមង៉ឹន រដ្ឋសភានីតិកាល XIV នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បើកសម័យប្រជុំពេញអង្គ លើកទី៨ នៅអគាររដ្ឋសភា រដ្ឋធានីហាណូយ ។
ប្រធានរដ្ឋសភា លោកស្រីង្វៀនធីគីមង៉ឹន ថ្លែងការណ៍បើកសម័យប្រជុំ។ (រូប៖ យ៉្វងតឹង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
នៅសម័យប្រជុំនេះ រដ្ឋសភានឹងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន១៣ និងព្រាងសេចក្តីសម្រេចចំនួន៣ រួចផ្តល់មតិយោបល់លើសេចក្តីព្រាងច្បាប់ចំនួន៩ទៀត។ ដូច្នេះ រដ្ឋសភានឹងចំណាយពេលដើម្បីធ្វើការពិនិត្យ ព្រមទាំងសម្រេចលើបញ្ហាសេដ្ឋកិច្ច-សង្គម ថវិការដ្ឋ និងពិនិត្យរាល់បញ្ហាសំខាន់ៗឯទៀត។ ក្រៅពីនេះ រដ្ឋសភានឹងធ្វើការពិនិត្យ អនុម័តលើសេចក្តីសម្រេច ស្តីពីការដោះស្រាយប្រាក់ពន្ធដារ ចំពោះអ្នកបង់ពន្ធដែលគ្មានលទ្ធភាពដើម្បីបង់ពន្ធជូនរដ្ឋ និងសេចក្តីសម្រេចផ្សេងៗមួយចំនួន; ធ្វើការពិនិត្យ និងសម្រេចលើការអនុគ្រោះពន្ធផ្ដល់សិទ្ធិទាញយកផលរ៉ែ និងទាញយកផលធនធានទឹក (បញ្ចូលទៅក្នុងសេចក្តីសម្រេចរួមនៃសម័យប្រជុំ)។
រដ្ឋសភានឹងធ្វើការពិនិត្យលើរបាយការណ៍ ស្តីពីលទ្ធផលអនុវត្តផែនការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងថវិការដ្ឋឆ្នាំ២០១៩ សេចក្តីសម្រេចលើផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ចំណូលចំណាយថវិការដ្ឋ គម្រោងរំសាយថវិកាមជ្ឈិមឆ្នាំ២០២០ (ក្នុងនោះ មានខ្លឹមសារស្តីពីបំពេញ បន្ថែមគ្រោងថវិការដ្ឋឆ្នាំ២០១៩ ផងដែរ (ដើមទុនបរទេស) បានផ្តល់ជូនខេត្តចំនួន៣ គឺខេត្តហាទិញ ក្វាងប៊ិញ និងខេត្តត្រាវិញ ព្រមទាំងដើមទុនជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃប្រទេសអៀរឡង់ ផ្តល់សម្រាប់ឃុំលំបាកពិសេស ចំណុះកម្មវិធី១៣៥; ធ្វើការពិនិត្យលើរបាយការណ៍សិក្សាជាវិជ្ជមាន ស្តីពីគម្រោងអាកាសយានដ្ឋានអន្តរជាតិឡុងថាញ់ ដំណាក់កាលទី១ ធ្វើការពិនិត្យ និងសម្រេចលើគម្រោងទូទៅដែលវិនិយោគអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជន ជាតិភាគតិច តំបន់ភ្នំ និងតំបន់ដែលមានលក្ខណៈសេដ្ឋកិច្ច-សង្គមលំបាកពិសេស; ពិនិត្យនិងសម្រេចលើការប្រើប្រាស់២០% នៃថវិកាដែលទូទាត់លើមូលនិធិពិនិត្យ ព្យាបាលជំងឺដោយប្រើធានារ៉ាប់រងសុខាភិបាលឆ្នាំ២០១៥។ល។ រាល់របាយការណ៍ ការងាររបស់ប្រធានតុលាការប្រជាជនកំពូល ប្រធានសភាអយ្យការប្រជាជនកំពូល; របាយការណ៍របស់រដ្ឋាភិបាល ស្តីពីការងារបង្ការបង្ក្រាបបទល្មើស និងការប្រព្រឹត្តខុសច្បាប់ ការងារអនុវត្តសាលក្រមនិងការងារប្រឆាំងអំពើពុករលួយឆ្នាំ២០១៩ ត្រូវបានស្នើទៅរដ្ឋសភាដើម្បីធ្វើការពិនិត្យ។
រដ្ឋសភានឹងស្តាប់មតិពីគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ធ្វើសេចក្តីរាយ ការណ៍បូកសរុបយោបល់ និងសំណើពីម្ចាស់ឆ្នោត និងប្រជាជនដែលផ្ញើមកកាន់សម័យប្រជុំលើកទី៨ នីតិកាលXIV គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ធ្វើសេចក្តីរាយការណ៍ពីលទ្ធផលនៃការត្រួតពិនិត្យ ការដោះស្រាយសំណើរបស់ម្ចាស់ឆ្នោត ដែលផ្ញើមកកាន់កាលពីសម័យប្រជុំលើកទី៧ នីតិកាលXIVផងដែរ រដ្ឋាភិបាលធ្វើសេចក្តីរាយការណ៍ ស្តីពីការងារកិច្ចការបរទេសសម្រាប់រដ្ឋឆ្នាំ២០១៩។
ចំពោះសកម្មភាពត្រួតពិនិត្យកំពូល រដ្ឋសភានឹងដំណើរការត្រួតពិនិត្យលើបធានបទ “ការ អនុវត្តគោលនយោបាយច្បាប់ស្តីពីបង្ការនិងពន្លត់អគ្គិភ័យ ដំណាក់កាលឆ្នាំ២០១៤-២០១៨"។ រដ្ឋសភានឹងចំណាយពេល៣ថ្ងៃ ដើម្បីដំណើរការចោទសួរនិងឆ្លើយបំភ្លឺ ធ្វើការពិនិត្យ សម្រេចលើការងារបុគ្គលិកនិងពិនិត្យ អនុម័តលើសេចក្តីសម្រេចរួមនៃសម័យប្រជុំ៕
យោង៖ ហ្វិញហ្វា (ទីភ្នាក់ងារសារព័ត៌មានវៀតណាម)ប្រែសម្រួល៖ លីសៀ